ការ​វាយប្រហារ​លើ​ការិយាល័យ​បោះឆ្នោត​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​នៅ​មុន​ពេល​បោះឆ្នោត​សកល​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​នៅ​ខែកុម្ភៈ​ឆ្នាំ​ក្រោយ

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក Atiku Abubakar បេក្ខជន​ប្រធានាធិបតី​នីហ្សេរីយ៉ា ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៣ នៅទីក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២។

លោ ក Michael Abbatam អ្នកនាំពាក្យ​ប៉ូលិស​នៅ​រដ្ឋImo បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​មាន​ការ​វាយប្រហារ​ថា មន្ត្រី​ប៉ូលិស​បាន​វាយទប់ស្កាត់​ការវាយប្រហារ​មួយ​ក្នុង​ពេល​ព្រឹក​ព្រលឹម​នៅ​អគារ​គណៈកម្មាធិការ​ឯករាជ្យ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ជាតិ (INEC) នៅ​ក្នុង​ទីក្រុង Owerri នៃ​រដ្ឋ Imo ដោយ​បាន​សម្លាប់​ជន​ដៃដល់​ចំនួន​ ៣ នាក់ និង​បាន​ចាប់​ខ្លួន ២ នាក់។

លោក​ថា ប៉ូលិស​ក៏​បាន​រឹបអូស​យក​អាវុធ គ្រឿង​ផ្ទុះ​កែច្នៃ​ និង​យានយន្ត​មួយ​ចំនួន​ផង​ដែរ។

អ្នក​វាយប្រហារ​បាន​គប់​គ្រាប់​ផ្ទុះ​ចូល​ទៅ​ក្នុង​អគារ​របស់គណៈកម្មាធិការ​ឯករាជ្យ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ជាតិ INEC ដោយ​បាន​បំផ្លាញ​អគារ​មួយ​ផ្នែក និង​យានយន្ត​មួយ​ចំនួន​មុន​ពេល​ប៉ូលិស​បាន​បញ្ឈប់​ការ​វាយប្រហារ​នេះ។

នេះ​ជា​ការ​វាយប្រហារ​លើក​ទី៣​ទៅ​លើ​អគារ​គណៈកម្មាធិការ INEC នៅ​រដ្ឋ Imo ចាប់​តាំង​ពី​ដើម​ខែធ្នូ​មក និង​មាន​ការ​វាយប្រហារ​ស្រដៀង​គ្នា​ទៅ​លើ​អគារ​មួយ​នៅ​ស្រុក Orlu ដែល​នៅ​ជិត​ខាង​ និង​ការិយាល័យ​មួយ​ទៀត​នៅ​ស្រុក Oru West នៅ​ដើម​ខែធ្នូ​នេះ។

មិន​មាន​ក្រុម​ណា​មួយ​អះអាង​ទទួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​នេះ​ទេ ក៏ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​បាន​បន្ទោស​ដល់​ក្រុម​បំបែក​ខ្លួន​ខុស​ច្បាប់​មួយ​ឈ្មោះ​ថា ក្រុម​ជនជាតិ​ដើម​ភាគ​តិច Biafra ប៊ីយ៉ាហ្វ្រា ឬ អាយផប់ (IPOB) ចំពោះ​ភាព​គឃ្លើន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​នីហ្សេរីយ៉ា​នេះ។ ក្រុម IPOB បាន​បដិសេធ​ថា​មិន​មាន​ការ​ពាក់ព័ន្ធ​នោះ​ទេ។

លោក Paul James ជា​អ្នក​សម្របសម្រួល​កម្មវិធី​បោះឆ្នោត​នៅ​អង្គការ​គំនិត​ផ្តួចផ្តើម​យុវជន​សម្រាប់​ការ​តស៊ូ​មតិ ការ​រីកចម្រើន និង​ការ​ឈាន​ទៅ​មុខ (YIAGA) ដែល​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ និង​តាមដាន​ការ​បោះឆ្នោត​នៅ​នីហ្សេរីយ៉ា។

លោក​ថា ការ​កើន​ឡើង​ការ​វាយប្រហារ​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នឹង​មាន​ផលប៉ះពាល់។ លោក Paul James បាន​ថ្លែង​ថា៖

«នៅ​ចន្លោះ​ឆ្នាំ២០១៩ និង​ពេល​ឥឡូវ​នេះ មាន​ការ​វាយប្រហារ​ជាង ៥៣ លើក ហើយ​អ្នក​វាយប្រហារ​កំពុង​តែ​មាន​ភាព​ក្លាហាន​ជាង​មុន។ យើង​មាន​ការ​បារម្ភ​ថា​តើ​វា​នឹង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​និង​ទំនុក​ចិត្ត​របស់​គណៈកម្មាធិការ​ឯករាជ្យ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ជាតិ (INEC) កម្រិត​ណា។ យើង​មើល​ឃើញ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​វាយប្រហារ​នេះ​លើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០១៩ ដែល​គណៈកម្មាធិការ INEC ថែម​ទាំង​បាន​ពន្យារពេល​ការបោះឆ្នោត​នៅ​តាម​មណ្ឌល​មួយ​ចំនួន​ទៀត​ផង»។

រូបឯកសារ៖ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ពិនិត្យមើល​សន្លឹកឆ្នោត​នៅ​ឯ​ការិយាល័យ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ទីក្រុង Yola ប្រទេស​នីហ្សេរីយ៉ា ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

រដ្ឋ Imo ជា​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​របស់​ចលនា​បំបែក​ខ្លួន Biafra ហើយ​ការ​ព្យាយាម​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​ក្រុម​បំបែក​ខ្លួន​នេះ​បណ្តាល​ឱ្យ​មាន​អំពើ​ហិង្សា​កើន​ឡើង​នៅ​ក្នុង​រដ្ឋ​នេះ។

