បញ្ហាមួយដែលគ្រួសារអាមេរិកាំងច្រើននាក់ប្រឈមមុខ:គឺតើនៅពេលណាពួកគេត្រូវសួរម្តាយឬឳពុកថាតើគាត់ប្រុងប្រៀបចាកចេញពីផ្ទះពួកគេហើយទៅរស់នៅក្នុងសហគមន៍ជនចូលនិវត្តន៍ឬកន្លែងមានជំនួយក្នុងការរស់នៅ។សម្រាប់ពលរដ្ឋអាមេរិកាំងដែលមករស់នៅក្នុងប្រទេសអាមេរិកកាលពីពេលថ្មីៗ គំនិតនេះជាញឹកញយប៉ះទង្គិចជាមួយការរំពឹងខាងវប្បធម៌។
ក្រុមហ៊ុនផ្ទះសម្រាប់មនុស្សចាស់មួយដែលគិតកម្រៃនិងអង្គការមិនគិតកម្រៃមួយក្នុងក្រុង Seattle បានធ្វើវិនិយោគប្រាក់រាប់លានដុលា្លរដាច់ដោយឡែកពីគ្នាដើម្បីពង្រីកជម្រើសខាងការរស់នៅសម្រាប់ក្រុមជនចាស់ជរាជាពិសេសសម្រាប់ជនជាតិចិនចាស់ៗ។សេចក្តីត្រូវការផ្ទះសំបែងបែបនេះឆ្លុះបញ្ចាំងឲ្យឃើញការប្រែប្រួលអាកប្បកិរិយាក្នុងចំណោមគ្រួសារពួកជនអន្តោប្រវេសន៍អាស៊ីអំពីថាតើធ្វើបែបណាដើម្បីផ្តល់និងទទួលការថែរក្សាមនុស្សចាស់ជរា។
លោក Brian Palmore អ្នកចាត់ចែងការអភិវឌ្ឍន៍រៀបរាប់រូបភាពឆើតឆាយនៃផ្ទះសម្រាប់ចូលនិវត្តន៍ដ៏ប្រណីតដែលនិងត្រូវកសាងក្នុងពេលឆាប់ៗនេះនៅក្នុងកន្លែងមួយដែលនៅពេលនេះជាផ្ទៃដីទំនេរមួយនៅក្នុងតំបន់ជាយក្រុងមួយនៃក្រុង Seattle។
«នេះជាកន្លែងបរិភោគអាហារពេលយប់។នៅពីក្រោយយើងគឺកន្លែងសម្រាប់រៀបចំសួនច្បារ Zen...»
ក្រុមហ៊ុន Aegis Living ដែលចាត់ចែងកន្លែងស្នាក់អាស្រ័យសម្រាប់មនុស្សចាស់ទាក់ទាញពលរដ្ឋអាមេរិកាំងដើមកំណើតចិននិងពួកជនអន្តោប្រវេសន៍ចិនជាមួយសហគមន៍សម្រាប់មនុស្សចូលនិវត្តន៍មានទឹកប្រាក់៥០លានដុល្លារនេះ។
«នៅខាងស្តាំនៅជិតកន្លែងកីឡា យើងមានបន្ទប់លេងល្បែង Mahjong...»
មានលក្ខណៈពិសេសខ្លះទៀតនៅក្នុងអាគារនេះដែលមានបន្ទប់រស់នៅ១០០មានរួមបញ្ចូលពួកគិលានូប្បដ្ឋាយិកានិយាយភាសាច្រើន, “chair tai chi”, បន្ទប់បរិភោគតែមួយ, ម្ហូបអាហារអាស៊ីនិងមជ្ឈមណ្ឌលពហុវប្បធម៌ចិនមួយ។លោក Dwayne Clark អ្នកបង្កើតនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Aegis Living និយាយថាការស្រាវជ្រាវខាងប្រជាសាស្ត្របានរកឃើញអំពីផ្សារធំមួយសម្រាប់ការថែរក្សាមនុស្សចាស់ជរាដែលសមរម្យតាមវប្បធម៌។
«មានពលរដ្ឋអាមេរិកាំងដើមកំណើតចិន៩ម៉ឺន២ពាន់នាក់ក្នុងចម្ងាយ២៥miles។មាន៣ម៉ឺននាក់ក្នុងចម្ងាយ៧miles។ខ្ញុំនិយាយថា'លោកនិយាយលេង។' ខ្ញុំមិនអាចជឿការណ៍នេះទេ»។
លោក Clark និយាយថាជាវិធានការល្អក្រុមហ៊ុនលោកបានឲ្យអ្នកពិគ្រោះយោបល់ Feng Shui ម្នាក់មកពិនិត្យមើលកន្លែងដែលគ្រោងនឹងស្ថាបនាអាគារនេះ។ការអភិវឌ្ឍន៍កន្លែងនេះមានឈ្មោះថា Aegis Gardens។ក្រុមហ៊ុននេះនឹងឲ្យបង់ប្រាក់ពី១ម៉ឺន៥ពាន់ទៅ៦ម៉ឺនដុល្លារសម្រាប់ចូលទៅនៅទីនោះហើយមានថ្លៃឈ្នួលផ្ទះ appartement ប្រណីតដែលមានរហូតដល់៨ពាន់ដុល្លារក្នុងមួយខែ។
