អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងរិះគន់វិធានការរបស់ចិននៅសមុទ្រចិនខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ធ្វើសន្និសីទព័ត៌មានរួមគ្នា បន្ទាប់ពីកិច្ចប្រជុំ​កំពូលត្រីភាគី នៅរមណីយដ្ឋាន Camp David ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣។

មេដឹកនាំ​របស់​សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​បាន​បញ្ចប់​ជំនួប​កំពូល​របស់​ពួកគេ​នៅ​រមណីយដ្ឋាន​លំហែកាយ Camp David របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដោយ​បាន​ពង្រឹង​ភាព​ជា​ដៃគូ​ត្រី​ភាគី​ដែល​ទើប​នឹង​បង្កើត​ឡើង​ថ្មី​មួយ​ជាមួយ​នឹង​ការ​ប្ដេជ្ញា​ឆ្លើយតប​បែប​ត្រីភាគី​រួម​គ្នា​នៅ​ពេល​មាន​វិបត្តិ​ក្នុង​តំបន់ ដោយ​ផ្ដោត​លើ​ការ​គំរាមកំហែង​ពី​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង។

លោក Biden បាន​និយាយ​ដោយ​មាន​វត្តមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នៅ​ក្បែរ​លោក​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​នៅ​ឯ​កិច្ច​បញ្ចប់​នៃ​ជំនួប​កំពូល​នេះ​ថា៖ «យើង​ទាំង​អស់​គ្នា​បាន​តាំងចិត្ត​នៅ​ក្នុង​ការ​ពិគ្រោះ​យោបល់​គ្នា​ដោយ​មិន​បង្អែរបង្អង់​យូរ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​ចំពោះ​នរណា​ម្នាក់​នៃ​ប្រទេស​របស់​យើង​មិន​ថា​មក​ពី​ប្រភព​ណា​នោះ​ទេ»។

លោក Biden បាន​បន្ថែម​ថា៖ «ករណី​នេះ​មាន​ន័យ​ថា​យើង​នឹង​មាន​ខ្សែ​ទំនាក់ទំនង​បន្ទាន់​ដើម្បី​ចែក​រំលែក​ព័ត៌មាន និង​សម្របសម្រួល​ការ​ឆ្លើយតប​របស់​យើង​នៅ​ពេល​ណា​ដែល​មាន​វិបត្តិ​នៅ​ក្នុង​តំបន់ ឬ​ក៏​ប៉ះពាល់​ដល់​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​ប្រទេស​របស់​យើង»។

លោក Biden បាន​បញ្ជាក់​ដោយ​មិន​បាន​លើកឡើង​អំពី​ប្រទេស​ចិន​ថា មេដឹកនាំ​ទាំង ៣ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​តាំងចិត្ត​នៅ​ក្នុង​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​ដោះស្រាយ​បញ្ហា​បង្ខិតបង្ខំ​ខាង​សេដ្ឋកិច្ច ដែល​បញ្ហា​នេះ​គឺ​ជា​ការ​អនុវត្ត​មួយ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចោទ​ប្រទេស​ចិន​ថា​បាន​ប្រើ​ដើម្បី​គោល​បំណង​នយោបាយ​របស់​ខ្លួន។

លោក Kishida បាន​និយាយ​ថា៖ «របៀប​រៀបរយ​អន្តរជាតិ​ផ្អែក​លើ​នីតិរដ្ឋ​ដែល​មាន​ភាព​សេរី​និង​បើក​ចំហ​កំពុង​មាន​វិបត្តិ»។

