ជន​ភៀសខ្លួន​អ៊ុយក្រែន​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ារីស

  • Lisa Bryant​

ស្លាក​សញ្ញាប្រាប់​ផ្លូវ​នៅ​ឯ​ Gare de l'Est ក្នុង​ទីក្រុង​ប៉ារីស​សម្រាប់​ជនភៀសខ្លួន​អ៊ុយក្រែន​ទៅ​កាន់​មជ្ឈមណ្ឌល​កាកបាទក្រហម​​ដែល​ផ្ដល់​ម្ហូបអាហារ និង​ជំនួយ​ផ្សេង​ទៀត​ដល់​ពួកគេ។ (Lisa Bryant/VOA)

រថភ្លើង​ធ្វើ​ដំណើរ​មកពី​ក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់ កំពុង​បើក​ចូល​ស្ថានីយ​រថភ្លើង Gare de l'Est នៅ​ភាគ​ខាងជើង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ នេះ​ជា​រថភ្លើង​មួយ​ក្នុង​ចំណោម​រថភ្លើង​មួយ​ចំនួន​ដែល​ដឹក​ជន​ភៀសខ្លួន​អ៊ុយក្រែន​ថ្មីៗ​មក​ដល់​ស្ថានីយ​នេះ​ជា​រៀងរាល់​ថ្ងៃ។

នាង Anastasia Starozhitska និង​ម្តាយ​របស់​នាង​ឈ្មោះ Maria កំពុង​និយាយ​ជាមួយ​បុគ្គលិក​អង្គការ​កាកបាទ​ក្រហម ដែល​មក​ស្វាគមន៍​អ្នក​មក​ដល់​ថ្មី​នៅ​ស្ថានីយ​នេះ។ ស្ត្រី​ទាំង​ពីរ​ទើបតែ​បាន​បញ្ចប់​ការ​ធ្វើដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ។

នាង Starozhitska ថ្លែង​ថា៖ «យើង​មកពី​ទីក្រុង​កៀវ។ ហើយ​នៅ​ថ្ងៃ​វាយ​ប្រហារ​លើ​អង់តែន​ទូរទស្សន៍ យើង​ធ្វើដំណើរ​ទៅ​ទីក្រុង Lviv។ យើង​ស្នាក់នៅ​ក្នុង​ទីក្រុង Lviv ជាមួយ​មិត្តភក្តិ​យ៉ាង​សុខសាន្ត​អស់​មួយ​សប្ដាហ៍ រួច​ហើយ​យើង​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ហើយ​បន្ទាប់មក​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។... នេះ​ពិតជា​រឿង​ចម្លែក​មែន។... យើង​ធ្វើដំណើរ​ពាសពេញ​អ៊ឺរ៉ុប ដោយសារតែ​បុរស​ចម្លែក​ម្នាក់​ដែល​ប្រឆាំង​នឹង​ពិភពលោក‍»។

អ្នកស្រី Maria និង​កូនស្រី​នាង Anastasia Starozhitska ដែល​រត់ភៀសខ្លួន​ពី​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ទើប​តែ​មក​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ (Lisa Bryant/VOA)

«បុរស» ដែល​នាង​បាន​លើកឡើង​នេះ​គឺ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដែល​បាន​បញ្ជា​កងកម្លាំង​យោធា​របស់​លោក​ឲ្យ​ទៅ​វាយប្រហារ​លើ​អង់តែន​ទូរទស្សន៍​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។ ការ​ឈ្លានពាន​របស់​លោក​បង្កើត​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​មួយ​ដែល​កំពុង​តែ​រីក​រាលដាល​កាន់តែ​ធំឡើង។

