ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទេព​កោសល្យ​សិល្បៈករ​សៀក​កម្ពុជា​សង្ឃឹម​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​អាមេរិក​ភ្ញាក់ផ្អើល


អ្នក​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​កំពុង​សម្តែង​រឿង«‍លោហធាតុ​ខ្មែរ» ឬ “Khmer Metal” ដែល​បង្ហាញ​ពី​សង្គម​កម្ពុជា​ក្នុង​សម័យកាល​ទំនើប។ (រូបថត​ផ្តល់​ឲ្យ)
អ្នក​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​កំពុង​សម្តែង​រឿង«‍លោហធាតុ​ខ្មែរ» ឬ “Khmer Metal” ដែល​បង្ហាញ​ពី​សង្គម​កម្ពុជា​ក្នុង​សម័យកាល​ទំនើប។ (រូបថត​ផ្តល់​ឲ្យ)

​ពី​ថ្ងៃ​ទី១៤​ខែ​កញ្ញា​នេះ​​ដល់​ថ្ងៃទី​២​ខែ​វិច្ឆិកា ​ក្រុម​សម្តែង​សិល្បៈ​សៀក​កាយ​សម្ព័ន្ធ​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​នឹង​បង្ហាញ​ទេព​កោសល្យ​របស់​ខ្លួន​ដល់​ទស្សនិកជន​នៅ​សហ​រដ្ឋ​អាមេរិក​​លើក​ដំបូង​បង្អស់។

ចាប់​ពី​ថ្ងៃ​ទី១៤​ខែ​កញ្ញា​នេះ​រហូត​ដល់​ថ្ងៃទី​២​ខែ​វិច្ឆិកា ​ក្រុម​សម្តែង​សិល្បៈ​សៀក​កាយ​សម្ព័ន្ធ​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​នឹង​បង្ហាញ​ទេព​កោសល្យ​របស់​ខ្លួន​ដល់​ទស្សនិកជន​នៅ​សហ​រដ្ឋ​អាមេរិក​ជា​លើក​ដំបូង​បង្អស់។​

អស់​រយៈពេល​ជាង​១០ឆ្នាំ​កន្លង​ទៅ​នេះ ​ក្រុម​សម្តែង​សិល្បៈ​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វាពន្លឺ​សិល្បះ​បាន​សម្តែង​ទេព​កោសល្យ​ខាង​សៀក​កាយ​សម្ព័ន្ធ​របស់​ខ្លួន​នៅ​តាម​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ​និង​អឺរ៉ុប ​ហើយ​ត្រូវ​បាន​ទទួល​ស្គាល់ ​និង​កោត​សរសើរ​នៅ​ទូទាំង​ពិភពលោក។ ​ក៏​ប៉ុន្តែ​នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​មក​សម្តែង​ជូន​ទស្សនិកជននៅ​សហ​រដ្ឋ​អាមេរិក។​

លោក ​ហ៊ួត តារា​ ដែល​ជា​ប្រធាន​ផលិតកម្ម​នៃ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​ ​បាន​ឲ្យ​ដឹង​ថា ​ក្រុមសៀក​របស់លោក​អាច​មកសម្តែង​សៀក​កាយ​សម្ព័ន្ធ​លើក​ទី​មួយ​នៅ​សហ​រដ្ឋ​អាមេរិក​នេះ​ ​ដោយ​សារ​តែ​សារមន្ទីរ Ringling ​ដ៏​ចំណាស់​មួយ​របស់​សហ​រដ្ឋ​អាមេរិក​បាន​រៀបចំ​កម្មវិធី​ពិសេស​មួយ​សម្រាប់​សារមន្ទីរ​ស្តីពី​សិល្បៈ​អាស៊ី ​ហើយ​ក៏​បាន​អញ្ជើញ​ក្រុម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​លោក​ឲ្យ​ចូលរួម​សម្តែង​ទេព​កោសល្យ​ជាមួយ​នឹង​អ្នក​សម្តែង​សិល្បៈ​ផ្សេងៗ​ដែល​មក​ពី​ប្រទេស​នានា​ ដូចជា​ប្រទេស​ចិន ​ប្រទេស​កូរ៉េ ​និង​ប្រទេស​ជប៉ុន​ជា​ដើម។​