ការិយាល័យ​របស់​គណៈកម្មាធិការ INEC នៅ​រដ្ឋ Ebonyi រដ្ឋ Osun និង​រដ្ឋ Ogun ក៏​ជា​គោលដៅ​នៃ​ការ​វាយប្រហារ និង​រង​ការ​វាយប្រហារ​ផង​ដែរ​ក្នុង​ពេល​ថ្មីៗ​នេះ។លោក Paul James បាន​ថ្លែង​ទៀត​ថា៖

«មូលហេតុ​ដែល​ការ​វាយប្រហារ​ទាំង​នេះ​កើន​ឡើង​គឺ​ដោយសារ​គណៈកម្មាធិការ​ឯករាជ្យ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ជាតិ INEC នៅ​តែ​ជម្នះ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​បោះឆ្នោត។ ប្រធាន​គណៈកម្មាធិការ INEC បាន​លើក​ឡើង​ថា ពួកគេ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​បោះឆ្នោត​នេះ។ នេះ​គ្រាន់​តែ​ជា​ការ​ប៉ុនប៉ង​ដើម្បី​រំខាន​ដល់​គណៈកម្មាធិការ INEC ប៉ុណ្ណោះ។ ការ​បោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោត​ដែល​មាន​ការ​ប្រកួត​ប្រជែង​មួយ។ ប្រសិនបើ​ការ​វាយប្រហារ​ដែល​មាន​លក្ខណៈ​គ្រោង​ទុក​នេះ​នៅ​បន្ត​មាន វា​នឹង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​គណៈកម្មាធិការ​ក្នុង​ការ​រៀបចំ​ដំណើរការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​រង​ការ​វាយប្រហារ»។​

លោក Festus Okoye អ្នក​នាំ​ពាក្យ​របស់​គណៈកម្មាធិការINEC បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មិន​មាន​សម្ភារៈ​សំខាន់ៗ​ណា​មួយ​សម្រាប់​ការ​បោះឆ្នោត​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការ​វាយប្រហារ​កាលពី​ថ្ងៃទី១២ ខែធ្នូ​នោះ​ទេ។

គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ​បាន​ចាប់ផ្តើម​ចែក​ប័ណ្ណ​បោះឆ្នោត​អចិន្ត្រៃយ៍ (PVC) ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី១២ ខែធ្នូ​ទៅ​ដល់​អ្នក​បោះឆ្នោត ហើយ​ដំណើរការ​នេះ​នឹង​បន្ត​រហូត​ដល់​ខែមករា។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Godbless Otubure មេដឹកនាំ​នៃ​ក្រុម​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​មួយ​ឈ្មោះ​ថា គំនិត​ផ្តួចផ្តើម​ត្រៀម​ខ្លួន​ដឹកនាំ​អាហ្វ្រិក​បាន​ថ្លែង​ថា ការ​វាយប្រហារ​នេះ​បាន​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អ្នក​បោះឆ្នោត​នៅ​មុន​ការ​បោះឆ្នោត​នៅ​ខែកុម្ភៈ​ខាងមុខ​នេះ។ លោក Godbless Otubure បាន​ថ្លែង​ថា៖

«ពលរដ្ឋ​ទាក់ទង​មក​យើង​ដោយ​និយាយ​ថា ពួកគេ​មិន​ចង់​ទៅ​យក​ប័ណ្ណ​បោះឆ្នោត​អចិន្ត្រៃយ៍ ​ PVC ទៀត​ទេ។ ពួកគេ​គ្រាន់​តែ​មិន​ចង់​ស្លាប់​ប៉ុណ្ណោះ។ ការ​ទទួល​ខុសត្រូវ​របស់​យើង​គឺ​ជំរុញ​ឱ្យ​ពលរដ្ឋ​នីហ្សេរីយ៉ា​ទៅ​បោះឆ្នោត និង​ចូលរួម​ក្នុង​ដំណើរការ​នេះ។ យើង​មិន​គ្រប់គ្រង​យន្តការ​សន្តិសុខ​ទេ។ ខ្ញុំ​មិន​អាច​ធានា​ដល់​ពលរដ្ឋ​នីហ្សេរីយ៉ា​ណា​ម្នាក់​នៅ​ពេល​នេះ​បាន​ថា ខ្ញុំ​អាច​ហៅ​ឱ្យ​យោធា​ឆ្លើយតប​ទៅ​នឹង​អ្វី​មួយ​នោះ​ទេ ដោយសារ​ខ្ញុំ​មិន​មែន​ជា​អាជ្ញាធរ​ទេ»។

ពលរដ្ឋ​នីហ្សេរីយ៉ា​នឹង​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ខាង​មុខ​នេះ ដើម្បី​ជ្រើសរើស​មេដឹកនាំ​បន្ត​ពី​លោក Muhammadu Buhari ដែល​នឹង​ចេញ​ពី​តំណែង បន្ទាប់​ពី​កាន់​តំណែង​អស់ ២ អាណត្តិ​រួច​មក។

គណៈកម្មាធិការINEC ថា ខ្លួន​នឹង​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ដើម្បី​បញ្ជូន​លទ្ធផល​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ធានា​ដល់​ពលរដ្ឋ​នីហ្សេរីយ៉ា​ថា ការ​វាយប្រហារ​លើ​ការិយាល័យ​របស់​ខ្លួន​នឹង​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ២០២៣​ខាង​មុខ​នោះ​ទេ៕