អ្នក​ជំនាញ៖ អាស៊ាន​នៅ​តែ​ជា​វេទិកា​សម្រាប់​មន្ត្រី​ជាន់ខ្ពស់

នាយករដ្ឋមន្ត្រី​ចិន Li Keqiang (ទី​៥​ពី​ឆ្វេង) កាន់​ដៃ​ជាមួយ​ថ្នាក់​ដឹកនាំ​អាស៊ាន​ដើម្បី​ថត​រូប​រួម​គ្នា​​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-ចិន​លើក​ទី​១៦ ​នៅ​ទី​ក្រុង​ Bandar Seri Begawan ប្រទេស​ប្រ៊ុយណេ កាល​ពី​ថ្ងៃ​ទី​០៩ តុលា ២០១៣។

នៅសល់​តែ​ជាង​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​សហគមន៍​អាស៊ាន​មួយ​នឹង​ចេញ​រូប​រាង​ឡើង​តាម​ការ​ចង់​បាន​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​១០​ដើម្បី​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ទាក់ទាញ​ដៃគូ​វិនិយោគ​មក​ពី​ជុំវិញ​ពិភពលោក​និង​បង្កើត​បាន​អត្តសញ្ញាណ​ផ្លូវ​ច្បាប់ជា​អង្គការ​អន្តរជាតិ​មួយ។

ក្នុង​ឆ្នាំ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​ប្រ៊ុយណេ​ ពាក្យ​ស្លោក​ដែល​ប្រធាន​ប្តូរ​វេន​មួយ​នេះ​យក​មក​ប្រើ​ដើម្បី​ខិត​ខំ​ជំរុញ​ឱ្យ​សម្រេច​បាន​តាម​គោលដៅ​ឆ្នាំ​២០១៥នោះគឺ​«ប្រជាពលរដ្ឋ​យើង អនាគត​យើង​ទាំង​អស់​គ្នា» ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្តោត​លើ​តួនាទី​របស់​សាធារណជន​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និង​សង្គមកិច្ច-វប្បធម៌។ ទិសដៅ​របស់​ប្រ៊ុយណេ​នេះ​ក៏​ដើម្បី​គូស​បង្ហាញ​ថា​អនាគត​របស់​តំបន់​នេះ​អាស្រ័យ​លើ​វិធី​ដែល​ពលរដ្ឋ​អាស៊ាន​ធ្វើ​សកម្មភាព​និង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធានា​ឱ្យ​មាន​សន្តិភាព​និង​ការ​រីកចម្រើន​នៅ​ក្នុង​តំបន់​ទាំងមូល។ ​

លោក​ស្រី​ Pek Koon Heng ​នាយក​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ថាប្រទេស​ប៊្រុយណេ​បាន​ធ្វើ​កិច្ចការ​ល្អ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ហើយ​បាន​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ចូលរួម​បាន​ច្រើន​ដល់​ការងារ​របស់​អង្គការ​តំបន់​មួយ​នេះ។

«ខ្ញុំ​គិត​ថា​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​ដែល​ប្រទេស​ប្រ៊ុយណេ​ធ្វើ​ឡើង​គឺ​ជា​ការ​សំខាន់​មួយ​ក្នុង​ការ​ដាក់​ឱ្យ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ផ្តោត​លើ​ការ​បង្កើត​នូវ​អត្តសញ្ញា​ណ​អាស៊ាន​មួយ​ ហើយ​គេ​អាច​ធ្វើ​ដូច្នេះ​បាន​ដរាប​ណា​ពលរដ្ឋ​ចូលរួម​ចំណែក​ ហើយ​ពលរដ្ឋ​អាស៊ាន​ចូលរួម​ចំណែក​នៅ ពេល​ណា​ដែល​ពួកគេ​មើល​ឃើញ ពី​សារៈ​ប្រយោជន៍​ដែល​ចេញ​មក​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​មក​ប៉ះពាល់​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ»។

នៅក្នុង​កម្មវិធី​ពិភាក្សា​មួយ​នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន​ដែល​រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​អាមេរិកាំង​កាលពី​ពេល​ថ្មីៗ​នេះ​ក៏​បាន​ផ្តោត​លើ​សារៈសំខាន់​នៃ​ការចូលរួម​របស់​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ទាំង​នោះនិង​ការ​យល់​ដឹង​របស់​ពួកគេ​ក្នុ​ងការជួយ​ជំរុញ​ឱ្យ​គោល​ដៅ​របស់​អាស៊ាន​នេះ​សម្រេច​បាន​ជា​សហគមន៍​អាស៊ាន​មួយ​នៅ​ឆ្នាំ​២០១៥។ ហើយ​ក៏​ពិនិត្យ​មើល​ផងដែរ​ថា​ប្រទេស​មហាអំណាច​ដូច​ជា​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ចំណែក​យ៉ាង​ណា​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អាស៊ាន​នេះ។

