សមាជិកសភាម្នាក់ដែលរងគ្រោះដោយសារការវាយប្រហារបាននិយាយថា ការស៊ើបអង្កេតរបស់អាជ្ញាធរមានលក្ខណៈយឺតយ៉ាវ។ ជនរងគ្រោះទាមទារថា អាជ្ញាធរគួរតែធ្វើកិច្ចការនេះឲ្យបានឆាប់ ដោយសារគេស្គាល់អត្តសញ្ញាណអ្នកប្រព្រឹត្តខ្លះហើយនោះ។
លោកញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា អាជ្ញាធរគួរតែចាប់ខ្លួនជនដៃដល់ដែលបានវាយដំរូបលោក និងលោកគង់ សភា អ្នកតំណាងរាស្ត្រម្នាក់ទៀតនៅមុខបរិវេណសភាកាលពីថ្ងៃច័ន្ទ ដើម្បីយកមកផ្តន្ទាទោស ដោយសារមានអត្តសញ្ញាណជាច្រើនត្រូវគេបង្ហាញជាសាធារណៈ។
«ខ្ញុំថា វាមើលទៅវាយឺតដែរ ព្រោះយើងមើលឃើញភស្តុតាងដែលគេថតបាននៅក្នុង Facebook អី វាមិនគួរថា វាពិបាកទេ បើសិនជារដ្ឋាភិបាលមានចេតនាពិតប្រាកដមែនក្នុងការរកចាប់អ្នកដៃដល់។ ខ្ញុំជឿថា វាមិនគួរយូរដល់ប៉ុណ្ណឹងទេ»។
ថ្លែងប្រាប់វីអូអេពីរាជធានីបាងកក ប្រទេសថៃ ជាកន្លែងដែលលោកសម្រាកព្យាបាលរបួសនោះ លោកចំរើនពុំបានប្រាប់ថា អ្នកដែលគេស្គាល់អត្តសញ្ញាណនោះជាអ្នកណាទេ តែថា លោកចង់ឃើញជនដៃដល់និងអ្នកនៅពីក្រោយខ្នង ត្រូវគេនាំយកមកកាត់ទោសដើម្បីជាគម្រូយុត្តិធម៌។
លោកញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកគង់ សភា អ្នកតំណាងរាស្ត្រមកពីមណ្ឌលស្វាយរៀង ត្រូវក្រុមមនុស្សមួយក្រុម ដែលគេសង្ស័យថា ជាមនុស្សស្និទ្ធនឹងគណបក្សគ្រប់គ្រងប្រទេស ហើយដែលបានធ្វើបាតុកម្មទាមទារឲ្យដកលោកកឹម សុខាពីតំណែងអនុប្រធានទី១នៃរដ្ឋសភានោះ គឺជាអ្នកប្រព្រឹត្ត។
ក្រុមអាជ្ញាធរពុំទាន់មានសេចក្តីរាយការណ៍និងការបញ្ជាក់ទេ ថាតើជនដៃ ដល់ដែលគេកំណត់អត្តសញ្ញាណនោះជាអ្នកណាឡើយ នៅពេលដែលមានសម្ពាធពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិព្រមទាំងពីលោកកឹម សុខាផងដែរ ដែលទាមទារឲ្យមានការចូលរួមស៊ើបអង្កេតជាអន្តរជាតិដើម្បីចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ហើយបញ្ចប់វប្បធម៌រួចទោសពៃរ៍នោះ។
លោកស្រី រ៉ាវីណា ស្សាំសាដានី (Ravina Shamsadani) អ្នកនាំពាក្យរបស់ឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវមកថា៖
«វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការធានាថា បុគ្គលគ្រប់រូបមិនត្រូវក្លាយជាគោលដៅវាយប្រហារដោយសារការចូលរួមពាក់ព័ន្ធនឹងនយោបាយ ឬការបញ្ចេញទស្សនៈផ្ទុយគ្នានោះទេ»។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ដោយដកស្រង់របាយការណ៍នានា ដែលលើកឡើងថា ប៉ូលិសនិងអាជ្ញាធរសន្តិសុខគ្រាន់តែមើល ខណៈពេលដែលការវាយប្រហារនោះកើតមានឡើង ហើយវាផ្ទុយទាំងស្រុងទៅនឹងវិធានការរបស់អាជ្ញាធរពីមុនដែលតបតចំពោះបាតុកម្មនានាកាលពីមុនៗរបស់ក្រុមអ្នករិះគន់រដ្ឋាភិបាល។
«យើងសូមបញ្ជាក់ថា សិទ្ធិចូលរួមធ្វើការប្រមូលផ្តុំ និងចូលរួមសម្តែងមតិ ត្រូវផ្តល់ជូនដល់បុគ្គលគ្រប់រូប មិនថា គេមកពីគណបក្សណា និងមានយោបល់យ៉ាងណាទេ»។
