ឧទាហរណ៍ ដូចជាជនភៀសខ្លួន Hazara ដែលឥឡូវនេះ កំពុងស្ថិតនៅខេត្ត West Java។ ពួកគេរស់នៅទីនោះអស់រយៈពេលរាប់ខែរាប់ឆ្នាំ។ ពួកគេមិនអាចធ្វើការងារ ចូលរៀន ឬធ្វើដំណើរទៅណាបានទេ។ រដ្ឋាភិបាលឥណ្ឌូនេស៊ី មិនបានអើពើនឹងពួកគេឡើយ ព្រោះជនភៀសខ្លួនទាំងនោះមិនត្រូវបានទទួលស្គាល់នោះទេ។
ពួកគេរង់ចាំចុះឈ្មោះក្នុងរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកលើជនភៀសខ្លួន UNHCR ដើម្បីមានឱកាសផ្លាស់ទីលំនៅទៅប្រទេសអាល្លឺម៉ង់ឬសហរដ្ឋអាមេរិក។
ចំនួនជនភៀសខ្លួន Hazara មានច្រើនគួរសម នៅក្នុងស្រុក Cisarua ដែលស្ថិតនៅក្បែរទីក្រុង Bogor។ ពួកគេរាប់រយនាក់បានមកដល់ប្រទេសឥណ្ឌូនេស៊ីតាមរយៈយន្តហោះ និងទូកក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយភៀសខ្លួនចេញពីការធ្វើទុកបុកម្នេញ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងអ៊ីរ៉ង់។
ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេស្គាល់ថាជាចំណតដំបូង មុននឹងបន្តដំណើរទៅកាន់ប្រទេសអូស្រ្តាលី ប៉ុន្តែ ចាប់តាំងពីប្រទេសមួយនេះ បង្ក្រាបអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលធ្វើដំណើរតាមសមុទ្រ ប្រទេសឥណ្ឌូនេស៊ី បានក្លាយដូចជានរកអ៊ឺចឹង។ ពួក Hazara បានជ្រើសរើសយកស្រុក Cisarua ដោយសារតែអាកាសធាតុ នៅទីនោះត្រជាក់ ហើយពួកគេអាចជួលផ្ទះក្នុងតម្លៃថោក ជំនួសឱ្យការប្តូរទៅរស់នៅក្នុងផ្ទះលក្ខណៈជាអាផាតមឹននៅទីក្រុង Jakarta។
ជនភៀសខ្លួនជាច្រើនបានបង្កើតសាលារៀនបណ្តោះអាសន្នមួយសម្រាប់កុមារ ដែលហៅថា មជ្ឈមណ្ឌលសិក្សាសម្រាប់ជនភៀសខ្លួន ឬហៅកាត់ថា RLC នៅឆ្នាំ2014។ ដំបូងគេចាប់ផ្តើមពីថ្នាក់រៀនក្រៅផ្លូវការមួយ បន្ទាប់មកគេបានពង្រីកមជ្ឈមណ្ឌលនេះទៅជាសាលារៀនដែលមានប្រាំមួយថ្នាក់ សម្រាប់មនុស្សពេញវ័យ និងកុមារ រួមជាមួយបណ្ណាល័យ ថ្នាក់ភាសាអង់គ្លេស និងតារាងបាល់ទាត់មួយ។
