រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកលោក Jeff Sessions បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២ មីនា ថា លោកនឹងដកខ្លួនចេញពីការស៊ើបអង្កេតនាពេលបច្ចុប្បន្ន ឬអនាគត ពាក់ព័ន្ធនឹងការលូកដៃរបស់រុស្ស៊ីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦។ ខណៈពេលមានរឿងរ៉ាវចម្រូងចម្រាសជុំវិញកិច្ចជំនួបចំនួនពីរលើកកាលពីឆ្នាំមុនរវាងលោក Sessions និងឯកអគ្គរដ្ឋទូតរុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក លោកប្រធានាធិបតីដូណាល់ ត្រាំបានលើកឡើងសារជាថ្មីពីជំនឿជាក់ «យ៉ាងពេញលេញ» របស់លោកទៅលើរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រូបនេះ។ ស្របពេលជាមួយគ្នានេះដែរ តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យក៏បានអំពាវនាវសារជាថ្មីឲ្យលោករដ្ឋមន្រ្តី Jeff Sessions លាលែងពីតំណែង។
បន្ទាប់ពីចូលកាន់តំណែងបានរយៈពេលបីសប្តាហ៍ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Jeff Sessions បានប្រឈមមុខជាមួយនឹងបណ្តាញផ្សព្វផ្សាយ ខណៈពេលមានការកើតឡើងនូវរឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ ដែលអាចកើតមាន។
លោក Jeff Sessions បាននិយាយថា៖ «ខ្ញុំបានសម្រេចថា នឹងដកខ្លួនចេញពីការស៊ើបអង្កេតទាំងឡាយដែលធ្វើឡើងនៅពេលបច្ចុប្បន្ន ឬអនាគតដែលពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក»។
លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌កំពុងប្រឈមមុខនឹងការស៊ើបអង្កេតថ្មីមួយ ខណៈពេលមានសេចក្តីរាយការណ៍កាលពីឆ្នាំមុនថា លោកបានជួបជាមួយនឹងអគ្គរដ្ឋទូតរុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក លោក Sergey Kislyak កាលពីឆ្នាំមុន ប៉ុន្តែបានខកខានក្នុងការលាតត្រដាងពីជំនួបទាំងនោះអំឡុងពេលសវនាការតែងតាំងកាលពីខែមករា។
លោក Sessions ដែលជាអ្នកគាំទ្រលោកប្រធានាធិបតីត្រាំដំបូងគេបង្អស់មួយរូប បានបដិសេធយ៉ាងដាច់អហង្ការទៅលើការចោទប្រកាន់ដែលថា លោកមិនបានផ្តល់ពាក្យពិតពេលផ្តល់សក្ខីកម្មនៅចំពោះមុខព្រឹទ្ធសភា។
«ខ្ញុំសូមនិយាយឲ្យច្បាស់ពីរឿងនេះ គឺថា ខ្ញុំមិនដែលមានជំនួបណាមួយជាមួយនឹងភ្នាក់ងារសម្ងាត់ ឬអ្នកតំណាងរុស្ស៊ីណាមួយទាក់ទងនឹងយុទ្ធនាការឃោសនារបស់លោកត្រាំទេ។ ពាក្យដែលថា ខ្ញុំជាផ្នែកមួយនៃការដោះដូរព័ត៌មានអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោកត្រាំរវាងអ្នកតំណាងរបស់លោកត្រាំនិងអ្នកតំណាងរដ្ឋាភិបាលរុស្ស៊ីគឺ មិនពិតសោះឡើយ»។
ទោះបីជាមានរឿងចម្រូងចម្រាសក៏ដោយ ក៏កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនាកន្លងទៅនេះ លោកត្រាំបានបង្ហាញពីការបន្តគាំទ្ររបស់លោកចំពោះលោក Sessions ដែលជាអតីតសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Alabama ខណៈពេលលោកត្រាំធ្វើដំណើរទស្សនកិច្ចលើនាវាចម្បាំងមួយក្នុងរដ្ឋ Virginia។