«‍ពួក​យើង​ចង់​ពាំនាំ​នូវ​អ្វី​ដែល​ជា​ភាព​អស្ចារ្យ​របស់​ទេព​កោសល្យ​យុវជន​ យុវនារី​កម្ពុជា ​ដែល​ជា​សិល្បៈករ​ជំនាន់​ក្រោយ ​មក​បង្ហាញ ​និង​ឲ្យ​ទស្សនិក​ជន​នៅ​សហ​រដ្ឋ​អាមេរិក​នេះ​បាន​ទទួល​ស្គាល់ ​និង​ស្ងើច​សរសើរ»។​

លោកតារា​ក៏​បាន​បន្ថែម​ថា ​នេះ​គឺជា​ឱកាស​មួយ​ដ៏​កម្រ​ដែល​ក្រុម​សៀក​កាយ​សម្ព័ន្ធ​របស់​លោក​ធ្លាប់​ទទួល​បាន។ ​ហេតុ​ដូច្នេះ ​លោក​ក៏​បាន​ទាក់ទង​ទៅ​ដៃ​គូ​សហការ​របស់​លោក​នៅ​សហ​រដ្ឋ​អាមេរិក ​ដើម្បី​រៀបចំ​កម្មវិធី​សម្តែង​សៀក​កាយ​សម្ព័ន្ធ​ជូន​ទស្សនិកជន​នៅ​អាមេរិក​ក្នុង​រូបភាព​ធំ​ជាង​នេះ។​

កុ្រម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​ដ៏​ឆ្នើម​របស់​ហ្វា​ពន្លឺ​សិល្បៈ​ថត​រូប​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​នៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ២០១៥។ (Courtesy Photo)
កុ្រម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​ដ៏​ឆ្នើម​របស់​ហ្វា​ពន្លឺ​សិល្បៈ​ថត​រូប​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​នៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ២០១៥។ (Courtesy Photo)

«‍យើង​ឆ្លៀត​ក្នុង​ឱកាស​នេះ ​ដើម្បី​ធ្វើការ​ជាមួយ​នឹង​ដៃ​គូ ​និង​ Sponsors (អ្នកធានា)​ផ្សេង​ទៀត​ ដើម្បី​ពាំនាំ​នូវ​ទស្សនីយភាព​ «Khmer Metal» ​ទៅ​កាន់​រដ្ឋ​ផ្សេងៗ​ទៀត​នៅ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ»។​

រឿង​«Khmer Metal»​ ឬ​ ​«‍លោហធាតុ​ខ្មែរ» ​របស់​ក្រុម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​ហ្វា​ពន្លឺ​សិល្បៈ​នេះឆ្លុះ​បញ្ចាំង​ទិដ្ឋភាព​សង្គម​បច្ចុប្បន្ន​របស់​យុវជន​កម្ពុជា​ដែល​ភ្លើត​ភ្លឺន​នឹង​ការ​សប្បាយ​នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ។ ​ការសម្តែង​នេះ​មាន​ចម្រុះទៅដោយសៀក​កាយ​សម្ព័ន្ធ​ដ៏​ប៉ិន​ប្រសព្វ ​និង​ឈុតឆាក​កម្លែង​ផ្សេងៗ។

ក្នុង​ការ​សម្តែង​រឿង​«Khmer Metal»​កន្លង​មក​នៅ​កម្ពុជា ​ អ្នក​ទស្សនា​ដែល​មាន​វ័យ​កណ្តាលពេញ​ចិត្ត និងការ​កោត​សរសើរ​ការសម្តែងនេះ។ ​ក៏​ប៉ុន្តែ​អ្នក​ចាត់ចែង​ក៏​មានក្តី​បារម្ភ​ផង​ដែរអំពី​អារម្មណ៍​របស់កុមារ​តូចៗ​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​សាច់​រឿង​នេះ។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ហ៊ួត តារា។​

