ប្រេសិត​របស់​ប្រធាន​អាស៊ាន​ជំរុញ​មីយ៉ាន់ម៉ា​ដោះលែង​អ្នក​ទោស​នយោបាយ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច

លោក ប្រាក់ សុខុន (ឆ្វេង) រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​​របស់​ប្រធាន​អាស៊ាន ចាប់​ដៃ​គ្នា​ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា លោក​ឧត្តមសេនីយ៍ Min Aung Hlaing ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (MYANMAR MILITARY INFORMATION TEAM / AFP)

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ដែល​ជា​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា បាន​ជំរុញ​ឲ្យរបប​សឹក​មិយ៉ាន់ម៉ា​ដោះលែង​អ្នក​ទោស​នយោបាយ ជា​ពិសេសសាស្រ្តា​ចារ្យ​ជនជាតិ​អូស្រ្តាលី​មួយ​រូប ដែល​ជាអ្នក​ប្រឹក្សា​យោបល់​ផ្នែក​សេដ្ឋកិច្ច​របស់​មេដឹកនាំ​ជាប់​ឆ្នោត អ្នកស្រី Aung San Suu Kyi (អោងសាន ស៊ូជី) ដែល​ត្រូវ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​ជាង​មួយ​ឆ្នាំ​មក​ហើយ។ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​រដ្ឋមន្រ្តី​ការបរទេស​លោក ប្រាក់​ សុខុន ដែល​ជា​តំណាង​ប្រេសិត​ពិសេសរបស់​ប្រធាន​អាស៊ាន បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​មីយ៉ាន់ម៉ា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ទៅ​កាន់​មីយ៉ាន់ម៉ា​ចាប់​ពី​ថ្ងៃ​ទី២១ ខែ​មីនា​ លោក ប្រាក់ សុខុន បាន​ថ្លែងថា៖ «ខ្ញុំ​ក៏​បាន​រំឭក​អំពី​ការ​ស្នើ​សុំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​កន្លង​មក​ហើយ សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​បន្ថែម​ទៀត រួម​ទាំង​ករណី​លោក​សាស្រ្តាចារ្យ​ Sean Turner ដែល​ជា​ជនជាតិ​អូស្រ្តាលី ហើយ​ដែល​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​ស្នើ​ពី​មុន​មក​ដោយ​ផ្ទាល់​ជាមួយ​នឹង​នាយ​ឧត្តមសេនីយ៍​ Min Aung Hlaing»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​កម្ពុជា​នោះ​ទេ។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ដែល​ធ្លាប់​ជួប​មេដឹកនាំ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​មករា ឆ្នាំ​២០២២ បាន​អះអាង​ថា​ វិធីសាស្រ្ត​រឹង​ពេក​នឹង​មិន​អាច​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បាន​ឡើយ ​បើ​ទោះ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ទៅ​១០​ឆ្នាំ​ទៀត​ក៏​ដោយ។

ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក គិន ភា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ពិនិត្យ​ពិចារណា​លើ​ការ​ដោះលែង​អ្នក​ទោស​នយោ​បាយ​ គឺ​ជា​«ធាតុ​ផ្សំ​សំខាន់»​ នៅ​ក្នុង​ដំណើរការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ដែល​ត្រូវ​ការ​ការសន្ទនា​ផ្នែកនយោបាយ​ស៊ីជម្រៅ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

លោកថ្លែង​ថា៖ «ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នោះ ដូច្នេះ​អ្នកដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ហ្នឹង​ គួរ​តែ​ត្រូវ​បាន​មាន​សេរីភាព​ឡើង​វិញ​ ដើម្បី​ជជែក​កិច្ចការ​ជាមួយ​គ្នា​ ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ​ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ»។

លោកបន្ត​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ឆន្ទៈ​ខ្ពស់​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា ​ប៉ុន្តែ​មិន​ទាន់​មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ​ទេ ដោយ​សារ​តែ​មិន​ទាន់​មាន​ភាព​ជឿនលឿន​ទៅ​លើ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទប្រាំ​ចំណុច​ ជា​ពិសេស​លើ​ការ​បញ្ឈប់​អំពើហិង្សា និងការផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាជន​នៅ​មីយ៉ាន់ម៉ា។

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (Asian Vision Institute) លោក ឈាង វណ្ណារិទ្ធ ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ប្រាក់​ សុខុន​ តំណាង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ជា​ «ការ​បើក​ផ្លូវ​មួយ» ដើម្បី​ស្វែង​យល់​បន្ថែម​ពី​គោលជំហរ​របស់ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​គោលបំណង​ជំរុញ​នូវ​កិច្ចពិភាក្សា​បន្ថែម​ទៀត​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន ខណៈ​លើក​ឡើង​ថា ការ​បញ្ចប់​អំពើ​ហិង្សា​គឺ​ជា ចំណោទ​បញ្ហា​មួយ​ដែល​មិន​ងាយដោះស្រាយនោះ​ទេ។

លោក​បន្ត​ថា ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​អ្នកទោស​នយោបាយ​ ដូច​ជា​លោក​ Sean Turner គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​របប​ដឹកនាំ​យោធា​នៅ​មីយ៉ាន់ម៉ា​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ហើយ​ទាក់ទងនឹង​សាស្រ្តាចារ្យ​អូស្រ្តាលី​ហ្នឹង​ កម្ពុជា​បាន​លើក​តាំង​ពី​ដំណើរ​ទស្សនកិច្ចនាយករដ្ឋមន្រ្តី​ តាំង​ពី​ខែ​មករា។ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​លទ្ធផល​ជាក់ស្តែង​នោះ​ទេ ហើយ​ខាង​រដ្ឋាភិបាល​ភូមា​ហ្នឹង​និយាយ​ថា កំពុង​តែ​ពិចារណាៗ។ អញ្ចឹង​ក្នុង​ន័យ​ទូតConsidering (ពិចារណា) ហ្នឹង អាច​ចាត់​ទុក​ថា Negative​(អវិជ្ជមាន)​វា​ច្រើន។ អញ្ចឹង​យើង​នៅ​តាមដាន​ទិដ្ឋភាព​ជាក់ស្តែង លទ្ធផល​ជាក់ស្តែង ហើយ​លទ្ធផល​យ៉ាង​ណា​ហ្នឹង​វា​អាស្រ័យ​លើ​របប​សឹក​ភូមា​នោះ​ទេ»។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នា​ថ្ងៃ​ពុធ​នេះ​ផង​ដែរ​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា និង​តំណាង​ប្រសិត​ពិសេស​របស់​ប្រធាន​អាស៊ានលោក ប្រាក់​ សុខុន​ ក៏​បាន​បញ្ជាក់​ពី​ចំណុច​ពិភាក្សា​របស់​លោក​ជាមួយ​ភាគី​មីយ៉ាន់ម៉ា រួម​មាន​ ការ​ផ្តោត​លើ​កិច្ចប្រឹងប្រែង​បញ្ចប់​អំពើ​ហិង្សា ការ​លើក​កម្ពស់​ប្រតិបត្តិការ​មនុស្សធម៌ និង​ការ​ជំរុញ​បន្ថែម​នូវ​កិច្ច​ពិភាក្សា​លើ​ផ្នែក​នយោបាយ​នៅ​មីយ៉ាន់ម៉ា។

នៅ​ក្នុង​សន្និសីទ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក ប្រាក់ សុខុន​ បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​មេដឹកនាំ​យោធា និង​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋមីយ៉ាន់ម៉ា​ លោក Min Aung Hlaing និង​មន្រ្តី​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា​មួយ​ចំនួន​ទៀត​អំឡុង​ពេល​ដំណើរ​ទស្ស​នកិច្ច​ ក៏​មាន​កិច្ច​ពិភាក្សា​ពី​វិធីសាស្រ្ត​ ដើម្បី​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ផង​ដែរ។

តំណាង​ប្រេសិត​ពិសេស​អាស៊ាន​រូប​នេះ​បន្ថែមថា អាស៊ាន​នឹង​ប្រកាន់​ជំហរអនុញ្ញាត​ឲ្យ​ត្រឹម​តែ​ឥស្សរជន​មិន​មែន​នយោបាយ​ពី​មីយ៉ាន់ម៉ា​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​តែ​ប៉ុណ្ណោះ ប្រសិន​បើ​មិន​មាន​ការ​ជឿន​លឿន​លើ​កុងសង់ស៊ីស៥​ចំណុច។

កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាពអត់ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​៥​ ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