លោក​ថ្លែង​ដូច្នេះ​ដោយ​រិះគន់​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ការ​គំរាមកំហែង​នុយក្លេអ៊ែរ​និង​មីស៊ីល​ជា​បន្ត​របស់​កូរ៉េ​ខាង​ជើង និង «ការ​ប៉ុនប៉ង​ដោយ​ឯកតោ​ភាគី​នៅ​ក្នុង​ការ​កែប្រែ​ស្ថានភាព​បច្ចុប្បន្ន​ដោយ​ប្រើ​កម្លាំង​នៅ​សមុទ្រ​ចិន​ខាង​កើត​និង​សមុទ្រ​ចិន​ខាង​ត្បូង»។

ដោយ​ខុសប្លែក​ពី​កិច្ច​ប្រជុំ​កំពូល​លើក​មុន​ដែល​ជា​ធម្មតា​ជៀងវាង​មិន​បញ្ជាក់​ឈ្មោះ​ប្រទេស​ចិន​ឱ្យ​ចំ សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​ទាំង ៣ លើក​នេះ​បាន​លើកឡើង​យ៉ាង​ច្បាស់​អំពី «ឥរិយាបថ​គ្រោះថ្នាក់​និង​គឃ្លើន» របស់​ប្រទេស​ចិន «ដែល​គាំទ្រ​ការ​ទាមទារ​អះអាង​ដែន​សមុទ្រ​ដ៏​ខុស​ច្បាប់» នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ចិន​បាន​ទាមទារ​អធិបតេយ្យភាព​ស្ទើរតែ​លើ​សមុទ្រ​ទាំងមូល ដោយ​បង្ក​ឱ្យ​មាន​ការ​ក្ដៅ​ក្រហាយ​ដល់​ប្រទេស​ទាមទារ​ប្រជែង​ផ្សេង​ទៀត​ដូចជា​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់។ តុលាការ​អន្តរជាតិ​បាន​សម្រេច​កាលពី​ឆ្នាំ ២០១៦ ថា ការ​ទាមទារ​របស់​ប្រទេស​ចិន​នេះ​គឺ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ។

ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​លេច​ឡើង​ថា​ប្រទេស​ចិន​ហាក់​ដូចជា​កំពុង​សាងសង់​វាល​យន្តហោះ​មួយ​កន្លែង​នៅ​លើ​កោះ​ដែល​មាន​ជម្លោះ​នៅ​ក្នុង​ដែន​ទឹក​ដែល​ទាមទារ​កាន់កាប់​ផង​ដែរ​ដោយ​ប្រទេស​វៀតណាម​និង​កោះ​តៃវ៉ាន់។

រូបឯកសារ៖ រូបពីផ្កាយរណបដោយ Planet Labs PBC បង្ហាញឱ្យឃើញទិដ្ឋភាពកោះ Triton នៅសមុទ្រចិនខាងត្បូង ដែលចិនទំនងសាងសង់​មូលដ្ឋាន​ទាំងអាកសា​នៅ​តំបន់ជម្លោះ​សមុទ្រចិនខាងត្បូងនេះ នេះបើតាមការអះអាងរបស់វៀតណាម និងតៃវ៉ាន់។ (Planet Labs PBC via AP)

កិច្ច​សហ​ប្រតិបត្តិការ​ការពារ​ត្រីភាគី

ការ​ប្ដេជ្ញាចិត្ត​នៅ​ក្នុង​ការ «ប្រឹក្សា​យោបល់​ក្នុង​ពេល​មាន​វិបត្តិ» គឺ​ជា​ការ​បំពេញ​បញ្ចប់​នូវ​ការ​សន្យា​ជា​ច្រើន​លើ​កិច្ច​សហប្រតិបត្តិការ​ការពារ​ត្រីភាគី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​ប្រចាំ​និង​ការ​ធ្វើ​សមយុទ្ធ​គ្រាប់​ផ្លោង​មីស៊ីល ក៏​ដូចជា​កិច្ច​សហការ​ថ្មី​លើ​បញ្ហា​សន្តិសុខ​សេដ្ឋកិច្ច​ផង​ដែរ ដោយ​ពង្រឹង​នូវ​សង្វាក់​ផ្គត់ផ្គង់​អង្គធាតុ​ពាក់​កណ្ដាល​ចម្លង (semiconductor) សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​បច្ចេកវិទ្យា AI និង​គម្រោង​ផ្ដួចផ្ដើម​ថ្នាក់​តំបន់​ថ្មី​នៅ​ក្នុង​ការ​កសាង​សមត្ថភាព​របស់​ដៃគូ​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​វិស័យ​សន្តិសុខ​តាម​សមុទ្រ​ផង​ដែរ។

