ក្រុមបុគ្គលិកជួយសង្គ្រោះក្នុងប្រទេសតួកគី កាលពីថ្ងៃសៅរ៍ បានធ្វើការគ្មានឈប់ឈរ ដើម្បីជួយយកសាកសពមនុស្សម្នាក់ផ្សេងទៀតចេញពីគំនរអគារបាក់បែកនៅក្នុងសង្កាត់ Bayrakli នៃក្រុង Izmir ដែលរងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានធ្វើឲ្យទឹកសមុទ្រឡើងហូរ ជារលកស៊ូណាមីតូចៗចូលក្នុងក្រុងមាត់សមុទ្រនេះផងដែរ។
ការរញ្ជួយដីនេះ បានធ្វើឲ្យកក្រើកទីក្រុង Izmir ដែលជាទីក្រុងធំជាងគេបង្អស់ទី៣ នៃប្រទេសតួកគី ហើយក៏បានប៉ះកោះក្រិក Samos នៅក្បែរនោះដែរ កាលពីព្រឹកថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងតិច៣០នាក់ ២៨នាក់នៅតួកគី និង២នាក់នៅក្រិក ហើយបានធ្វើឲ្យមនុស្សជាង៨០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមតួលេខរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters។
អភិបាលក្រុង Izmir គឺលោក Yavuz Selim Kosger បានថ្លែងថា មានមនុស្ស៧០នាក់ ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអគារចំនួន៤ ដែលត្រូវបំផ្លាញ ហើយនឹងសំណង់ជាង១០ផ្សេងទៀតដែលដួលរលំ។
នៅពេលការរញ្ជួយដីនេះកើតឡើង គេឃើញអ្នកក្រុងបានរត់ចេញដោយការភ័យស្លន់ស្លោរ នៅតាមផ្លូវនៃក្រុង Izmir ដែលមានប្រជាជនចំនួនប្រមាណជា ៤លាននាក់។
មជ្ឈមណ្ឌលវាស់កម្រិតរញ្ជួយដីរបស់អឺរ៉ុបប្រចាំសុមទ្រមេឌីទែរ៉ាណេសន្និដានបឋមថា រញ្ជួយដីក្នុងសមុទ្រនេះ មានកម្រិត ៦,៩ រិចទ័រ និងមានប្រភពនៅចម្ងាយ៣២គីឡូម៉ែត្រ ពីឆ្នេរសមុទ្រតួកគី៕