គេមិនរំពឹងថា នឹងមិនមានដំណោះស្រាយការទូតណាមួយសម្រាប់ការកាត់បន្ថយភាពតានតឹងពាក់ព័ន្ធការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានគេរកឃើញនៅឯកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ដែលធ្វើឡើងក្នុងសប្ដាហ៍នេះ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នោះទេ ទោះបីជាកិច្ចប្រជុំនេះជាព្រឹត្តិការណ៍សាកលលោកមួយ ដែលប្រទេសសំខាន់ៗទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងបញ្ហានេះ នឹងចូលរួមក៏ដោយ។
លោក Carlyle Thayer អ្នកវិភាគសន្តិសុខតំបន់អាស៊ីអាគ្នេយ៍ មកពីសាកលវិទ្យាល័យ Defense Force Academy នៅក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី បាននិយាយថា៖ «ការប្រឈមមុខដាក់គ្នារវាងប្រទេសចិន ប្រទេសរុស្ស៊ី ជាមួយនឹងសហរដ្ឋអាមេរិក ទៅលើបញ្ហាថាតើនរណាជាអ្នកមានការទទួលខុសត្រូវខ្លាំងបំផុតសម្រាប់ដោះស្រាយបញ្ហាកូរ៉េខាងជើងនេះ ទំនងជាអាចកើតមានឡើងនៅក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាននោះ»។
សហរដ្ឋអាមេរិក កូរ៉េខាងជើង ចិន រុស្ស៊ី កូរ៉េខាងត្បូង និងជប៉ុន បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនទៅចូលរួមក្នុងកិច្ចប្រជុំសន្តិសុខថ្នាក់តំបន់ប្រចាំឆ្នាំនេះ ដែលរៀបចំឡើងដោយសមាគមអាស៊ាន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson នឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនសម្រាប់កិច្ចប្រជុំវេទិកាតំបន់អាស៊ាននេះ ហើយបន្ទាប់មកលោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសថៃ និងម៉ាឡេស៊ី ដែលលោកនឹងពិភាក្សាអំពី «ការលុបបំបាត់នូវអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ សន្តិសុខតាមសមុទ្រ និងការប្រឆាំងនឹងអំពើភេរវកម្មជាដើម»។ នេះបើយោងតាមការផ្សាយឲ្យដឹងរបស់ក្រសួងការបរទេសអាមេរិក។
លោក Tillerson ធ្លាប់បាននិយាយថា លោកចង់ពិភាក្សាជាមួយនឹងក្រុមមេដឹកនាំកូរ៉េខាងជើងនៅពេលណាមួយ ប៉ុន្តែនៅឯកិច្ចប្រជុំវេទិកាតំបន់អាស៊ាននេះ លោកមិនមានគម្រោងជួបពិភាក្សាផ្លូវការជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho នោះទេ៕