នៅក្នុងសេចក្តីថ្លែងការណ៍នៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកប្រធានាធិបតីបានហៅលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថាជា «បុរសស្មោះត្រង់ម្នាក់» ដែលប្រហែលគួរតែឆ្លើយនៅសវនាការឲ្យត្រឹមត្រូវជាងនេះ។
ក្រុមតំណាងរាស្រ្តគណបក្សសាធារណរដ្ឋនៅវិមានសភា Capitolបានជំរុញឲ្យមានការប្រុងប្រយ័ត្ន ដោយលើកឡើងពីព្រឹត្តិការណ៍ ដែលកំពុងតែវិវត្តឡើងជាបន្តបន្ទាប់។
សមាជិកព្រឹទ្ធសភាលោកស្រី Joni Ernst ខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Iowa បាននិយាយថា «ប្រសិនបើមានភស្តុតាងដែលបញ្ជាក់ពីការធ្វើខុសណាមួយ គឺច្បាស់ណាស់ថា រឿងនោះជាការពិត។ ប៉ុន្តែយើងមិនមានភស្តុតាងបញ្ជាក់ការពិតនៅឡើយទេ»។
ប៉ុន្តែតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់នានាកំពុងអំពាវនាវឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Jeff Sessions លាលែងពីតំណែង។
សមាជិកព្រឹទ្ធសភាលោក Charles Schumer ដែលជាមេដឹកនាំក្រុមសំឡេងភាគតិចនៅព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ New York បាននិយាយថា «សម្រាប់តំណែងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺមិនអាចមានការសង្ស័យណាមួយពាក់ព័ន្ធនឹងភាពឥតលម្អៀងនិងយុត្តិធម៌លើតំណែងជាមន្រ្តីអនុវត្តច្បាប់ជាន់ខ្ពស់ក្នុងប្រទេសទេ។ បន្ទាប់ពីរឿងរ៉ាវដែលបានកើតមានឡើង វាច្បាស់ណាស់ថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Sessions មិនមានភាពស្អាតស្អំសម្រាប់តំណែងនេះទេ។ ម្យ៉ាងវិញទៀត ដោយសារតែក្រសួងយុត្តិធម៌មិនគួរស្ថិតនៅក្រោមការរិះគន់ណាមួយនោះទេ ដើម្បីហេតុផលប្រយោជន៍ជាតិជាធំ ម៉្លោះហើយលោករដ្ឋមន្រ្តី Sessions គួរតែចុះចេញពីតំណែង»។
នៅខាងក្រៅក្រសួងយុត្តិធម៌ មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
លោក Daniel Ingram ដែលរស់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និយាយថា លោកព្រួយបារម្ភអំពីទំនាក់ទំនងដែលអាចមានណាមួយរវាងរុស្ស៊ី និងរដ្ឋបាលរបស់លោកត្រាំ។
«ខ្ញុំមិនដឹងអ្វីដែលគាត់បានប្រាប់ទៅឯកអគ្គរដ្ឋទូតរុស្ស៊ី ឬអ្វីដែលឯកអគ្គរដ្ឋទូតរុស្ស៊ីបានប្រាប់ទៅគាត់នោះទេ។ ប៉ុន្តែលោករដ្ឋមន្រ្តីបានគេចវេសមិននិយាយអ្វីសោះលើបញ្ហានេះ និងកំពុងតែមិនទទួលដឹងពីសារៈសំខាន់នៃរឿងនេះ។ អញ្ចឹងហើយ គាត់មិនគួរធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិកនោះទេ»។
យ៉ាងណាក៏ដោយ រឿងចម្រូងចម្រាសពាក់ព័ន្ធនឹងលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ច្បាស់ជានឹងអូសបន្លាយបន្តនៅក្នុងមួយរយៈពេលទៅមុខទៀត៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា