ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​​ឡើង​វិញនៅ​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ភាព​មិនច្បាស់​លាស់ខណៈ​លោក​អូបាម៉ា​ធ្វើ​ទស្សនកិច្ច​ចុង​ក្រោយ​ទៅ​កាន់​តំបន់​នេះ

រូប​បង្ហាញ​ពី​មេដឹកនាំ​កំពូល​ៗ​ដែល​គេ​រំពឹង​ថា​នឹង​ចូល​រួម​ក្នុង​ជំនួប​កំពូល G20 ​ត្រូវ​បាន​គេ​ដាក់តាំង​នៅ​ក្នុង​ហាង​មួយ​ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang របស់​ចិន។

​លោក អូបាម៉ា​ នឹង​ប្រឈម​មុខ​ជាមួយ​បញ្ហា​ធំៗ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី១១ ​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី ​ទៅ​កាន់​តំបន់​អាស៊ី ​ស្រប​ពេល​ដែល​ផែន​ការ​អនាគត​អំពី​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​សាជាថ្មី​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​កេរ​ដំណែល​របស់​លោក​នេះ​មាន​ភាព​មិន​ច្បាស់​លាស់។

ជា​មួយ​រយៈ​ពេល​មិន​ដល់​ប្រាំ​ខែ​ទៀត​ទេ​ នៅ​ក្នុង​សេតវិមាន លោក ​អូបាម៉ា​ នឹង​ធ្វើ​ដំណើរ​លើក​ចុង​ក្រោយ​ក្នុង​នាម​ជា​ប្រធានាធិបតី ​បន្ទាប់​ពី​បាន​បំពេញ​ការងារ​ពីរ​អាណត្តិ​ពេញ​ដើម្បី​បង្កើន​អំណាច​ និង​ឥទ្ធិពល​របស់​អាមេរិក​នៅ​ក្នុង​តំបន់។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​ជួប​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​ពិភព​លោក​ផ្សេង​ទៀត​ក្នុង​ជំនួប​កំពូល​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូត​លាស់​ខ្លាំង​ជាង​គេ ហៅ​កាត់​ថា ​G20​ ក្នុង​ទី​ក្រុង ​Hangzhou ​ប្រទេស​ចិន ​និង​កិច្ច​ប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​និង​អាស៊ី​ខាង​កើត ​នៅ​ទី​ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​ចាប់​ពី​ថ្ងៃ​ទី០២ ដល់​ថ្ងៃ​ទី០៨ ​ខែ​កញ្ញា។

ការ​ធ្វើ​ឲ្យ​គោល​នយោបាយ​ការ​បរទេស​មាន​តុល្យភាព​ជា​ថ្មី សំខាន់​ណាស់​សម្រាប់​សន្តិសុខ ​និង​ភាព​រុង​រឿង​របស់​សហរដ្ឋអាមេរិក​នា​ពេល​អនាគត នេះ​បើ​តាម​លោក​ អូបាម៉ា​។

មន្ត្រី​សេតវិមាន​បាន​ឲ្យ​ដឹង​ថា​ ខណៈ​ពេល​បំពេញ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ី លោក​ប្រធានាធិបតី​នឹង​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ «ប្រសិទ្ធភាព» ​នៃ​ការ​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP)។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចំនួន​១២ ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ ​គឺ​ជា​គ្រឹះ​សេដ្ឋកិច្ច​នៃ​គោល​នយោបាយ​ងាក​ទៅ​រក​តំបន់​អាស៊ី។

លោក ​Ben Rhodes​ ទីប្រឹក្សា​សន្តិសុខ​រង​របស់​សេតវិមាន​បាន​និយាយ​ថា៖ «កិច្ច​ព្រមព្រៀង ​TPP​ គឺ​ជា​ការ​សាក​ល្បង​សម្រាប់​ការ​ដឹក​នាំ​របស់​សហរដ្ឋអាមេរិក»។ លោក​អះ​អាង​ថា ​បើ​គ្មាន​សច្ចាប័ន ​អាមេរិក​ «អាច​នឹង​ប្រគល់​តំបន់​នេះ​ទៅ​ប្រទេស​មួយ​ចំនួន​ដូចជា ​ប្រទេស​ចិន​ ជា​ប្រទេស​ដែល​មិន​បាន​ផ្ដល់​នូវ​គំរូ​ដែល​មាន​ស្តង់ដារ​ខ្ពស់​ដូច​គ្នា​ សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឡើយ»។

ប៉ុន្តែ ថា​តើ​សភា​អាមេរិក​នឹង​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ​ឬ​យ៉ាង​ណា វា​គឺ​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​នៅ​ឡើយ​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី ដែលការ​ធ្វើ​ពាណិជ្ជកម្មនេះ​ត្រូវ​បាន​គេ​បន្ទោស​ថា​ជា​មូល​ហេតុ​នៃ​ការ​បាត់​បង់​ការងារ។

បេក្ខជន​គណបក្ស​ធំ​ទាំង​ពីរ​គឺ ​លោក ​Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​លោកស្រី Hillary Clinton បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សុទ្ធ​តែ​បាន​ថ្លែង​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​នេះ។

លោក​ អូបាម៉ា​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​ការ​ជំរុញ​លើក​ចុង​ក្រោយ​សម្រាប់​ការ​ផ្ដល់​សច្ចាប័ន​នេះ ​បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។

លោក ​Doughlas Paal ​អនុ​ប្រធាន​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ​ប្រចាំ​អង្គការ ទាយជ្ជទាន​ Carnegie​ សម្រាប់​សន្តិភាព​អន្តរជាតិ​បាន​និយាយ​ថា៖ «ឱកាស​នៃ​ការ​សម្រេច​កិច្ច​ព្រមព្រៀង​នេះ​កាន់​តែ​តូច​ទៅ​ៗ។ ប្រសិន​បើ​គ្មាន​សច្ចាប័ន ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​សាជាថ្មី​នៅ​តំបន់​អាស៊ី​ហាក់​ដូច​ជា​មាន​ចន្លោះ​ប្រហោង»។

លើស​ពី​នេះ លោក អូបាម៉ា នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ធំ​ជា​ច្រើន​នៅ​ក្នុង​ជំនួប​កំពូល​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូត​លាស់​ខ្លាំង​ជាង​គេ ហៅ​កាត់​ថា G២០។ មេ​ដឹកនាំ​កំពូល​ប្រចាំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​បំផុត ក្នុង​ពិភព​លោក​ចំនួន​២០ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជជែក​ពិភាក្សា​អំពី​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ដែល​កំពុង​ធ្លាក់​ចុះ​ និង​រួមគ្នា​ទប់ស្កាត់​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ។

ក្នុង​នោះ​ក៏​មាន​កិច្ច​ប្រជុំ​សំខាន់​មួយ​រវាង​លោក ​អូបាម៉ា និង​ប្រធានាធិបតី​ចិន លោក​ Xi Jinping ​និង​ប្រធានាធិបតី​តួកគី ​លោក ​Recep Tayyip Ergodan ។

លោក អូបាម៉ា​ ក៏​ទំនង​ជា​ជជែក​ក្រៅ​ផ្លូវ​ការ​ជា​មួយ​ប្រធានាធិបតី​រុស្សី លោក Vladimir Putin ​ផង​ដែរ។

កិច្ច​ចរចា​រវាង​អាមេរិក ​និង​ចិន​ នឹង​ជជែក​ពី​ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក អំពី​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​ការ​អនុវត្ត​សេដ្ឋកិច្ច និង​សកម្មភាព​ឈ្លាន​ពាន​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង ​ជា​ទីតាំង​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ទឹក​ដី​បង្ក​ជម្លោះ និង​បង្កើន​ភាព​តាន​តឹង​ជា​មួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក ​Paal​ និយាយ​ថា៖ «ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​នៅ​ឆ្នាំ​ក្រោយ​គឺ​ជា​ការ​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​រវាង​ទំនាក់​ទំនង​សហរដ្ឋអាមេរិក​និង​ចិន ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​នេះ​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​ផ្នែក​នយោបាយ​ជា​បន្ត​បន្ទាប់»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​សំខាន់​សម្រាប់​លោក​អូបាម៉ា​ ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​លោក​ Xi Jinping គឺ​ការ​គូស​បន្ទាត់​ក្រហម​មួយ​ចំនួន​ សំដៅ​ទៅ​លើ​អ្វី​ដែល​យើង​មិន​អាច​អត់​ធ្មត់​បាន»។

មន្ត្រី​សេតវិមាន​បាន​និយាយ​ថា កិច្ច​ប្រជុំ​បែប​នេះ​គឺ​ជា​កិច្ច​ប្រជុំ​ចុង​ក្រោយ​រវាង​លោក អូបាម៉ា​ និង​ លោក Xi។

លោក​ Rhodes ថា៖ «មេ​ដឹក​នាំ​ទាំង​ពីរនឹង​ពិនិត្យ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន ព្រម​ទាំង​ព្យាយាម​រក​វិធី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង»។

លោក អូបាម៉ា និង ​លោក Erdogan ​នឹង​ជជែក​អំពី​ការ​បង្ក្រាប​របស់​តួកគី​ចាប់​តាំង​ពី​ការ​បរាជ័យ​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មួយ ដែល​លោក​ប្រធានាធិបតី​តួកគី បាន​បន្ទោស​លើ​សហរដ្ឋអាមេរិក។ លើស​ពី​នេះ​មេ​ដឹក​នាំ​ទាំងពីរ​ក៏​នឹង​ជជែក​គ្នា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម ​អស្ថិរភាព​ក្នុង​ប្រទេស​ស៊ីរី និង វិបត្តិ​ជន​ភៀស​ខ្លួន។

ការ​ពិភាក្សា​រវាង​លោក​អូបាម៉ា​ និង លោក Putin ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្ដោត​លើ​ជម្លោះ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ​និង​តួនាទី​របស់​រដ្ឋាភិបាល​ទីក្រុង​មូស្គូ នៅ​ប្រទេស​ស៊ីរី។

សហរដ្ឋអាមេរិក​បាន​ជំរុញ​រុស្ស៊ីឲ្យ​បញ្ចុះ​បញ្ចូល​លោក​ប្រធានាធិបតី​ស៊ីរី ​Bashar al-Assad ឲ្យ​គោរព​តាម​កិច្ច​ព្រមព្រៀង​បញ្ឈប់​សង្គ្រាម និង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ជំនួយ​ចូល។

លោក អូបាម៉ា នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ​នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វៀងច័ន្ទ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាង​កើត​នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា។ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​មេ​ដឹក​នាំ​របស់​ឡាវ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​បន្ត​បន្ទាប់​ ដើម្បី​កសាង​ទំនាក់​ទំនង​ជា​មួយ​ប្រជាជន និង​ដើម្បី​អភិវឌ្ឍ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​បន្ថែម​ទៀត។

បន្ទាប់​ពី​កិច្ច​ប្រជុំ មេ​ដឹក​នាំ​សហរដ្ឋអាមេរិក​នឹង​ថ្លែង​សុន្ទរកថា​មួយ​ស្ដី​ពី​គោល​នយោបាយ​នៅ​តំបន់​អាស៊ី និង​ចក្ខុវិស័យ​របស់​អាមេរិក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ លោក ​Rhodes ​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​គាត់​នឹង​និយាយ​ការ​ពិត ដែល​ថា យើង​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​ខាង​ផ្នែក​ពាណិជ្ជកម្ម ​សេដ្ឋ​កិច្ច ការ​ទូត​ក្នុង​តំបន់ ​សន្តិ​សុខ​នៅ​ក្នុង​ភាព​ជា​ដៃគូ​ដែល​យើង​កំពុង​កសាង​ ទាំង​ជា​មួយ​សម្ព័ន្ធ​មិត្ត និង​ជាមួយ​ដៃគូ​ដែល​កំពុង​គិត​គូ​លើ​បញ្ហា​ប្រឈម​ដូចជា សន្តិសុខ​ដែនសមុទ្រ ​និង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ»។

លោក អូបាម៉ា ក៏​នឹង​ជំរុញ​ម្ដង​ទៀត​ឲ្យ​មាន​ការ​ផ្ដល់​សច្ចាប័ន​របស់​សហ​រដ្ឋអាមេរិក​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) ក្នុង​ពេល​ថ្លែង​សន្ទរកថា​ផង​ដែរ។

លោក អូបាម៉ា គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្វីលីពីន លោក ​Rodrigo Duterte ​ដើម្បី​ពិភាក្សា​អំពី​សេចក្ដី​សម្រេច​របស់​តុលាការ អន្តរជាតិ នៅ​ទី​ក្រុង​ឡាអេ ប្រឆាំង​នឹង​ការ​ទាម​ទារ​ទឹក​ដីនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ប្រធានាធិបតី អូបាម៉ា​ ព្យាយាម​ធានា​ចំពោះ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​សា​ជា​ថ្មី​នៅ​តំបន់​អាស៊ី។

ប៉ុន្តែ​ការ​រីក​ចម្រើន​លើ​សន្តិសុខ និង​ផ្នែក​ការ​ទូត គឺ​មិន​គ្រប់​គ្រាន់​ទេ នេះ​បើ​តាម​សម្ដី​លោក Matthew Goodman ​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​អាស៊ី ប្រចាំ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ ​និង​ការ​សិក្សា​អន្តរជាតិ។ លោកនិយាយ​ថា​ អនាគត​នៃ​ការ​ធ្វើ​តុល្យភាព​សា​ជា​ថ្មី និង​កេរដំណែល​របស់​លោក អូបាម៉ា ពឹង​ផ្អែក​លើ​កិច្ច​ព្រមព្រៀង TTP។​

លោក ​Goodman និយាយ​ថា៖ « ប្រសិន​បើ​កិច្ច​ព្រមព្រៀងមិន​ទទួល​សច្ចាប័ន ខ្ញុំ​គិត​ថា កេរដំណែល​របស់​លោក អូបាម៉ា នៅ​ក្នុង​តំបន់​អាស៊ី នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​លាយ​ចម្រុះ​គ្នា»៕

រាយការណ៏ដោយ សឿន វឌ្ឍនា