នៅឆ្លងពីបឹង Washington ក្នុងប៉ែកអាគ្នេយ៍ក្រុង Seattle កំពុងមានការកសាងមួយនៅទីនោះ។អង្គការមិនគិតកម្រៃមួយឈ្មោះ Kin On ចំណាយប្រាក់ប្រមាណ៧លានដុល្លារដើម្បីពង្រីកកន្លែងថែរក្សាមនុស្សចាស់ជរាឲ្យទៅជាមជ្ឈមណ្ឌលមួយ។នៅពេលណាត្រូវកសាងស្រេចហើយកន្លែងនេះនឹងផ្តល់ជម្រើសខាងកន្លែងរស់នៅសម្រាប់ពួកជនអន្តោប្រវេសន៍អាស៊ីចាស់ជរាដែលភាគច្រើនមានគុណវុឌ្ឍិសម្រាប់ទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាល។
លោក Sam Wan ជានាយកអង្គការ Kim On ចាប់តាំងពីដើមមកគឺ៣០ឆ្នាំមកហើយ។នៅពេលនេះនៅក្នុងអាគារនេះមានការសន្ទនាគ្នាជាភាសាចិនកន្តាំងនិងភាសាចិនកុកងឺ។ ក៏ប៉ុន្តែលោក Wan នឹកឃើញដល់ការសង្ស័យដំបូងៗអំពីថាតើគ្រួសារចិននឹងដាក់ពួកជនចាស់ជរារបស់ពួកគេក្នុងកន្លែងថែរក្សាមនុស្សចាស់ៗឬទេ»។
«ពួកជនអន្តោប្រវេសន៍ថ្មីៗពិចារណាអំពីការរក្សាទុកពួកជនចាស់ជរារបស់ពួកគេនៅក្នុងផ្ទះពួកគេ។ពួកគេរស់នៅជាមួយគ្នាបីជំនាន់មនុស្សមកហើយ។អាគារថែរក្សាមនុស្សចាស់ជរាជាវប្បធម៌បស្ចឹមប្រទេសមួយបែប»។
ការណ៍នេះមានដូចការព៌ណនាអំពីការរំពឹងទុករបស់អ្នកស្រី Pam Tsai និងបងប្អូនស្រីរបស់អ្នកស្រី។ស្ត្រីទាំងពីរនាក់នេះថែរក្សាម្តាយពួកគេនៅក្នុងផ្ទះពួកគេ។ក៏ប៉ុន្តែនៅពេលដែលម្តាយពួកគេដែលមិនចេះនិយាយភាសាអង់គ្លេសត្រូវការការថែរក្សាប្រកបដោយការប៉ិនប្រសប់ពួកគេក៏ទាក់ទងនឹង Kin On។
«ម្តាយខ្ញុំចូលចិត្តម្ហូបចិន។គាត់និយាយភាសាចិនកន្តាំង។គាត់ចូលចិត្តនៅ ទីនេះ»។
ដោយសារអង្គការ Kim On បំពេញតាមសេចក្តីត្រូវការទាំងនេះ គ្រួសារនេះយល់ថាជាការអាចទទួលយកបាន។
នៅម្ខាងទៀតនៃទីក្រុង ប្រធានប្រតិបត្តិនៃ Aegis Living គឺលោក Clark រំលឹកដល់ការសន្ទនាគ្នាស្រដៀងគ្នានេះ។
«ខ្ញុំនឹកឃើញដល់ជំនួបមួយជាមួយស្ត្រីម្នាក់ដែលជាអ្នកចាត់ចែងកិច្ចការខាងបច្ចេកទេសជាន់ខ្ពស់។អ្នកស្រីនិយាយថា'Dwayne លោកដឹងទេ។ខ្ញុំចំណាយប្រាក់ជិត២សែនដុល្លារទៅរៀននៅសាកលវិទ្យាល័យ Stanford បានទទួលបរិញ្ញាប័ត្រនិងសញ្ញាប័ត្រ MBA។ខ្ញុំមិនដឹងថាខ្ញុំចង់់នៅផ្ទះដើម្បីថែរក្សាម្តាយក្មេកខ្ញុំឬបែបណាទេ។ខ្ញុំចង់ប្រើការសញ្ញាប័ត្រ MBAរបស់ខ្ញុំ។'ខ្ញុំយល់ថានេះជាគំនិតមួយដែលដល់ពេលអនុវត្តហើយ»។
លោកនិយាយថាបញ្ហាគឺធ្វើឲ្យការរស់នៅនៅក្នុងអាគាររបស់ពួកគេមានភាពល្អប្រសើរជាងនៅឯផ្ទះ។
«ប្រសិនបើកន្លែងលោកអ្នកជាកន្លែងល្អបំផុត នោះភាពមានទោសនៃការដាក់ឳពុកនិងម្តាយពួកគេនៅទីនេះនឹងរសាយ។ភិរុទ្ធភាពនេះនឹងរលាយបាត់»។
កន្លែងថ្មីៗទាំងនេះចូលរួមជាមួយផ្ទះឯទៀតៗសម្រាប់ឲ្យមនុស្សចាស់ជរានិងពួកជនចូលនិវត្តន៍រស់នៅដោយមានការជួយដែល «មានសមត្ថភាពខាងវប្បធម៌»សម្រាប់ពួកជនអំបូរអាស៊ីនៅក្នុងក្រុងនេះ ដោយមានរួមបញ្ចូល Seattle Keiro ដែលបានបើកកាលពីឆ្នាំ១៩៧៦សម្រាប់ជនជាតិជប៉ុនចាស់ជរានិង pan-Asian Legacy House ដែលបើកធ្វើប្រតិបត្តិការចាប់តាំងពីឆ្នាំ១៩៩៨៕
ប្រែសម្រួលដោយ ឈឹម សុមេធ