ក្រុម​អ្នក​រៀបចំ​បញ្ជាក់​ថា​វាគ្មិន​ដែល​ចូលរួម​បាន​ទទួល​ស្គាល់​នូវ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ ហើយ​ពួកគេផ្តោត​ការ​ចាប់​អារម្មណ៍​តិចតួច​លើ​ទំនាក់​ទំនង​របស់​អាស៊ាន​ជាមួយ​នឹង​មហាអំណាច​ដទៃ​ទៀត​ឬក៏​បញ្ហា​ជម្លោះ​ព្រំដែន​ដ៏​ក្តៅ​គគុក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោកស្រី​សាស្រ្តាចារ្យ​ Pek Koon Heng ​បាន​មើល​ឃើញ​ថា​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​នូវ​កម្មវិធី​ផ្លាស់​ប្តូរ​ដកបទពិសោធន៍​ពី​គ្នា​ទៅវិញ​ទៅមក​ជាច្រើន​ ​ដូចជា​កម្មវិធី​អាហារូបករណ៍​សម្រាប់​តំបន់​អាស៊ាន​ដែល​អ្នក​ទទួល​អាហារូបករណ៍​នោះ​គឺ​ក្នុង​នាម​ជា​តំបន់​គឺ​មិន​តំណាង​ឱ្យ​ប្រទេស​តែ​មួយ​របស់​ខ្លួន​ទេ ហើយ​មាន​កម្មវិធី​ផ្សេង​ទៀត​ដូច​ជា​ ការដោះដូរ​អ្ន​ក​សារព័ត៌មាន​ សាស្រ្តាចារ្យ និង​អ្នក​ស្រាវជ្រាវជាដើម។​

លោក​ស្រី​បន្ថែម​ថា៖​ «ការធ្វើ​ដូចនេះ​គឺ​សហរដ្ឋ​អាមេរិក​ជួយ​បាន​យ៉ាង​ច្រើន​ដើម្បី​ជួយ​ជំរុញ​តំបន់​អាស៊ាន​មួយ​ដែល​ផ្តោ​ត​លើ​ពលរដ្ឋ​របស់​គេ​និង​អត្តសញ្ញាណ​របស់​អាស៊ាន​មួយ​តាមវិធី​ដែល​ប្រទេស​ប្រ៊ុយណេ​បាន​ផ្តោត​ការយកចិត្ត​ទុក​ដាក់​គឺ​ ពលរដ្ឋ​របស់​យើង​រួម​អនាគត​ជាមួយ​គ្នា»។ ​

បណ្តាប្រទេស​សមាជិក​អាស៊ាន​មាន​ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ប្រ៊ុយណេ ដែល​ជា​សមាជិក​ចាស់​ហើយ​សមាជិក​ថ្មី មាន​វៀតណាម ឡាវ ភូមា​និង​កម្ពុជា។

សម្រាប់​លោក​បណ្ឌិត​សុខ ទូច​មើល​ឃើញ​ថា​ការ​ដែល​យុវជន​មក​ពី បណ្តា​ប្រទេស​ក្រីក្រ​អាច​មាន​លទ្ធភាព​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​យុវជន​មក​ពី ប្រទេស​ដទៃ​បាន​ជា​ពិសេ​ស​ដូច​ជា​សហរដ្ឋ​អាមេរិក​គឺ​អាច​ជួយ​ដល់​នយោបាយ​ក្នុង​ស្រុក​របស់​ពួកគេ​ផងដែរ។​

«នេះ​គឺជា​ការ​ល្អ​ហើយ​នៅ​ពេល​ដែលជា​ឱកាស​ដែល​ប្រទេស​ក្រី​ក្រ​មួយ​ចំនួន​ដូច​ជា​ឡាវ​ ដូច​ជា​កម្ពុជា​ ដូច​ជា​ភូមា​មិន​មាន​លទ្ធភាព​ក្នុង​ការ​បញ្ជូន​យុវជន​ឱ្យ​ដោះដូរ​វប្បធម៌​រវាង​ប្រជាជន​និង​ប្រជាជន​ហ្នឹង​បាន​ចេញ​ទៅ​ហើយ​គេ​នឹង​នាំ​មក​វិញ​នូវ​វប្បធម៌​ថ្មី​នៅ​ក្នុង​សង្គម​របស់​គេ​មក​សង្គម​របស់​ខ្លួន​ដែល​រស់​នៅ​ពី​សង្គម​ដទៃ​ដែល​ខ្លួន​បាន​ទៅ ឃើញ​មក​ដល់​សង្គម​របស់​ខ្លួន​ដែល​រស់​នៅ ហើយ​បង្ហាញ​អំពី​ការ​រីក​ចម្រើន​ ពេល​នោះ​ហើយ​ខ្ញុំ​ជឿ​ថា​រដ្ឋាភិបាល​ទីមួយ​ត្រូវ​តែ​ខំ​ប្រឹង​បើ​មិន​ខំ​ប្រឹង​ទេ​យុវជន​នឹង​ដូរ​អំណាច​របស់​មេដឹកនាំ​នោះ»។​

លោក​បណ្ឌិត​កៅ គឹមហួន រដ្ឋ​មន្ត្រី​អម​នាយករដ្ឋ​មន្ត្រី​និង​ជា​អតីត​រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា​ក្នុង​ក្របខណ្ឌ​យុវវ័យ​គឺ​បណ្តាសមាជិក​អាស៊ាន​បាន​ធ្វើ​ការ​លើក​កម្ពស់​ជាបន្ត​បន្ទាប់​ជាពិសេស​ជាមួយ​នឹង​ប្រទេស​ដៃ​គូ​សន្ទនា​របស់​ខ្លួន៖

«ដូច្នេះ​វា​ជា​ការ​ដែល​ឱ្យ​យុវជន​ជំនាន់​ក្រោយ​អាចយល់​ពី​វប្បធម៌​អរិយធម៌ ទៅវិញ​ទៅ មក។ នេះ​ជា​កត្តា​សំខាន់​ណាស់​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​សមាជិក​អាស៊ាន​ជាមួយ​នឹង​ប្រទេស​ដៃ​គូ​សន្ទនា​របស់​អាស៊ាន​ជាដើម»។

សសរ​ស្តម្ភ​របស់​អាស៊ាន​មាន​ខាង​ផ្នែក នយោបាយ​-សន្តិសុខ ផ្នែក សេដ្ឋកិច្ច និង​ផ្នែក​សង្គម-វប្បធម៌។

លោក​ កាវី ចុង​គី​តតាវ៉ន​ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​សិក្សា​កិច្ចការ​អន្តរជាតិ​និង​សន្តិសុខ​និង​ជា​វាគ្មិន​នៅ​ក្នុង​ការពិភាក្សា​បាន​បញ្ជាក់​ថា​ផ្នែកនីមួយៗ​នេះ​ដើរ​មិន​ស្របគ្នា​នៅឡើយ​ទេ។

«ជាទូទៅ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ធ្វើ​ទៅ​បាន​ប្រហែល​៧៥​ភាគរយ​ហើយ។ ប្រសិន​បើ​អ្នក​រាប់​នូវ​សសរស្តម្ភ​ទាំង​អស់​សម្រាប់​សហគមន៍​អាស៊ាន​សសរស្តម្ភ​ខាង​ផ្នែក​សេដ្ឋកិច្ច​ធ្វើ​បាន​ល្អ​ជាង​គេ​ ហើយ​ផ្នែក​ទីពីរ​គឺ​ខាង​ផ្នែក​សង្គម​និង​វប្បធម៌ហើយ​ចុងក្រោយ​គេ​គឺ​លើ​នយោបាយ​និង​សន្តិវិធី។ ដូច្នេះ​ប្រសិន​បើ​យើង​ដាក់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​អាស៊ាន​គឺ​មាន​ប្រហែល​៧៥​ភាគរយ។ ដូច្នេះ​មិន​ជា​អាក្រក់​ពេក​ហើយ​ក៏ មិន​ជា​ល្អពេក​ដែរ​គឺ​នៅ ចំ​កណ្តាល»។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថាការចូលរួម​របស់​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​អាស៊ាន​នៅ​មិន​ទាន់​ច្រើន​នៅ​ឡើយ​ទេហើយ​អ្នក​ខ្លះ​មិនទាំង​ដឹង​ថា​អ្វី​ទៅ ដែល​ជា​គោលដៅ​របស់​អាស៊ាន និង​សមិទ្ធិផល​របស់​សមាគមនេះ​ព្រម​ទាំង​សក្តានុពល​របស់​វា។

វាគ្មិន​ម្នាក់​ដែល​ចូលរួម​ក្នុងវេទិកា​ពិភាក្សា​បាន​ចាត់​ទុក​ថា​អាស៊ាន​គឺ​ជា​វេទិកា​ដែល​ផ្តោតតែ​លើ​មន្ត្រី​ជាន់​ខ្ពស់​នៅឡើយ៕