កូរ៉េខាងជើងនឹងប្រទេសជិតខាងនៅក្នុងតំបន់បានប្រតិកម្មយ៉ាងប្រុងប្រយ័ត្នចំពោះ
ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការលុបចោលជំនួបកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងស្តីពីនុយក្លេអ៊ែរកូរ៉េខាងជើង។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោក Kim Kye Gwan បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA ថាកូរ៉េខាងជើងនៅតែបើកចំហរដើម្បីដោះស្រាយបញ្ហាផ្សេងៗជាមួយនឹងសហរដ្ឋអាមេរិកគ្រប់ពេលនិងគ្រប់វិធី និងបានកោតសរសើដល់កិច្ចខំប្រឹងប្រែងទំនាក់ទំនងការទូតរបស់លោកប្រធានាធិបតីត្រាំ។
លោកអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបានថ្លែងតាមរយៈសេចក្តីថ្លែងការនេះថា«យើងកោតសរសើយ៉ាងខ្ពង់ខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី ត្រាំ ដែលជាកិច្ចប្រឹងប្រែងមួយមិនដែលធ្លាប់មាននៅក្រោមអាណត្តិប្រធានាធិបតីមុនៗ ក្នុងការបង្កើតឲ្យមានជំនួបកំពូលជាមួយកូរ៉េខាងជើងជាប្រវត្តិសាស្ត្រនេះ»។
ការថ្លែងដោយពាក្យសម្តីផ្សះផ្សារដែលធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសរបស់
មេដឹកនាំ គីម ជុងអ៊ុន នេះគឺផ្ទុយគ្នាស្រឡះពីការថ្លែងរិះគន់ ប្រមាថ និងគំរាមកំហែងដែលធ្វើឡើងដោយមន្ត្រីកូរ៉េខាងជើងផ្សេងទៀតកាលពីពេលកន្លងមក ដែលបណ្តាលឲ្យលោក ត្រាំ សម្រេចលុបចោលជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅខែមិថុនាខាងមុខនេះនៅក្នុងប្រទេសសិង្ហបុរី។
កាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក Choe Son Hui បានហៅលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ថាជា«អ្នកនយោបាយទីមោង» និងបានគំរាមប្រជែងអំណាចនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងអត្ថាធិប្បាយរបស់លោក Pence ដែលបានអំពាវនាវឲ្យកូរ៉េខាងជើងយកគំរូតាមប្រទេសលីប៊ីក្នុងការធ្វើមិនឲ្យមាននុយក្លេអ៊ែរ៕