‍«គាត់​បារម្ភ​ក្មេង​តូចៗ ​ដោយ​សារ​តែ​ប្រធាន​បទ​របស់​វា​សំខាន់​សម្រាប់​មនុស្ស​ធំ។​ ដូច្នេះ ​នៅ​ទីតាំង​សម្តែង​មួយ​ចំនួន​ ដូច​ជាសាលមហោស្រព​សហគមន៍​ ​Thomas Jefferson ​នៅ​រដ្ឋ​ Virginia ​ គាត់​បារម្ភ​ពី​ចំណុច​នេះ។ យើង​នឹង​សម្តែង​ដែល​មិនមែន​ Khmer Metal ​គឺ​សម្តែង​ជា​របៀប​មាន​សាច់​រឿង​ខ្លះ​ពាក់ព័ន្ធ​នឹង​កម្ពុជា ​ដែល​យើង​ដាក់​ឈ្មោះ​ថា ​បារ៉េ‍»។​

ការ​បកស្រាយ​របស់​នាង​ពិន ភូណាំ ​ សិល្បៈការិនី​សម្តែង​សៀក​កាយ​សម្ព័ន្ធ​ដ៏​ឆ្នើម​ម្នាក់ ​បាន​ឲ្យ​ដឹង​ថា ​ការ​សម្តែង​«‍បារ៉េ»​នេះ​គឺ​ជា​ការ​សម្តែង​មួយ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​សាមញ្ញ​ធម្មតា​នៅ​តាម​ភូមិ។ ​

«‍ការ​សម្តែង​«‍បារ៉េ»​នេះ​គឺ​ជា​ការ​សម្តែង​ដែល​និយាយ​អំពី​ នៅ​ក្នុង​ភូមិ​មួយ​នៅ​ស្រុក​ខ្មែរ ​ប្រជាជន​ភ្ញាក់​ពី​គេង ​ទៅ​ដាក់​បាត​លោក ​មាន​លោក​សង្ឃ ​មាន​ស្វា មាន​នាង​មច្ឆា​ជាដើម។​ និយាយ​ទៅ​គឺមាន​លក្ខណៈ​បែប​ខ្មែរ​តែ​ម្តង។ ​អត់​មាន​អី​ត្រូវ​បារម្ភ​ពី ​ដូច​ថា​ ខ្លឹមសារ​វា​ថា​ ក្មេង​ ឬ​ក៏​មនុស្ស​មើល​បាន​ ឬ​អត់​ទេ»។​

ក្រៅ​ពី​ការ​សម្តែង​នៅ​ក្នុង​កម្មវិធី​សិល្បៈ​អន្តរជាតិ​នៃ​សារមន្ទីរ ​Ringling ​ ក្រុម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​នឹង​ធ្វើ​សិក្ខាសាលា​តាម​សាលារៀន ​និង​សាកល​វិទ្យាល័យ​ផ្សេងៗ​នៅ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ផ្ញើ​ជូន​សារ​នៃ​ក្តី​សង្ឃឹម​របស់​យុវជន​កម្ពុជា ​ដែល​ជួប​នឹង​វាសនា​អកុសល ដូចជា​សមាជិក​អ្នក​សម្តែង​របស់​ហ្វាពន្លឺ​សិល្បៈ​មួយ​ចំនួន​កាលពីមុនដែរ ជូនដល់ទស្សនិកជន​ជាតិ​អាមេរិក និង​ជាពិសេស​គឺ​សហគមន៍​ខ្មែរ​អាមេរិក​តែ​ម្តង។​

កុ្រម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​ដ៏​ឆ្នើម​របស់​ហ្វា​ពន្លឺ​សិល្បៈ​ថត​រូប​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​នៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ២០១៥។ (Courtesy Photo)
កុ្រម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​ដ៏​ឆ្នើម​របស់​ហ្វា​ពន្លឺ​សិល្បៈ​ថត​រូប​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​នៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ២០១៥។ (Courtesy Photo)

លោក ​ហ៊ួត តារា ​បាន​បកស្រាយ​អំពី​គោល​បំណង​នៃ​ការ​ធ្វើ​សិក្ខា​សាលា​នេះ​ថា៖​ «‍គោល​បំណង​គឺ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​យុវជន​កម្ពុជា ​និង​យុវជន​នៅ​អាមេរិក​ ឲ្យ​មាន​ទំនាក់​ទំនង​គ្នា​កាន់​តែ​ច្រើន​ទៅ​ថ្ងៃ​អនាគត ​និង​នាំ​មក​នូវ​សារ​ទាំង​ឡាយ​ នូវ​ថាមពល​ដ៏​វិជ្ជមាន​របស់​យុវជន​កម្ពុជា​ របស់​ហ្វា ​និង​សារ​នូវ​ក្តី​សង្ឃឹម ​និង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គាត់ ​ដែល​គាត់​បាន​ជោគជ័យ​រហូត​មក​ដល់​ថ្ងៃ​នេះ ​គឺ​ដើម្បី​ចែក​រំលែក​ទៅ​ដល់​យុវជន​ដទៃ​ទៀត​នៅ​ទីនេះ ​និង​នៅ​ជុំវិញ​ពិភព​លោក​ទាំង​អស់»។​