ក្រុម​ប្រទេស​ទាំង ៣ នេះ​ក៏​បាន​ឯកភាព​គ្នា​ផង​ដែរ​នៅ​ក្នុង​ការ​សាកល្បង​ប្រព័ន្ធ​ព្រមាន​ជា​មុន​អំពី​សង្វាក់​ផ្គត់ផ្គង់​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​បង្អាក់​ដល់​ផលិតផល​មួយ​ចំនួន​ដូចជា​រ៉ែ​សំខាន់ៗ​សម្រាប់​ប្រើ​នៅ​ក្នុង​អាគុយ​រថយន្ត​អគ្គិសនី​ជាដើម។ ប្រទេស​ចិន​គ្រប​ដណ្ដប់​លើ​សង្វាក់​តម្លៃ​នៃ​រ៉ែ​ទាំង​នេះ ដោយ​មាន​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ផលិតកម្ម​លីចូម កូបាល់ និង​ម៉ង់កាណែស និង​ស្ទើរតែ​រ៉ែ​កម្រ​ទាំង​អស់​នៅ​លើ​ពិភពលោក។

រដ្ឋាភិបាល​ចិន​បាន​រិះគន់​ជំនួប​កំពូល​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប៉ុនប៉ង​ធ្វើ​ឱ្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្លាយទៅ​ជា «កន្លែង​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​គឺ​ជា​ទឹកដី​ប្រកប​ដោយ​ក្ដី​សង្ឃឹម​សម្រាប់​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ និង​មិន​គួរ​ក្លាយ​ទៅជា​កន្លែង​ប្រកួត​ប្រជែង​គ្នា​សម្រាប់​ភាព​ជា​សត្រូវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​នោះ​ទេ»។

នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សុក្រ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan បាន​ច្រានចោល​ការ​រិះគន់​របស់​កូរ៉េ​ខាង​ជើង​និង​ចិន​ដែល​ថា​ជំនួប​កំពូល​នេះ​គឺ​ជា​កលល្បិច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បង្កើត «អង្គការ​អូតង់ (NATO) ទ្រង់ទ្រាយ​តូច» មួយ​នៅ​តំបន់​អាស៊ី។

លោក Sullivan បាន​លើកឡើង​ដូច្នេះ​ថា៖ «ភាព​ជា​ដៃគូ​នេះ​គឺ​មិន​មែន​ដើម្បី​ប្រឆាំង​នឹង​នរណា​ម្នាក់​នោះ​ទេ។ វា​គឺ​សម្រាប់​ចក្ខុវិស័យ​មួយ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​ភាព​សេរី បើក​ចំហ សុវត្ថិភាព និង​វិបុលភាព»។

ជំនួប​កំពូល​នៅ​រមណីយដ្ឋាន​លំហែកាយ Camp David នេះ​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន។ ជំនួប​នេះ​បាន​កើតឡើង​ក្នុង​ពេល​ជា​ច្រើន​ខែ​ក្រោយ​មក​នៃ​កិច្ច​ការទូត​រវាង​រដ្ឋាភិបាល​របស់​លោក Yoon និង​រដ្ឋាភិបាល​របស់​លោក Kishida ដោយ​ទុក​មួយ​ឡែក​នូវ​ប្រវត្តិសាស្ត្រ​ជូរចត់​និង​ការ​មិន​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​រួម​ដែល​ជិត​កើតឡើង៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