ក្រុមអ្នកជំនាញរបស់ក្រុមប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) បានជួបប្រជុំគ្នានៅរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីដំណើររបស់សមាគមនេះក្នុងរយៈពេល ៥០ឆ្នាំកន្លងមក និងប្រមើលមើលពីបញ្ហាប្រឈមទៅថ្ងៃខាងមុខ។
សន្និសីទរយៈពេលពីរថ្ងៃ រៀបចំឡើងដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព មានការចូលរួមពីមន្ត្រីសំខាន់នៃប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន (ASEAN) ជាច្រើន។ កិច្ចពិភាក្សាថ្ងៃទី១នេះ មានការផ្តល់មតិទាក់ទិននឹងដំណើរការរបស់ ASEAN ការបង្កើតឱ្យមានអាស៊ានតែមួយ ការបែងចែកការអភិវឌ្ឍក្នុងតំបន់ សាមគ្គីភាពអាស៊ាន បញ្ហាសេដ្ឋកិច្ច និងកិច្ចខិតខំឱ្យមានស្ថិរភាព និងសុខសន្តិភាពក្នុងតំបន់អាស៊ាន។ ក្នុងនោះដែរ ក៏មានការលើកឡើងអំពីក្តីបារម្ភចំពោះអំពើហិង្សា ដែលកើតមានឡើងថ្មីៗនេះ លើជនអម្បូរ Rohingya ក្នុងប្រទេសភូមា ឬ Myanmar ផងដែរ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ានបានបង្កើតឡើង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ មកដល់ពេលនេះ អាស៊ានសមាជិក១០ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ គិតមកដល់ឆ្នាំ២០១៧នេះ សមាគមនេះមានចំណាស់៥០ឆ្នាំ ហើយគេមើលឃើញថា សមាគមនេះបានព្យាយាមធ្វើឱ្យមានស្ថិរភាព និងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