បច្ចុប្បន្ន​នេះ ​ក្រុម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​ហ្វា​ពន្លឺ​សិល្បៈ​កំពុង​តែ​ស្ថិត​នៅ​ទីក្រុង ​Long Beach​ រដ្ឋ​កាលីហ្វ័រញ៉ា ​ដើម្បី​ហាត់​សម ​និង​ត្រៀម​ខ្លួន​សម្រាប់ការសម្តែង​នៅថ្ងៃដំបូង​គឺនៅ​ថ្ងៃទី២០​ ខែ​កញ្ញា​ខាង​មុខ​នេះ។​ យោងតាម​លោក​ហ៊ួត តារា​ឲ្យ​ដឹង​ថា ​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ទទួល​ស្វាគមន៍​ក្រុម​សម្តែង​របស់​ហ្វា​យ៉ាង​កក់​ក្តៅ។

សម្រាប់នាង​ពិន ភូណាំ​វិញ ​ការ​ទទួល​ស្វាគមន៍​ដ៏​កក់ក្តៅ​នេះ​គឺជា​កត្តា​លើក​ទឹក​ចិត្ត​មួយ​ឲ្យ​នាង​ និង​ក្រុម​សម្តែង​របស់​នាង​ ខិតខំ​បញ្ចេញ​ទេព​កោសល្យ​របស់​ខ្លួន​កាន់​តែ​ល្អ​ជាង​មុន។ នាង​ភូណាំ​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ការ​គាំទ្រ ​និង​ការ​កោត​សរសើរ​ពី​ទស្សនិកជន​នៅ​សហ​រដ្ឋ​អាមេរិក​នេះ​ដូច​នៅ​កម្ពុជា​ដែរ។​

«‍ប្រជាជន​ដែល​គាត់​បាន​មក​មើល​ គឺ​គាត់​មើល​ហើយ​ គឺ​ពេញ​ចិត្ត​តែ​ម្តង​ ​គឺ​គាត់​ស្ងើច​សរសើរ​ថា ​យើង​អស្ចារ្យ ​ហើយ​គាត់​មិន​នឹង​ស្មាន​ថា​ កូន​ខ្មែរ​អាច​ធ្វើ​បាន។​ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​ថា​ នៅ​ស្រុក​អាមេរិក​ក៏​មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ដែរ។ ​ខ្ញុំ​សង្ឃឹម​ថា​ ក្រោយ​ពេល​ដែល​គាត់​បាន​មើល​ការ​សម្តែង​ហើយ ​គាត់​ប្រាកដ​ជា​ពេញ​ចិត្ត ​ហើយ​យើង​នឹង​រង់ចាំ​មើល​ ថា​តើ​គាត់​នឹង​ឲ្យ​សារ​អ្វី​ត្រឡប់​មក​យើង​វិញ​នៅ​ក្នុង​ការ​កែប្រែ ​ដើម្បី​ឲ្យ​ការ​សម្តែង​របស់​យើង​បាន​ល្អ​ជាង​មុន»។​

បន្ទាប់​ពី​ការ​សម្តែង​នៅ​តាម​ទីកន្លែង​ផ្សេងៗ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​និង​នៅ​ក្នុង​កម្មវិធី​សិល្បៈ​អន្តរជាតិ​របស់​សារមន្ទីរ Ringling ​ ក្រុម​សម្តែង​សៀក​កាយ​សម្ព័ន្ធ​របស់​ហ្វា​ពន្លឺ​សិល្បៈ​នឹង​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋ​ Virginia ​និង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដើម្បី​បន្ត​ការ​សម្តែង​ទេព​កោសល្យ​របស់​ខ្លួន​រហូត​ដល់​ថ្ងៃទី​២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

XS
SM
MD
LG