ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​អាស៊ី​​ចាប់​ផ្តើម​​ខែ​មេសា​ ដោយ​ការ​ខាត​បង់​កាន់​តែ​ច្រើន​ដោយសារជំងឺកូវីដ១៩

ស្រ្តីម្នាក់ពាក់ម៉ាសដើរកាត់ផ្សារហ៊ុននៅក្រុងហុងកុង នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​ទ្វីប​អាស៊ីបាន​ធ្លាក់​ចុះ​ក្នុង​អំឡុង​ការ​ជួញ​ដូរ​នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ដែលបន្ត​មាន​ព័ត៌មាន​មិន​ល្អ​ពី​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ជា​សាកល។

ទីផ្សារ Nikkei នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ជាង​៨៥០​ពិន្ទុ ឬ​ស្មើ​នឹង​៤,៥%​នៃ​តម្លៃ​របស់​ទី​ផ្សារ​នេះ នៅ​ពេល​បិទ​ផ្សារ​ខណៈ​ដែល​អ្នក​វិនិយោគ​បារម្ភ​ថា ចំនួន​ឆ្លង​មេរោគ​កូវីដ១៩​កាន់​តែ​ច្រើននៅ​ប្រទេស​ជប៉ុន​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​បិទ​ទី​ក្រុង​តូក្យូ។

នៅ​តំបន់​ដទៃ​ទៀត​នៃ​ទ្វីប​អាស៊ី ទី​ផ្សារ​ Hang Seng ក្នុង​ទី​ក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ​២,៥​ភាគរយ​នៅ​រសៀល​ថ្ងៃ​ពុធ ខណៈ​ដែល​ទៅ​ផ្សារ​នៅ​ក្រុង​សៀងហៃ​នៃ​ចិន​ដីគោក​បាន​ធ្លាក់​ចុះ​ជាង​កន្លះភាគ​រយ

ទី​ផ្សារ​ភាគហ៊ុន S&P/ASX ​នៅ​ប្រទេស​អូស្ត្រាលី​ជា​ទី​ផ្សារដែល​មាន​ការ​កើន​ឡើង​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​បាន​កើន​៣,៥%​កាល​ពី​ថ្ងៃ​ពុធ។

ការ​ធ្លាក់​ចុះ​ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​អាស៊ី​កាល​ពី​ថ្ងៃ​ពុធ​ បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​ទី​ផ្សារ​ភាគ​ហ៊ុន​ Wall Street នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ទី​ផ្សារ Dow Jones ផ្សារ S&P 500 និង​ផ្សារ Nasdaq សុទ្ធ​តែ​បាន​ធ្លាក់​ចុះ​១​ភាគរយ​ឬ​លើស​ពី​នេះ។

ការ​ធ្លាក់​ចុះ​ផ្សារ​ភាគហ៊ុន​នៅ​អាមេរិក​នេះ​ជា​ការ​ធ្លាក់​ចុះ​រ​យៈ​ពេល​បី​ខែ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧​មក ដោយ​តម្លៃ​ផ្សារ​ភាគហ៊ុន​សរុប​បានធ្លាក់​ចុះ​២៣%​ក្នុង​មួយ​ត្រីមាស។ ទី​ផ្សារ​ S&P បាន​ធ្លាក់​ថ្លៃ​២០%​ ដែល​ជា​ការ​ធ្លាក់​ថ្លៃ​ក្នុងមួយ​ត្រី​មាស​ខ្លាំង​បំផុត​ក្នុងរយៈ​ពេលជាង​មួយ​ទសវត្ស៕