លោក Biden ថ្កោលទោស​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន បន្ទាប់ពី​រុស្ស៊ី​បង្កើន​ការ​គំរាម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​ទៅ​កាន់​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង New York កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។​​

នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​រិះគន់​ខ្លាំងៗ​លើ​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បង្កើន​កិច្ច​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មក។

លោក Biden បាន​ថ្លែង​ដូច្នេះ​ថា៖ «យើង​សូម​និយាយ​ឱ្យ​បាន​ច្បាស់។ សមាជិក​អចិន្ត្រៃយ៍​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ឈ្លានពាន​ប្រទេស​ជិតខាង​របស់​ខ្លួន ដោយ​បាន​ប៉ុនប៉ង​លុប​បំបាត់​ប្រទេស​អធិបតេយ្យ​មួយ​ចេញ​ពី​ផែនទី [ពិភពលោក]។»។

លោក​បាន​បន្ថែម​ថា៖ «ប្រទេស​រុស្ស៊ី​បាន​រំលោភ​ដោយ​គ្មាន​អៀនខ្មាស​លើ​គោលការណ៍​ស្នូល​របស់​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​នោះ​គឺ​គ្មាន​អ្វី​សំខាន់​ជាង​ការ​ហាមឃាត់​យ៉ាង​ច្បាស់​មិន​ឱ្យ​ប្រទេស​ណា​មួយ​ដណ្ដើម​យក​ទឹកដី​របស់​ប្រទេស​ជិតខាង​របស់​ខ្លួន»។

កាលពី​ថ្ងៃ​ពុធ នៅ​ក្នុង​ពេល​ជាច្រើន​ម៉ោង​មុន​ពេល​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​ជួប​ប្រជុំ​គ្នា​នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក លោក Putin បាន​ប្រកាស​នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី អំពី​ការ​កេណ្ឌ​ទ័ព​ចំនួន ៣០០.០០០ នាក់​បន្ថែម​ទៀត និង​បាន​សច្ចា​ថា​នឹង​ប្រើ «គ្រប់​មធ្យោបាយ​ដែល​មាន​ទាំង​អស់» ដើម្បី​ការពារ​ទឹកដី​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្រោយ​ការ​ប្រកាស​របស់​តំបន់​ផ្ដាច់​ខ្លួន​មួយ​ចំនួន​នៅ​អ៊ុយក្រែន​ដែល​ចង់​ចូល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី។

លោក Putin បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រជា​ជាតិ​ថា៖ «ប្រសិនបើ​បូរណភាព​ទឹកដី​របស់​ប្រទេស​របស់​យើង​រង​ការ​គំរាមកំហែង យើង​នឹង​ប្រាកដ​ជា​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន​ទាំង​អស់​ដើម្បី​ការពារ​ប្រទេស​និង​ប្រជាពលរដ្ឋ​រុស្ស៊ី។ នេះ​មិន​មែន​ជា​ការ​និយាយ​កម្លា​លេង​នោះ​ទេ»។

ការ​ប្រកាស​នេះ​បាន​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​ថា​រុស្ស៊ី​អាច​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។

លោក Biden បាន​ថ្កោលទោស​លើ «ការ​គំរាមកំហែង​ដោយ​បើក​ចំហ» របស់​លោក Putin «នៅ​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែ​ប្រឆាំង​នឹង​ទ្វីប​អឺរ៉ុប» ថា​ជា «ការ​មិន​ខ្វាយខ្វល់​ចំពោះ​ការ​ទទួល​ខុសត្រូវ» ដែល​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ផ្សេងៗ​ដែល​ហាមឃាត់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។

លោក Biden បាន​បន្ថែម​ថា៖ «ជាង​នេះ​ទៀត រដ្ឋាភិបាល​រុស្ស៊ី​កំពុង​រៀបចំ​ការ​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ​ដើម្បី​ព្យាយាម​ភ្ជាប់​យក​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​អ៊ុយក្រែន ដែល​នេះ​គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ»។

លោក Biden បន្ថែម​ដូច្នេះ​ចង់​សំដៅ​លើ​វិធានការ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ចង់​ធ្វើ​ប្រជាមតិ​លើ​តំបន់​ចំនួន ៤ ដែល​រុស្ស៊ី​កំពុង​ត្រួតត្រា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អំពី​ការ​ចូល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី ដែល​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ជា​ទូទៅ​ថា​ជា​ជំហាន​ដំបូង​នៃ​ការ​ភ្ជាប់​យក​តំបន់​ទាំង​នោះ៕

លោក Michael Pipin នៃ VOA រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។