ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១២នាក់បានស្លាប់នៅក្នុងការធ្វើបាតុកម្មដ៏ធំមួយនៅតំបន់Gazaនេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន។
យោធាអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា កងទ័ពរបស់ខ្លួនបានប្រើប្រាស់«មធ្យោបាយបំបែកកុបកម្ម»ដើម្បីបង្ក្រាបបាតុកម្មដ៏ធំមួយរបស់ជនជាតិប៉ាឡេស្ទីន ហើយបានផ្ទុះទៅជាហិង្សានៅតាមបណ្តោយព្រំដែនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
អំពើហិង្សាបានផ្ទុះឡើងនៅពេលដែលជនជាតិប៉ាឡេស្ទីនបានទៅជិតព្រំដែន។យោធាអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា កងទ័ពរបស់ខ្លួនបានឆ្លើយតបដល់ពួកញុះញង់ដែលបានចោលដុំថ្មហើយនិងរុញកង់រថយន្តដែលកំពុងដុតឆេះ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានប្រាប់ឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់កាំភ្លើងពិតៗនិងឧស្ម័នបង្ហៀទឹកភ្នែក ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ក៏៦នាក់ហើយនិងធ្វើឲ្យរបួសយ៉ាងហោចណាស់ក៏៥៥០នាក់ផ្សេងទៀត។
វាជាថ្ងៃដ៏ប្រល័យបំផុតមួយនៅក្នុងតំបន់ Gaza ដែលជាដែនដីប៉ាឡេស្ទីនគ្រប់គ្រងដោយខ្លួនឯងចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។
ជនជាតិប៉ាឡេស្ទីនបានបង្កើតជំរំធ្វើពីតង់ដើម្បីតវ៉ាប្រឆាំងក្នុងទីកន្លែងចំនួន៥នៅតាមបណ្តោយតំបន់ Gaza ទាំងមូលដែលត្រូវគេរំពឹងនឹងស្ថិតនៅទីនោះរយៈពេល៦សប្តាហ៍។ ក្រុមគ្រួសារទាំងមូល បុរស ស្រ្តី និងកូនក្មេងត្រូវគេរំពឹងនឹងចូលរួមក្នុងបាតុកម្មជំរំបោះតង់នេះ។
បាតុកម្មរយៈពេលមួយសប្តាហ៍នេះដែលនឹងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ត្រូវបានធ្វើឡើងដើម្បីរំលឹកដល់ Nakba ឬមហន្តរាយនៅពេលដែលជនជាតិប៉ាឡេស្ទីនរាប់សែននាក់ត្រូវរត់គេចខ្លួនចេញពីដីធ្លីរបស់ខ្លួនឬត្រូវគេបណ្តេញចេញក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៤៨ដែលបាននាំឲ្យមានការបង្កើតរដ្ឋអ៊ីស្រាអែល៕