នាង Starozhitska និង​ម្តាយ​នាង​គឺជា​ផលិតករ​ភាពយន្ត។ ភាពយន្ត​របស់​ពួកគេ ដែល​មាន​ចំណងជើង​ថា «The War of Chimeras» បាន​បញ្ចាំង​នៅតាម​មហោស្រព​ភាពយន្ត​អន្តរជាតិ​ផ្សេងៗ។ ភាពយន្ត​នេះ​និយាយ​អំពី​ជម្លោះ​នៅ​តំបន់ Donbas ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន ក្រោយពី​កង​កម្លាំង​បំបែកខ្លួន​ដែល​គាំទ្រ​រុស្ស៊ី​បាន​ប្រកាស​ឯករាជ្យ។ ភាពយន្ត​នេះ​បាន​ជួយ​ផ្ដល់​នូវ​មូលដ្ឋាន​សម្រាប់​សង្គ្រាម​បច្ចុប្បន្ន​នេះ​នៅ​អ៊ុយក្រែន។

នាង Starozhitska និយាយ​ថា៖ «យើង​ធ្វើ​សង្គ្រាម​ក្នុង​តំបន់ Donbas កាលពី​ឆ្នាំ ២០១៤ ហើយ​នេះ​គឺ​ដូច​នឹង​រឿង​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​អ៊ីចឹង​ដែរ នៅពេល​ដែល​មិត្តប្រុស​របស់​ខ្ញុំ​ទៅ​ធ្វើ​សង្គ្រាម ហើយ​ខ្ញុំ​ទៅ​តាម​គាត់»។

មជ្ឈមណ្ឌល​បណ្ដោះអាសន្ន​របស់​កាកបាទក្រហម​សម្រាប់ទទួល​ស្វាគមន៍ជនភៀសខ្លួន​អ៊ុយក្រែន​ដែល​ទើប​មក​ដល់​ Gare de l'Est នៅ​ប៉ែក​ខាង​ជើង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ (Lisa Bryant/VOA)

ឥឡូវនេះ មិត្ត​ប្រុស​របស់​នាង​កំពុង​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី​ជា​ថ្មី​ម្តងទៀត។ ឪពុក​និង​ជីតា​របស់​នាង​បាន​កន្លែង​ជ្រកកោន​នៅ​ទីក្រុង Lviv។ បុរស​ដែល​មាន​អាយុ​ធ្វើ​ទាហាន​មិន​អាច​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​បានទេ។ នាង​និង​ម្តាយ​របស់​នាង​គឺជា​ជន​ភៀសខ្លួន។

អ្នកស្រី Elodie Esteve គឺជា​បុគ្គលិក​នៃ​អង្គការ​កាកបាទ​ក្រហម​បារាំង។ អង្គការ​របស់​អ្នកស្រី​ធ្វើការ​ជាមួយ​អង្គការ​សប្បុរសធម៌​និង​អាជ្ញាធរ​ក្រុង​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ជួយ​ស្វែងរក​កន្លែង​ជ្រកកោន ជំនួយ​សុខាភិបាល និង​សេវា​ផ្សេងៗ​ទៀត​ជូន​ពលរដ្ឋ​អ៊ុយក្រែន។ សេវាកម្ម​រថភ្លើង SNCF របស់​បារាំង ក៏ដូចជា​សេវាកម្ម​រថភ្លើង​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប​ដែរ អនុញ្ញាត​ឲ្យ​ជន​ភៀសខ្លួន​ជិះ​ដោយ​ឥត​គិត​ថ្លៃ។

អ្នកស្រី Esteve និយាយ​ថា៖ «យើង​មក​ទីនេះ​ដើម្បី​ស្វាគមន៍​ពួកគេ ដើម្បី​ប្រាប់​ពួកគេ​ថា​មិន​អី​ទេ ថា​ពួកគេ​មាន​សុវត្ថិភាព ហើយ​ជួយ​តម្រង់​ទិស​ពួកគេ​អាស្រ័យ​ទៅតាម​គម្រោង​របស់​ពួកគេ។ អ្នក​ខ្លះ​ដឹង​ថា​ខ្លួន​ចង់​ទៅ​ទីណា។ វា​អាច​ជា​ទីក្រុង​មួយ​ទៀត​នៅ​បារាំង ឬ​ក៏​អាច​ជា​ប្រទេស​មួយ​ផ្សេង​ទៀត។ ដូច្នេះ​យើង​ទាំងអស់​គ្នា​មក​ទីនេះ ដើម្បី​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគេ​ឲ្យ​បាន​ទៅ​ដល់​ទីក្រុង​ឬ​ក៏​ប្រទេស​ណា​ដែល​ពួកគេ​ចង់​ទៅ»។