លោកស្រីអ្នកនាំពាក្យរបស់ឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានទទូចឲ្យអាជ្ញាធរស្រាវជ្រាវចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ហើយធានាសុវត្ថិភាពជូនដល់អ្នកតំណាងរាស្ត្រ ដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ ហើយមិនត្រូវគិតពីនិន្នាការនយោបាយរបស់ពួកគេនោះទេ។
អង្គការសិទ្ធិមនុស្ស Human Rights Watch វិញបានអំពាវនាវសុំឲ្យមានការចូលរួមស៊ើបអង្កេតដោយអង្គការឯករាជ្យ ដូចជាការិយាល័យអ.ស.ប.ផ្នែកសិទ្ធិមនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបន្ថែមទៀតកាលពីម្សិលមិញ លោក Brad Adams នាយកអង្គការសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី Human Rights Watch Asia បានបញ្ជាក់ថា៖
«ការវាយប្រហារដ៏ឃោរឃៅចេញពីចរិតដ៏ឥតខ្មាស់អៀនទៅលើអ្នកតំណាងរាស្ត្រនោះ បានបញ្ជូនសារថា លំហប្រជាធិបតេយ្យដែលនៅមានតិចតួចក្នុងប្រទេសកម្ពុជានោះ ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ»។
លោក Brad Adams បានថ្លែងថា រដ្ឋាភិបាលម្ចាស់ជំនួយត្រូវបញ្ជាក់ឲ្យបានច្បាស់ថា ការថ្កោលទោសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រឆាំងនឹងលើការវាយប្រហារអ្នកតំណាងរាស្ត្រនោះ អាចជឿបាន លុះត្រាតែលោកហ៊ុន សែនអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យពីអ.ស.ប.។
ឧត្តមស្នងការអ.ស.ប.ទទួលផ្នែកសិទ្ធិមនុស្សបានទទូចថា រដ្ឋាភិបាលត្រូវទទូលខុសត្រូវចំពោះការធានាផ្តល់សិទ្ធិប្រមូលផ្តុំគ្នា និងការបញ្ចេញមតិ ជូនដល់គ្រប់ភាគីទាំងអស់។ ឧត្តមស្នងការអ.ស.ប.បន្ថែមថា ក្រុមមន្ត្រីគណបក្សជំទាស់ និងក្រុមសកម្មជននានាបានរង«បរិយាកាសដ៏អាក្រក់» ដូចជាការចាប់ដាក់គុក ដកហូតតំណែង និងការវាយប្រហារតំណាងរាស្ត្រជាដើម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ ឧត្តមស្នងការអ.ស.ប.ទទួលផ្នែកសិទ្ធិមនុស្សបានបញ្ជាក់ថា មានសកម្មជនគណបក្សជំទាស់១១ រូបកំពុងជាប់ឃុំឃាំង ចាប់ពី៧ឆ្នាំដល់២០ឆ្នាំ ដោយសារតែការចោទប្រកាន់ថា ចូលរួមឬដឹកនាំកុប្បកម្ម ហើយសមាជិកព្រឹទ្ធសភាម្នាក់របស់គណបក្សសម រង្ស៊ីកំពុងរង់ចាំការកាត់ទោសពីបទចោទថា ក្លែងបន្លំ ប្រើប្រាស់ឯកសារជាសាធារណៈ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ រួមទាំងលោកសម រង្ស៉ីក៏រងការគំរាមថា អាចជាប់គុកពីរឿងបង្ហោះឯកសារព្រំដែនដែលរដ្ឋាភិបាលចាត់ទុកថា ជាឯកសារក្លែងក្លាយ ហើយក៏មានការគម្រាមសុវត្ថិភាពរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានរបស់លោកផ្ទាល់។ លោកត្រូវរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបោះឆ្នោតទម្លាក់ពី តំណែងអនុប្រធានទី១រដ្ឋសភាមកនៅត្រឹមសមាជិកសភាធម្មតា។
គណបក្សសង្គ្រោះជាតិគឺជាគូប្រជែងនយោបាយដ៏សំខាន់សម្រាប់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ ជាពិសេសជាគូប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្គាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨៕