មនុស្ស​យ៉ាង​ហោច​ណាស់​២៣​នាក់​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​សាឡាង​នៅ​ឥណ្ឌូណេស៊ី

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្វែង​រក​ជន​រងគ្រោះ​នៅ​ក្នុង​កម្ទេច​សាឡាង​ដែល​ត្រូវ​ភ្លើង​ឆេះ កាល​ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ២០១៧។

មនុស្ស​យ៉ាង​ហោច​ណាស់​២៣​នាក់​បាន​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​សាឡាង​ ដែល​ដឹក​មនុស្ស​ជាង​២០០​នាក់​ទៅ​កាន់​កោះ​ភាគ​ខាង​ជើង​នៃ​រដ្ឋធានី​ហ្សាការតា​ របស់​ប្រទេស​ឥណ្ឌូណេស៊ី ​កាល​ពី​ថ្ងៃ​អាទិត្យ​ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី។

ភ្លើង​នេះ​បាន​ចាប់​ផ្តើម​ឆាប​ឆេះ​សាឡាង​នេះ​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សាឡាង​នេះ​បាន​ចាក​ចេញ​ពី​កំពង់​ផែ ​Muara Angke ​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កោះ​ Tidung​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ​៥០ គីឡូម៉ែត្រ​ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ហ្សាការតា​ នេះ​បើ​យោង​តាម​លោក ​Sutopo Purwo Nugroho អ្នក​នាំ​ពាក្យ​ទីភ្នាក់​ងារ​ការពារ​គ្រោះ​មហន្តរាយ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ។ ក្រៅ​ពី​អ្នក​ដែល​បាន​ស្លាប់​ ក៏​មាន​អ្នក​របួស​និង​បាត់​ខ្លួន​រាប់​សិប​នាក់​ផង​ដែរ។

លោក​ Seply Madreto​ មន្ត្រី​មួយ​រូប​នៃ​ទីភ្នាក់ងារ​ការពារ​គ្រោះ​មហន្តរាយ​ប្រចាំ​តំបន់​នោះ​បាន​ថ្លែង​ប្រាប់​ស្ថានីយ៍​ទូរទស្សន៍ ​MetroTV របស់​ឥណ្ឌូណេស៊ី​ថា ​ភ្លើង​នោះ​បាន​ឆាប​ឆេះ​សាឡាង​នោះ​អស់​ប្រហែល​ពាក់​កណ្តាល​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

លោក ​Ardi ​ដែល​ធ្វើ​ដំណើរ​លើ​សាឡាង​នោះ​ជា​មួយ​នឹង​កូន​ប្រុស​របស់​លោក ហើយ​បានរួច​ផុត​ជីវិត​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ថា៖ «ផ្សែង​ដ៏​សន្ធោ​សន្ធៅ​បាន​ភាយ​ឡើង​ពាសពេញ​សាឡាង​នោះ។ អ្នក​ដំណើរ​ទាំង​អស់​មាន​ភាព​ជ្រួល​ច្របុល​ រត់​ចុះ​រត់​ឡើង​ទៅ​ដំបូល​សាឡាង​ ហើយ​បោះ​ពោង​ចូល​ទៅ​ក្នុង​ទឹក។ មួយ​រំពេច​នោះ​ ភ្លើង​បាន​ឆេះ​កាន់​តែ​ខ្លាំង​ឡើងៗ ​ចេញ​ពី​កន្លែង​ដែល​ផ្ទុក​ប្រេង»។

លោក​ Ardi ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​រួច​ជីវិត​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ធ្វើ​ការ​ព្យាបាល។

ការ​ធ្វើ​ដំណើរ​តាម​ទូកគឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ប៉ុន្តែ ឥណ្ឌូណេស៊ី​ត្រូវ​បាន​ញាំញី​ដោយ​សារ​តែ​ឧប្បទ្ទវហេតុ​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​តាំង​ពី​ឧប្បទ្ទវហេតុ​តាម​យន្តហោះ​ រថ​ភ្លើង​ និង​ការ​លិច​សាឡាង​ជា​ដើម៕