ក្រុម​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​រង់ចាំ​ទទួល​ស្វាគមន៍​ជនភៀសខ្លួន​អ៊ុយក្រែន​ដែល​មក​ដល់តាម​រថភ្លើង​នៅ​ Gare de l'Est ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ (Lisa Bryant/VOA)

កន្លងមក​មាន​ពលរដ្ឋ​អ៊ុយក្រែន​តែ​ប៉ុន្មាន​ពាន់​នាក់​ប៉ុណ្ណោះ ដែល​រក​បាន​កន្លែង​ជ្រកកោន​ក្នុង​ប្រទេស​បារាំង ប៉ុន្តែ​ចំនួន​នេះ​កំពុង​កើនឡើង​យ៉ាង​ឆាប់​រហ័ស។ រដ្ឋាភិបាល​បារាំង​និយាយ​ថា ខ្លួន​សុខចិត្ត​ទទួល​យក​ជន​ភៀសខ្លួន​អ៊ុយក្រែន​រហូត​ដល់ ១០០.០០០ នាក់។

អ្នកស្ម័គ្រ​ចិត្ត​កាកបាទក្រហម​នាង Elodie Esteve ស្ថិត​នៅស្ថានីយ​រថភ្លើង Gare de l'Est ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​អ៊ុយក្រែន​ដែល​ទើប​តែ​មក​ដល់។ (Lisa Bryant/VOA)

ខុសពី​វិបត្តិ​ជន​ភៀសខ្លួន​ឆ្នាំ ២០១៥ របស់​ពលរដ្ឋ​ដែល​មកពី​ទ្វីប​អាហ្វ្រិក ប្រទេស​ស៊ីរី និង​ប្រទេស​ដទៃ​ទៀត ដែល​នៅ​ពេល​នោះ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មាន​ការ​ឆ្លើយតប​ផ្សេងៗ​គ្នា គេ​ឃើញ​ថា​បណ្ដា​ប្រទេស​អឺរ៉ុប​ជាច្រើន​នៅពេល​បច្ចុប្បន្ន​នេះ​បាន​ស្វាគមន៍​ជន​ភៀសខ្លួន​អ៊ុយក្រែន។

អ្នកស្រី Viva ដែលជា​ពលរដ្ឋ​ក្រុង​ប៉ារីស​មកពី​ប្រទេស​លីទុយអានី បាន​មក​ស្ថានីយ៍​រថភ្លើង Gare de l'Est ដើម្បី​មើល​ថា​តើ​មាន​អ្វី​ដែល​គាត់​អាច​ជួយ​បាន។

The Gare de l'Est គឺ​ជា​ស្ថានីយរថភ្លើង​មួយ​ក្នុង​ចំណោម​ស្ថានីយ​រថភ្លើង​ពីរ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​ជនភៀសខ្លួន​អ៊ុយក្រែន​ធ្វើ​ដំណើរ​មក​ដល់។ (Lisa Bryant/VOA)

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ទើបតែ​ឮ​គេ​ថា​ខ្វះ​មនុស្ស​ដែល​ចេះ​និយាយ​ភាសា​រុស្ស៊ី។ ខ្ញុំ​ចេះ​និយាយ​ភាសា​រុស្ស៊ី។ ហើយ​ខ្ញុំ​មក​ទីនេះ​ដោយសារ​មូលហេតុ​មនុស្សធម៌។ ខ្ញុំ​ចង់​ជួយ​ដែរ ពីព្រោះ​មនុស្ស​កាន់តែ​ច្រើន​ឡើង​កំពុង​ធ្វើ​ដំណើរ​មក ហើយ​ពួកគេ​កំពុង​កើត​ទុក្ខ​និង​មិន​ដឹង​ទៅ​ទីណា។ ពួកគេ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើតឡើង​នោះទេ ដូច្នេះ​យ៉ាង​ហោចណាស់​ក៏​យើង​អាច​ជួយ​ពួកគេ​បាន​បន្តិចបន្តួច​ដែរ‍»។

អ្នកស្រី Natalia Palubniak ដែល​ជា​ពលរដ្ឋ​រស់នៅ​ទីក្រុង​ប៉ារីស​ម្នាក់​ទៀត គឺជា​អ្នក​ស្ម័គ្រចិត្ត​ជួយ​បកប្រែ​ភាសា​ឲ្យ​អង្គការ​កាកបាទ​ក្រហម។ អ្នកស្រី​មាន​ដើម​កំណើត​មកពី​ក្រុង​តូច​មួយ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​អ៊ុយក្រែន។

អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​ទើបតែ​ត្រឡប់​មកពី​ប្រទេស​អ៊ុយក្រែន​វិញ​ដើម្បី​នាំ​ម្តាយ​ចំណាស់​របស់​អ្នកស្រី​ទៅ​ប្រទេស​ប៉ូឡូញ។ ប្អូន​ប្រុស​របស់​អ្នកស្រី​ម្នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង Chicago សហរដ្ឋ​អាមេរិក បាន​ត្រឡប់​ទៅ​មាតុប្រទេស​វិញ​ដើម្បី​ជួយ​ក្នុង​វិស័យ​មនុស្សធម៌។

អ្នកស្រី Natalia Palubniak (ឆ្វេង) ជនជាតិ​អ៊ុយក្រែនរស់នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ធ្វើការ​ស្ម័គ្រចិត្ត​នៅ​កាកបាទក្រហម​ដើម្បី​ជួយ​បកប្រែ​ភាសា​ដល់​ជនភៀសខ្លួន​អ៊ុយក្រែន​ដែល​ទើប​តែ​មក​ដល់។ (Lisa Bryant/VOA)

នាង Anastasia Starozhitska និង​ម្តាយ​របស់​នាង​ឈ្មោះ Maria ដែល​អ្នក​ទាំង​ពីរ​គឺជា​ផលិតករ​ភាពយន្ត​នោះ កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​ប៉ារីស​សម្រាប់​ពេល​ឥឡូវ​នេះ។

អ្នកស្រី Maria និយាយ​ថា៖ «មិត្តភក្តិ​របស់​យើង​ជួយ​យើង​ប្រហែល​មួយ​ឬ​ពីរ​សប្ដាហ៍ ហើយ​បន្ទាប់​ពីនោះ យើង​សង្ឃឹម​ថា​សង្គ្រាម​នឹង​ចប់»។

នាង Anastasia Starozhitska មាន​ទំនុកចិត្ត​ថា ពួកគេ​នឹង​ត្រឡប់​ទៅ​ប្រទេស​អ៊ុយក្រែន​វិញ​នៅ​ថ្ងៃ​ណា​មួយ។

នាង​ថ្លែង​ដូច្នេះ​ថា៖ «ចាស! ពិតប្រាកដ​ហើយ។ យើង​ត្រូវការ​តែ​ជ័យជម្នះ​ប៉ុណ្ណោះ‍»។

ស្ត្រី​ទាំងពីរ​បាន​បញ្ជាក់​ថា អ្វី​ដែល​កំពុង​រង់ចាំ​ពួកគេ​នៅ​ផ្ទះ​គឺ​ទូ​ទឹកកក​មួយ​ដែល​ពោរពេញ​ទៅដោយ​ម្ហូបអាហារ និង​សមាជិក​ក្រុម​គ្រួសារ​ទាំងអស់៕


ប្រែ​សម្រួល​ដោយ​លោក ប៉ូច រាសី