ការិយាល័យសិទ្ធិមនុស្សអ.ស.ប. និយាយថា អំពើឃោរឃៅប្រឆាំងនឹងពួកជនស៊ីវិលនៅក្នុងក្រុង Mosul ប្រព្រឹត្តដោយពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម កំពុងកើនខ្លាំងឡើងៗនៅពេលដែលពួកទាហានរដ្ឋាភិបាលអ៊ីរ៉ាក់បានជម្រុលទៅមុខជិតដល់ក្រុងនេះ ដែលឋិតនៅក្នុងផ្នែកខាងជើងនៃប្រទេសអ៊ីរ៉ាក់។
អ្នកស្រី Lisa Schlein រាយការណ៍មក VOA ពីការិយាល័យអ.ស.ប.នៅក្នុងក្រុងហ្សឺណែវថា ការិយាល័យសិទ្ធិមនុស្សអ.ស.ប.និយាយថា ខ្លួនបានទទួលរបាយការណ៍ដែលគួរឱ្យរំខានអំពីការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ និងការប្រហារជីវិតភ្លាមៗនូវកុមារ និងស្ត្រី ព្រមទាំងពួកជនស៊ីវិលប្រុសៗនៅក្នុងក្រុង Mosul។ ការិយាល័យនេះថ្លែងដែរថា ខ្លួនក៏បានទទួលសេចក្តីរាយការណ៍អំពីពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានប្រើប្រាស់ពួកជនស៊ីវិលជាខែលការពារពួកគេដើម្បីបញ្ចៀសកុំឱ្យមនុស្សទាំងនោះចាកចេញពីក្រុងនេះ។
លោក Rupert Colville អ្នកនាំពាក្យខាងសិទ្ធិមនុស្សរបស់អ.ស.ប.និយាយថា លោកមិនអាចបញ្ជាក់ថារបាយការណ៍ទាំងនេះជាការពិតឬយ៉ាងណាទេ ដោយសាររបាយការណ៍ទាំងនេះកំពុងត្រូវបានផ្ទៀងផ្ទាត់ដោយពួកអ្នកសង្កេតការអ.ស.ប.។ ក៏ប៉ុន្តែលោកនិយាយថា ទំហំនៃភាពឃោរឃៅដែលលេចចេញពីសេចក្តីរាយការណ៍ដំបូងៗជាការហួសនិស្ស័យ។
លោកបាននិយាយថា ជាឧទាហរណ៍ពួកបុគ្គលិកអ.ស.ប.នៅក្នុងប្រទេសអ៊ីរ៉ាក់បានទទួលរបាយការណ៍ថាពួករដ្ឋឥស្លាម ដែលមានឈ្មោះថាពួក ISIL ដែរនោះបានសម្លាប់ជនស៊ីវិល១៥នាក់នៅក្នុងភូមិមួយនៅជិតក្រុង Mosul ហើយបានបោះសាកសពពួកជនទាំងនេះទៅក្នុងស្ទឹងមួយដើម្បីបំភិតបំភ័យអ្នកស្រុកឯទៀតៗ។
លោក Colville និយាយថា ការិយាល័យលោកមានសេចក្តីរាយការណ៍អំពីការសម្លាប់ជនស៊ីវិលជិត៨០នាក់ទៀត និងពួកអតីតប៉ូលិសរដ្ឋាភិបាលអ៊ីរ៉ាក់ដោយពួករដ្ឋឥស្លាម នៅពេលបួនថ្ងៃបន្ទាប់មក។ លោកបានថ្លែងថា ជនរងគ្រោះម្នាក់ជាកុមារាមានពិការភាពដែលដើរនៅក្រោយគេ ក្នុងចំណោមពួកមនុស្សមួយក្រុមដែលបានត្រូវបង្ខំឱ្យចាកចេញពីភូមិមួយនៅខាងក្រៅក្រុង Mosul។