ក្រុមមន្ត្រីនិយាយថា គ្រោះរញ្ជួយដីមួយ ដែលមានកម្រិតខ្លាំងបំផុតក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ បានកើតឡើងនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអាទិត្យ ដែលបានធ្វើឱ្យរង្គើលំនៅឋាន និងអគារនានា។
មជ្ឈមណ្ឌលជាតិពិនិត្យអាកាសធាតុនៅទីក្រុង Greenville រដ្ឋ South Carolina បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,១ កើតឡើងកាលពីម៉ោង ៨:០៧ នាទីព្រឹក បន្ទាប់ពីមានគ្រោះរញ្ជួយដីតូចៗមួយចំនួនកើតឡើងប៉ុន្មានម៉ោងមុននេះ។
មិនមានសេចក្ដីរាយការណ៍ភ្លាមៗថាគ្រោះរញ្ជួយដីនេះបង្កឱ្យមានការបំផ្លិចបំផ្លាញ ឬបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។
នេះគឺជាគ្រោះរញ្ជួយដីខ្លាំងបំផុតដែលបានកើតឡើងនៅក្នុងរដ្ឋនេះ ចាប់តាំងពីឆ្នាំ ១៩១៦ មក ដែលនៅពេលនោះគ្រោះរញ្ជួយដីកម្រិត ៥,៥ បានកើតឡើងនៅក្បែរតំបន់ Skyland ក្នុងរដ្ឋនេះ។ នេះបើយោងតាមការបញ្ជាក់របស់មជ្ឈមណ្ឌលជាតិពិនិត្យអាកាសធាតុ៕