លោក Asad Shadan ស្ថាបនិកមជ្ឈមណ្ឌល RLC បាននិយាយថា៖ «យើងបានស្នើឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ជួយពួកយើងលើកម្មវិធីអប់រំមួយចំនួនសម្រាប់រយៈពេលបីខែ ប៉ុន្តែបន្ទាប់ពីមិនមានការឆ្លើយតបណាមួយមកវិញនោះទេ ដូច្នេះពួកយើងក៏បានសម្រេចចិត្តធ្វើវាដោយខ្លួនឯង គឺបង្កើតថ្នាក់រៀនមួយដែលមានកុមារ១៨នាក់»។ លោកបានបន្តទៀតថា៖ «ក្នុងរយៈពេលត្រឹមតែប្រាំមួយខែ មានកុមារចំនួន១០០នាក់បានចុះឈ្មោះចូលរៀន ហើយឥឡូវនេះយើងមានសិស្សចំនួន២០០ នាក់ និងគ្រូបង្រៀនចំនួន ១៦នាក់។ វាជាការងាររបស់យើង»។
សូមអរគុណចំពោះការបរិច្ចាគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥឡូវនេះមជ្ឈមណ្ឌល RLC មានបណ្ណាល័យធំល្មម។ ទោះបីជាភាសាដើមរបស់ពួក Hazara គឺ Farsi ក៏ដោយ ក៏ពួកគេជាច្រើន ជាពិសេស ក្មេងតូចៗ និយាយភាសាអង់គ្លេស បានល្អឥតខ្ចោះ។ លោក Shadan បានកំប្លែងថា៖ «ពួកយើងនៅមានពេលច្រើនដើម្បីធ្វើការអនុវត្ត»។
ខណៈពេលដែលយើងដើរពីបន្ទប់ថ្នាក់រៀន ទៅកាន់តារាងបាល់ទាត់ យើងឃើញក្រុមមនុស្សពេញវ័យមួយថ្នាក់កំពុងរៀនភាសាអង់គ្លេស បានថាតាមគ្រូរបស់ពួកគេ។
ក្រុមកីឡាបាល់ទាត់
ការប្រកួតបាល់ទាត់របស់មជ្ឈមណ្ឌល RLC បានក្លាយជាកម្មវិធីសំខាន់សម្រាប់សាលារៀននេះ។ ពួកគេបានបង្កើតការប្រកួតចំនួនបី ដែលការប្រកួតចំនួនពីរគឺសម្រាប់ក្មេងប្រុស ហើយការប្រកួតចំនួនមួយសម្រាប់ក្មេងស្រី។ ក្រុមនីមួយៗហ្វឹកហាត់ពីរដងក្នុងមួយសប្តាហ៍ ហើយពួកគេធ្វើការប្រកួតប្រជែងរៀងរាល់ថ្ងៃសុក្រ។
ពីមុនពួកគេធ្លាប់តែហ្វឹកហាត់នៅលើទីលានខាងក្រៅ ប៉ុន្តែមានសភាពមិនល្អនោះទេដោយសារតែមានភ្លៀងធ្លាក់ជាប្រចាំនៅក្នុងតំបន់នោះ។ ប៉ុន្តែ សម្រាប់រយៈពេលប្រាំមួយខែចុងក្រោយនេះ ម្ចាស់ជំនួយបានជួលទីលានបាល់ទាត់ដែលមានដំបូលឲ្យពួកគេ លេងចំនួនពីរឬបីម៉ោងក្នុងមួយសប្ដាហ៍។
នៅរសៀលថ្ងៃអង្គារថ្មីៗនេះ ក្រុមក្មេងស្រីដែលមានកីឡាករប្រមាណ ២០ នាក់ដែលមានអាយុពី ១២ ទៅ ២០ ឆ្នាំ បានចេញធ្វើការហាត់សម ក្នុងសម្លៀកបំពាក់កន្សែងរុំក្បាល ខោកីឡានិងស្បែកជើងសម្រាប់លេងបាល់ទាត់។ ក្រុមកីឡាការី Hazara ទាំងអស់មានសប្បាយរីករាយដែលពួកគេមានទីតាំងសម្រាប់លេងកីឡានេះ ពីព្រោះក្រុមនេះបានដឹងច្បាស់ថាពួកគេមិនអាចលេងកីឡាអ្វីទាំងអស់នៅក្នុងប្រទេសកំណើតពួកគេនោះទេ។
នាង Madiha Ali អាយុ ១៧ ឆ្នាំ មកពីប្រទេសប៉ាគីស្ថាន បាននិយាយថា៖ «របៀបរបបសង្គមក្នុងប្រទេសខ្ញុំ មានការអភិរក្សខ្លាំងណាស់ ជាពិសេសនៅក្នុងសហគមន៍ Hazara របស់ខ្ញុំផ្ទាល់»។ នាងបានបន្តទៀតថា៖ «កុមារីមិនត្រូវបានអនុញ្ញាតឱ្យលេងបាល់ទាត់ និងកីឡាផ្សេងៗទៀតនោះទេ»។ នាង Ali ដែលបង្រៀនគណិតវិទ្យានៅមជ្ឈមណ្ឌល RLC និងបានសរសេរពីបទពិសោធន៍របស់នាងផ្ទាល់ដែលមានប្រវែងប្រហាក់ប្រហែលនឹងប្រលោមលោកបាននិយាយថា ការលេងកីឡាបាល់ទាត់គឺជាសកម្មភាពប្រចាំសប្តាហ៍ដ៏មានសារៈសំខាន់សម្រាប់នាង។ នាងបាននិយាយថា៖ «ខ្ញុំស្រឡាញ់កីឡាបាល់ទាត់។ កីឡាបាល់ទាត់គឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ពីព្រោះវាមិនត្រឹមតែជាកីឡាជួយបន្លប់ពេលវេលាយើងបានប៉ុណ្ណោះទេ វាមានអត្ថប្រយោជន៍ច្រើនជាងនេះទៅទៀត។ វាដូចជាចំណង់ចំណូលចិត្តមួយ ដែលអាចឲ្យយើងភ្លេចការព្រួយបារម្ភនិងភាពតានតឹងរបស់យើងទាំងអស់»។
នាង Atifa Zamiri កីឡាការនីអាយុ ១៧ឆ្នាំមានដើមកំណើតមកពីប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា៖ «យើងពិតជាត្រូវការការសំរាកលំហែកាយ ហើយការលេងកីឡាបាល់ទាត់ពិតជាធ្វើឲ្យពួកយើងស្ងប់ចិត្ត»។
លោក Shadan កំពុងដឹកនាំយុទ្ធនាការបរិច្ចាគថវិកា ដើម្បីទ្រទ្រង់មជ្ឈមណ្ឌលRLC ពីព្រោះជនភៀសខ្លួន មិនត្រូវបានអនុញ្ញាតឱ្យធ្វើការនោះទេ ដូច្នេះរាល់កម្មវិធីទាំងអស់បានមកពីការបរិច្ចាគនិងប្រាក់សន្សំដែលជនភៀសខ្លួនមានមកជាមួយ។ លោក Shadan បានឲ្យដឹងថា៖ «រដ្ឋាភិបាលឥណ្ឌូនេស៊ីធ្វើដូចជាយើងពុំមានវត្តមាននៅទីនេះអញ្ជឹង»៕
ជនដែលត្រូវបានសម្គាល់ទុក
ការរារាំងការលើកទឹកចិត្តលើជនភៀសខ្លួនទាំងមនុស្សពេញវ័យនិងកុមារ គឺមានលក្ខណៈគួរឱ្យភ្ញាក់ផ្អើល នៅពេលដែលយើងដឹងថាក្រុមជនជាតិ Hazara បានចំណាយពេលមួយជីវិតរបស់ពួកគេរស់នៅក្នុងសភាពជាជនដែលត្រូវបានគេចំណាំទុក។ លោក Shadan និយាយថា ដោយសារតែមានជាប់ភិនភាគជាជនជាតិអាស៊ីខាងកើត ក្រុមជនភៀសខ្លួនទាំងនោះបានក្លាយជាគោលដៅចាត់ទុកថាជាផ្នែកនៃប្រទេសអាហ្គានីស្ថាន។
លោកបាននិយាយថា៖ «តើយើងអាចលាក់ដោយរបៀបណា នៅពេលដែលមុខរបស់យើងបង្ហាញថា យើងជាក្រុមជនជាតិ Hazaraនោះ»?
