ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ស៊ើប​អង្កេត​យន្តហោះ​ MH17 ​ថា​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​ ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​នេះ​


Wilbert Paulissen នៃ​ក្រុម​ស៊ើបអង្កេត​ (JIT)​ ថ្លែង​ពី​លទ្ធផល​ស៊ើបអង្កេត​បឋមរបស់​ការ​បាញ់​ទម្លាក់​យន្តហោះ​ម៉ាលេស៊ី​ MH17 អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​ Nieuwegein ប្រទេសហូឡង់កាល​ពី ថ្ងៃទី២៨ កញ្ញា ២០១៦។
Wilbert Paulissen នៃ​ក្រុម​ស៊ើបអង្កេត​ (JIT)​ ថ្លែង​ពី​លទ្ធផល​ស៊ើបអង្កេត​បឋមរបស់​ការ​បាញ់​ទម្លាក់​យន្តហោះ​ម៉ាលេស៊ី​ MH17 អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​ Nieuwegein ប្រទេសហូឡង់កាល​ពី ថ្ងៃទី២៨ កញ្ញា ២០១៦។

សេចក្តី​សន្និដ្ឋាន​របស់​ក្រុម​ស៊ើប​អង្កេត​រួម​មួយ បាន​បង្ហាញ​ច្បាស់​ថា៖​ យន្តហោះ​ MH17​ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​មីស៊ីល​សម្រាប់​បាញ់​យន្តហោះ​អាកាស​មួយ​ដែល​បាន​បាញ់​ពី​ទឹក​ដី​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី។ ទី​តាំង​បាញ់​ត្រូវបាន​គេ​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាង​ជាក់​ច្បាស់​ គឺ​នៅ​ខាង​ក្រៅ​ភូមិ​របស់​ទីក្រុង Pervomaiskyi។

ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ជា​ច្រើន​ បាន​រង់ចាំ​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ ពី​ការ​ស៊ើប​អង្កេត​ដឹក​នាំ​ដោយ​ជន​ជាតិ​ហូឡង់​ បាន​បញ្ចប់។​

កូន​ស្រី​របស់​លោក Hans De Borst ឈ្មោះ​ Elsemiek អាយុ​១៧​ឆ្នាំ​ គឺ​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោមជន​រង​គ្រោះ​២៩៨​នាក់​ ដែល​បាន​ស្លាប់កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា​ ឆ្នាំ​២០១៤។ លោក​បាន​និយាយ​បន្ទាប់​ពី​ការ​សន្និដ្ឋាន​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​ថា «រហូត​មក​ទល់​ពេល​នេះ មាន​ការ​ប៉ាន់​ស្មាន​ជា​ច្រើន ប៉ុន្តែ​ ខ្ញុំ​យល់​ឃើ​ញ​ថា​ការ​សន្និដ្ឋាន​មួយ​នេះ​ជា​ការ​ធូរស្បើយ​ដ៏​ធំ​មួយ»។​

ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ការ​ពាក់​ព័ន្ធ​ និង​បាន​អះអាង​ថា​ជើង​ហោះ​ហើរ​នេះ​ត្រូវ​បាន​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​អ៊ុយក្រែន​ ឬត្រូវ​បាន​បាញ់​ទម្លាក់​ពី​ដែន​ដី​ដែល​កាន់​កាប់​ដោយ​អ៊ុយក្រែន។ ប៉ុន្តែ​ បើ​តាម​អ្នក​វិភាគ​វិទ្យាសាស្រ្ត​យោធា​លោក Justin Bronk​ នៃ​វិទ្យាស្ថាន​ Royal United Services ក្នុង​ទីក្រុង​ឡុងដ៏​និយាយ​ ភស្តុតាង​ប្រឆាំង​នឹង​ការ​បដិសេធ​នេះ​ មាន​ច្រើន​លើសលប់។

លោក​បាន​និយាយ​ថា «ក្រុម​ឧទ្ទាម​បាន​បាញ់​មីស៊ីល​ទៅ​លើ​យន្តហោះ​ចម្បាំង​របស់​អ៊ុយ​ក្រែនជា​ទៀងទាត់​ អស់​ជា​ច្រើន​ខែ​មក​ហើយ។ ពួក​គេ​គ្មាន​ទំនាក់​ទំនង​ផ្លូវ​ការ​ណា​មួយ​ជាមួយ​នឹ​ង​ប្រព័ន្ធ​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​នោះ​ទេ។​ ដូច្នេះ​ ជា​គោល​ ពួក​គេ​បាន​ទទួល​នាំ​ចូល​គ្រាប់​មីស៊ីល​ដែល​មាន​ថាមពលខ្លាំង​ជាងអ្វី​ដែល​ពួក​គេ​ធ្លាប់​ប្រើ ហើយ​បាន​បាញ់​អ្វី​ក៏​ដោយ​ឲ្យ​តែ​ពួក​គេ​អាច​មើល​ឃើញ។ ហើយ​ជា​អកុសល ពួក​គេ​ក៏​បាញ់​ចំ​យន្តហោះ​មួយ»។​

ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ប្រើ​បច្ចេកទេស​កោសល្យ​វិច្ច័យ​មួយ​ ដើម្បី​តាម​ដាន​ឧបករណ៏​បាញ់ SA-11 BUK ដែល​ពួក​គេ​និយាយ​ថា​ត្រូវ​បាន​ប្រើ​សម្រាប់​បាញ់​យន្តហោះ MH17 រួម​ទាំង​រូប​ភាព​ផ្កាយ​រណប​របស់​ស្នាម​ផ្សែង​ខ្មៅ​នៅ​ទីតាំង​បាញ់​មីស៊ីល​ និង​បណ្ដុំ​ខ្សែ​វីដេអូ​ដែល​ភ្ជាប់​នឹង​ទីតាំង​ភូមិសាស្រ្ត​ជា​ច្រើន​ ពី​ការ​នាំ​យក​ឧបករណ៏​បាញ់​ទៅ​កាន់​ប្រទេស​រុស្ស៊ី​វិញ។​

លោក Justin Bronk បាន​និយាយ​បន្ត​ថា «ច្បាស់​ណាស់ ឧបករណ៏​បាញ់​នោះ​ត្រូវ​បាន​បន្លំ​យក​ទៅ​ព្រំ​ដែន​រុស្ស៊ី​វិញ​នៅ​ល្ងាច​ថ្ងៃ​នោះ​ បន្ទាប់​ពី​មាន​ការ​បាញ់​មីស៊ីល​ ហើយ​កាមេរ៉ា​ចរាចរណ៍​បាន​បង្ហាញ​រូបភាព​ជា​ច្រើន​ពី​ការ​ដឹក​ជញ្ជូន​វា​ត្រឡប់​ទៅ​វិញ ដែល​មាន​គ្រាប់​មីស៊ីល​បី​បួន​គ្រាប់​បាន​បាត់។ ដូច្នេះ​នេះ​ជា​ភស្តុតាង​ដ៏​ខ្លាំង​ក្លា​មួយ​ ដែល​បង្ហាញ​ថា​វា​ត្រូវ​បាន​ជញ្ជូន​ឆ្លងកាត់​ព្រំ​ដែន​ ដែល​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ គឺ​ទីក្រុង​មូស្គូ»។​

ការ​ស៊ើប​អង្កេត​នេះ​បាន​រក​ឃើញ​អត្តសញ្ញាណ​មនុស្ស​ជាង​១០០​នាក់​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ដឹក​ជញ្ជូន​គ្រាប់​មីស៊ីល​ និង​ការ​ធ្លាក់​យន្តហោះ​ ប៉ុន្តែ​ រដ្ឋ​អាជ្ញា​មិន​ទាន់​រក​ឃើញ​ថា​អ្នកណា​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​នេះ​ទេ។

លោក Bronk​ បាន​និយាយ​ថា «បញ្ហា​នោះ​គឺ​ការ​កាត់​ទោស​ព្រហ្មទណ្ឌ​ណា​មួយ​ នឹង​ត្រូវ​ផ្អែក​លើ​ក្រុម​ដែល​បាន​បាញ់​មីស៊ីល​ និង​បាន​បាត់​ខ្លួន​ជា​យូរ​មក​ហើយ ឬ​ក៏​ប្រហែល​ជា​បាត់បង់​ជីវិត​ទៅ​ហើយ»។​

មេធាវី​សម្រាប់​ជន​រងគ្រោះ​អាល្លឺម៉ង់​ នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​នេះ​ លោក Elmar Giemulla បាន​និយាយ​ថា​ ការ​កាត់​ទោស​ណា​មួយ​ក៏​ដោយ​ ត្រូវ​តែ​ស៊ើប​អង្កេត​ឡើង​ទៅ​ដល់​ខ្សែ​បទបញ្ជា​ពី​ថ្នាក់​លើ​ទៀត។​

លោក​ Giemulla បាន​និយាយ​ថា​ «ប្រសិនបើ​មីស៊ីល​មួយ​ត្រូវ​បាន​ដឹក​បញ្ជូន​ពី​រុស្ស៊ី​មក​អ៊ុយក្រែន​ ត្រឹម​តែ​មួយ​ថ្ងៃ​ នោះ​ប្រាកដ​ជា​មាន​ការ​សម្រេច​ចិត្ត​មួយ​ ហើយ​ច្បាស់​ណាស់​ គឺ​ថា​ទាហាន​ម្នាក់​ មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ​បាន​ទេ»។

ជាមួយ​នឹង​ការ​ដាក់​បន្ទុក​កំហុស​ទៅ​ទីក្រុង​មូស្គូ​ អ្នក​វិភាគ​បាន​និយាយ​ថា​ទំនាក់ទំនង​រវាង​លោក​ខាង​លិច​ និង​រុស្ស៊ី​ អាច​នឹង​កាន់​តែ​យ៉ាប់យឺន​ទៅ​ទៀត៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ

XS
SM
MD
LG