ខ្មាន់កាំភ្លើងរបស់ក្រុម Al-Shabab បានវាយប្រហារសាកលវិទ្យាល័យ Garissa ក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសកេនយ៉ានៅជិតព្រំដែនជាមួយប្រទេសសូម៉ាលី ដោយបានសម្លាប់មនុស្ស១៤នាក់ និងធ្វើឲ្យមនុស្ស៦០នាក់ទៀតរងរបួស។ក្រុមជនសកម្មប្រយុទ្ធ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារបានចាប់ផ្តើមនៅថ្ងៃព្រហស្បត៍នេះនៅក្នុងប្រទេសសូម៉ាលី។
ក្នុងសេចក្តីថ្លែងការណ៍ ក្រុមal-Shabab បាននិយាយថា ការវាយប្រហារនេះ ជាការសងសឹកដល់ការវាយប្រហាររបស់កងទ័ពកេនយ៉ានៅក្នុងប្រទេសសូម៉ាលី។ អ្នកនាំពាក្យឲ្យក្រុមជនសកម្មប្រយុទ្ធ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន កំពុងចាប់ចំណាប់ខ្មាំងគ្រឹស្តសាសនានៅកន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យ ក៏ប៉ុន្តែបានដោះលែងក្រុមអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់។
អ្នកនាំពាក្យម្នាក់ទៀត បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFPថា បេសកកម្មរបស់ក្រុមនោះ គឺសម្លាប់ជនណាដែលប្រឆាំងនឹងក្រុម al-Shabab។
សេចក្តីរាយការណ៍ បានប្រាប់ឲ្យដឹងថា ការវាយប្រហារនៅសាកលវិទ្យាល័យបានចាប់ផ្តើមបន្ទាប់ពីម៉ោង៥ព្រឹកដោយមានការផ្ទុះនៅក្លោងទ្វាចូលបរិវេណសាកលវិទ្យាល័យ។ឆ្មាំការពារសន្តិសុខ២នាក់ បានត្រូវគេរាយការណ៍ថា បានត្រូវសម្លាប់។
កាកបាទក្រហមកេនយ៉ា និយាយថា អ្នករងរបួសភាគច្រើនដោយសារគ្រាប់កាំភ្លើង បានត្រូវដឹកទៅកាន់មន្ទីរពេទ្យក្នុងមូលដ្ឋាន។អ្នករបួស៤នាក់ មានស្ថានភាពធ្ងន់ធ្ងរ។ កាកបាទក្រហមនោះ បានប្រាប់ឲ្យដឹងទៀតថា ទាហាន២នាក់និងជនស៊ីវិលម្នាក់ បានត្រូវដឹកតាមយន្តហោះទៅកាន់រដ្ឋធានី Nairobi៕