មនុស្ស​យ៉ាង​តិច​២១​នាក់​ស្លាប់​ក្នុង​​ការ​ប្រយុទ្ធ​គ្នា​​ថ្ងៃ​ទី​២​​រវាង​កងទ័ព​អាមេនី​និង​អាស៊ែបៃហ្សង់

រូបភាពដែលដកស្រង់ពីវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេនី បង្ហាញឲ្យឃើញរថពាសដែកនិងយោធា​អាស៊ែបៃហ្សង់ កំពុងធ្វើសកម្មភាពប្រយុទ្ធនៅតំបន់ជម្លោះ Nagorno-Karabakh រវាងប្រទេសអាមេនីនិង​អាស៊ែបៃហ្សង់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ (Defence Ministry of Armenia/Handout via REUTERS)

កង​កម្លាំង​នៃ​ប្រទេស​អាមេនី​និង​ប្រទេស​អាស៊ែបៃហ្សង់ បានបន្ត​ប្រយុទ្ធ​គ្នា​នៅតំបន់​ជុំវិញ​ដែនដី Nagorno-Karabakh ចូល​ដល់​ថ្ងៃ​ទី​២ កាល​ពី​ថ្ងៃ​ចន្ទ ដែល​ជា​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត តាំងទសវត្ស​ ១៩៩០ ​មក បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​អរិភាព​យ៉ាង​ណា​ក្តី។​

ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters បាន​ផ្សាយ​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ២១ ​នាក់ ​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ចន្ទ រវាងកងទ័ព​នៃប្រទេស​ទាំង​ពីរ ដែល​ការប្រយុទ្ធ​គ្នា​នោះ​មាន​ការ​ប្រើ​ប្រាស់​កម្លាំង​អាកាស​គ្រាប់​មីស៊ីល ​និង​រថពាស​ដែក​ធុនធ្ងន់​ផង​ដែរ។

អាមេនី​និង​អាស៊ែបៃហ្សង់ បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសិក ​និង​បាន​ប្រមូល​កម្លាំងទ័ព​ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​គ្នា​ជុំវិញ​ដែនដី​ជម្លោះ ​Nagorno-Karabakh ដែល​ជា​តំបន់​មានជន​ជាតិ​អាមេនី​រស់​នៅ​ភាគ​ច្រើនក្នុង​ទឹក​ដី​ ដែល​គ្រប់​គ្រង​ដោយ​ប្រទេស​អាស៊ែបៃហ្សង់នោះ។ ​មាន​មនុស្សរាប់​សិបនាក់​ ដែល​ក្នុង​នោះ​រួម​មាន​ជន​ស៊ីវិល​ផង​ដែរ ត្រូវ​បាន​សម្លាប់​និង​មនុស្ស​ជាង ​១០០ ​នាក់​ផ្សេង​ទៀត​ទទួល​រង​របួស។ អាមេនី​បាន​ចោទ​អាស៊ែ​បៃហ្សង់ថា​ បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើលំនៅដ្ឋាន​របស់​ជន​ស៊ីវិល​ក្នុង​តំបន់​មាន​ជម្លោះ​នោះ។

​នេះ​ជា​ការ​ប្រយុទ្ធ​គ្នាដ៏​ខ្លាំងបំផុត​ក្នុង​រយៈពេលជា​ច្រើនឆ្នាំ​មក​នេះ​រវាងប្រទេសទាំងពីរ​ ដែល​ធ្លាប់​ស្ថិត​នៅ​ក្នុងការ​គ្រប់គ្រង​របស់​អតីត​សហភាព​សូវៀត។ ព្រឹត្តិការណ៍នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ជា​ថ្មីស្តី​ពី​សុវត្ថិភាពក្នុង​តំបន់ Caucasus​ ខាង​ត្បូង​មួយ​នេះ ដែល​ជា​តំបន់ដែលត្រូវបាន​ដាក់​បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន​ទៅ​កាន់​ទី​ផ្សារ​ពិភពលោក​ផង​ដែរ។

លោក​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​លោក António Guterres​ បាន​ថ្កោល​ទោស​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​នោះ​ និង​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់បង់​អាយុ​ជីវិត​ និង​រង​របួសដល់​ពលរដ្ឋ​ស៊ីវិល​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់អ្នក​នាំ​ពាក្យ​របស់​លោក​ តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ។​

លោក Guterres​ បាន​អំពាវ​នាវ​ឲ្យ​គូជម្លោះ​ទាំង​សង​ខាង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការប្រយុទ្ធ​គ្នា ហើយ​បន្ថយ​ភាព​តាន​តឹង​និង​ចូលរួម​ការ​ចរចា​គ្នា​ ដោយគ្មាន​ពន្យារ​ពេល។​ លោកអគ្គលេខា ​អ.ស.ប. ​គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី​អាស៊ែបៃហ្សង់ និង​នាយករដ្ឋមន្ត្រី​អាមេនីផងដែរ​ ដើម្បី​និយាយ​ពី​រឿងនេះ។​នេះ​បើ​តាម​ការលើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ។​

សហរដ្ឋ​អាមេរិក​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​ក៏​បាន​អំពាវនាវ​ផង​ដែរឲ្យ​ភាគី​ជម្លោះទាំង​ពីរ​បញ្ឈប់​ជា​បន្ទាន់​នូវ​អរិភាព​នេះ។ ​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ស្រី​ Morgan Ortagus ​ ចេញ​ផ្សាយនូវ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​លើក​ឡើង​ថា​ សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​យ៉ាង​ខ្លាំង​នូវ​ការបង្កើន​នូវអំពើ​ហិង្សា​នោះ៕