លទ្ធផល​ស្ទង់មតិ​​នៅ​អាស៊ី​បង្ហាញ​ការគាំទ្រ​អាមេរិក​​កើន​ឡើង​ខ្ពស់ ខណៈ​ការគាំទ្រ​​ចិន​ធ្លាក់ចុះ

ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​សាកលវិទ្យាល័យ​​កសិកម្ម​​និង​បច្ចេកទេស​នៃ​រដ្ឋ North Carolina ក្នុង​ទី​ក្រុង Greensboro កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២។ (AP)

តាម​ការស្ទង់​មតិ​របស់ក្រុមហ៊ុន Gallup ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ឲ្យ​ដឹង​ថា មាន​ការកើន​ឡើង​នូវ​ការគាំទ្រ​ដល់​ការដឹកនាំ​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ពិភពលោកតាម​រយៈ​ការ​ស្ទង់មតិក្នុង​ឆ្នាំ២០២១ នៅ​ទូទាំង​ទ្វីប​អាស៊ី​ដោយ​មាន​ការកើនឡើង​ខ្ពស់​នៅ​ក្នុងប្រទេស​ឡាវ កូរ៉េខាង​ត្បូង​និង​វៀតណាម។

បើ​តាម​ការ​ស្ទង់​មតិ​នេះបាន​បង្ហាញ​ថា ​អត្រា​យល់ព្រម​ទៅ​លើ​ការដឹកនាំ​របស់​អាមេរិកក្នុង​ពិភពលោក​ ដែល​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​ប្រទេស​ចំនួន​៣៣​គឺ​មាន​ការគាំទ្រចំនួន៤១ភាគរយនៅ​ក្នុង​ឆ្នាំ​២០២១ ដែល​បាន​កើន​ឡើង​ចំនួន​១០ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២០​នោះ។ ដោយ​ឡែក​អត្រា​គាំទ្រ​ការ​ដឹកនាំ​របស់​ចិនវិញ​បាន​ធ្លាក់ចុះចំនួន​១ពិន្ទុ​គឺ​មាន​ចំនួន​២៧ភាគរយ​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ។

អ្នក​ចូល​រួម​ការស្ទង់មតិ​ក៏​ត្រូវ​បាន​សួរ​អំពី​ទស្សនៈ​របស់​គេស្តីពី​ការដឹកនាំ​របស់​ប្រទេស​អាល្លឺម៉ង់​ ដែល​មាន​ចំនួន​៤៣ភាគរយ រុស្ស៊ី​មាន​ចំនួន​៣៣ភាគរយ។ គួរ​កត់​សម្គាល់​ថា​ ​ការស្ទង់​មតិ​នេះត្រូវ​បាន​ធ្វើ​ឡើង​មុន​ការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ដែលមាន​គម្រោងរៀប​ចំ​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​នៃសមាគមន៍​ប្រទេស​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ។

អត្រា​គាំទ្រ​ចំនួន​៤១ភាគរយស្តីពី​តួនាទី​ដឹកនាំ​របស់​សហរដ្ឋអាមេរិក​នេះ​ មាន​កម្រិត​ខ្ពស់ជាង​រដ្ឋបាលអាមេរិក​មុន​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ប៉ុន្តែ​នៅ​តែ ទាប​ជាង​អត្រា​ស្ទង់​មតិ​ដែល​គាំទ្រ​អាមេរិក​ក្នុង​ឆ្នាំ២០១៣ ដែល​មាន​ចំនួន៤៥ភាគរយ។ នេះ​បើតាម​ការឲ្យ​ដឹងរបស់​ក្រុមហ៊ុន​ស្ទង់មតិ​ Gallup។

ក្រុមហ៊ុន Gallup បាន​ឲ្យ​ដឹង​ទៀត​ថា៖ «គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ អត្រា​អ្នក​គាំទ្រ​សហរដ្ឋ​អាមេរិក​គឺ​ផ្អែក​ទៅលើ​ទិន្នន័យ​ដែល​ប្រមូលបាននៅ​ក្នុងនិង​ក្រោយអំឡុង​ពេល​នៃ​ការ​ដកកងទ័ព​អាមេរិក​ចេញ ពី​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​សីហា ឆ្នាំ​២០២១»។

មានតែ​ប្រទេសមួយ​ប៉ុណ្ណោះ​ក្នុង​ទ្វីប​អាស៊ីដែលផ្តល់ការ​គាំទ្រ​តិច​លើតួនាទី​ដឹកនាំ​សហរដ្ឋ​អាមេរិក​ នោះ​គឺប្រទេស​អ៊ីរ៉ង់។ ប្រទេស​នេះបានផ្តល់​ការគាំទ្រ​អាមេរិកក្នុង​ចំនួន​តែ៧ភាគរយ​ប៉ុណ្ណោះ។ កម្រិត​ការ​គាំទ្រតិច​នេះ ក៏​ត្រូវ​បាន​គេ​ឃើញ​ផង​ដែរ​នៅក្នុង​ប្រទេស​តួកគីដែល​មាន​ចំនួន​អ្នកគាំទ្រ​ប្រមាណ​២២ភាគរយ​ហើយ​ប្រទេស​ប៉ាគីស្ថាន​មាន​ការ​គាំទ្រ​ប្រមាណ​២៣ភាគរយ។

ការគាំទ្រ​ដ៏​ខ្លាំង​ទៅ​លើ​តួនាទីដឹកនាំ​របស់​អាមេរិក​គឺមាន​ប្រទេស​ឡាវ​ដោយមាន​សំឡេង​គាំទ្រ​ឡើង​ខ្លាំង​ពី៤ភាគរយ​កាល​ពី​ឆ្នាំ​២០២០​ទៅ​ដល់៣៤​ភាគរយ​ក្នុង​ឆ្នាំ​២០២១។ ដោយ​ឡែក​ការគាំទ្រ​របស់​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ឡើងចំនួន​២៩ពិន្ទុ​គឺ​ចំនួន​៥៩ភាគរយ​ ហើយ​វៀតណាម​មាន​ការកើន​ឡើង​២៤ពិន្ទុ​គឺ​ប្រមាណ​៤៥​ភាគរយ។

ប្រទេស​ដែល​មាន​អត្រា​គាំទ្រ​ខ្លាំង​បំផុតនៅ​ក្នុង​ទ្វីបអាស៊ី​ដល់តួនាទី​ដឹកនាំលើ​ពិភពលោក​របស់​សហរដ្ឋអាមេរិក​គឺ​ប្រទេស​ហ្វីលីពីន​ដោយ​មាន​ការ​គាំទ្រ​ចំនួន​៧១ភាគរយ៕