លោក Shadan ដែលធ្លាប់ធ្វើការជាអ្នកស្រាវជ្រាវ ឲ្យក្រុមហ៊ុនអូស្ត្រាលីមួយបានចាកចេញពីស្រុកកំណើតលោកក្នុងឆ្នាំ ២០១៤ បន្ទាប់ពីពួកតាលីបង់ បានចោទប្រកាន់លោកពីបទចារកម្ម និងបានគំរាមប្រពន្ធ និងឪពុកម្តាយរបស់លោក។
លោកបានរំលឹកថាពេលនោះ លោកបានសុំជំនួយពីក្រសួងការពារសិទ្ធិមនុស្ស នៅទីក្រុង Kabul ប៉ុន្តែពួកគេបានច្រានចោលសំណើនោះ។ ដូច្នេះ នៅប៉ុន្មានថ្ងៃដំបូង លោកបានចាកចេញទៅកាន់ប្រទេសឥណ្ឌា បន្ទាប់មកលោកបានទៅប្រទេសម៉ាឡេស៊ីនិងចុងក្រោយបង្អស់នេះលោកបានទៅប្រទេសឥណ្ឌូនេស៊ី កន្លែងដែលលោកបានចូលចតនៅកោះស៊ូម៉ាត្រា តាមទូក។ លោកបានចាកចេញពីភរិយាដែលកំពុងមានផ្ទៃពោះ ហើយលោកមិនដែលឃើញមុខកូនប្រុសអាយុពីរឆ្នាំរបស់លោក ក្រៅពីមើលតាមរូបថតនោះទេ។
នៅក្នុងស្រុក Cisarua លោក Shahad គឺដូចជាបងប្រុសម្នាក់សម្រាប់អ្នកនៅក្នុងសហគមន៍ ដែលជួយកុមារឆ្លងផ្លូវ បង្រៀនពួកគេពីបច្ចេកទេសនៃការលេងបាល់ទាត់និងពន្យល់មេរៀនដល់ពួកគេ។ បើទោះបីជា ពួកគេបានរងទុក្ខលំបាកជាច្រើនក៏ដោយ ក៏ពួកគេនៅតែបន្តរីកចម្រើនទៅមុខដែរ។
លោក Shahad បានឲ្យដឹងថា៖ «នៅពេលតាំងទីលំនៅថ្មី អ្វីដែលយើងចង់ជៀសវាងគឺ យើងមិនចង់ឲ្យយើងគ្មានជំនាញអី្វមួយនោះទេ ហើយមិនចង់ឲ្យកុមារត្រូវបានខាតពេលជាច្រើនឆ្នាំមិនបានរៀនសូត្រនោះទេ»។
ពួកគេកំពុងតាំងលំនៅថ្មី ប៉ុន្តែ វាមានលក្ខណៈយឺតយ៉ាវ។
នាង Masoma Faqihi អាយុ ២០ឆ្នាំ ពាក់កន្សែងរុំក្បាលពណ៌ខ្មៅ។ នាងជាកីឡាការនីបាល់ទាត់ ម្នាក់បានថ្លែងថា ក្រុមគ្រួសាររបស់នាងទាំងប្រាំមួយនាក់ ទីបំផុតត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីនាងរស់នៅស្រុក Cisarua ជាងបីឆ្នាំ។
នាងបាននិយាយថា៖ "ខ្ញុំចូលចិត្តបង្រៀននៅតាមសាលារៀននេះ ប៉ុន្តែ ខ្ញុំត្រូវទៅបន្តការសិក្សាដើម្បីអនាគតផ្ទាល់។ នាងបានបន្តទៀតថា៖ «ខ្ញុំឮថា អ្នកអាចធ្វើអ្វីក៏បាននៅសហរដ្ឋអាមេរិក ហើយខ្ញុំពិតជាចង់ក្លាយជាអ្នកតុបតែងមុខម្នាក់ខ្លាំងណាស់។ ជូនពរឲ្យខ្ញុំមានសំណាងល្អផងចុះ!»៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង