សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគួរឲ្យកត់សម្គាល់មួយក្នុងប្រវត្តិសាស្ត្រកាលពីថ្ងៃអាទិត្យនេះ។
អ្វីដែលហៅថា សេចក្តីប្រកាសក្នុងក្រុងគូឡាឡាំពួបង្កើតសហគមន៍សេដ្ឋកិច្ច អាស៊ានមួយ ដែលអនុញ្ញាតឲ្យមានចលនាពាណិជ្ជកម្ម និងមូលធនដោយសេរីជាងមុននៅក្នុងតំបន់មួយដែលមានប្រជាជន ៦២៥លាននាក់ ហើយមានទិន្នផលសេដ្ឋកិច្ចសរុបចំនួន២,៦លានលានដុល្លារ។
កិច្ចព្រមព្រៀងនេះបានត្រូវចុះហត្ថលេខាដោយក្រុមមេដឹកនាំនៃរដ្ឋជាសមាជិកទាំង១០នៃសមាគមនេះ ដែលមានរួមបញ្ចូលប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
លោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ា ដែលបានចូលរួមក្នុងសន្និសីទកំពូលនៃសមាគមអាស៊ាននៅក្នុងប្រទេសម៉ាឡេស៊ីបានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា ក្រុមមេដឹកនាំទាំង១០ប្រទេសនៃអាស៊ានបានទទួលយកសេចក្តីអញ្ជើញរបស់លោកមកកាន់រដ្ឋធានីវ៉ាស៊ីនតោននៅឆ្នាំក្រោយ។
លោកអូបាម៉ាបានមានប្រសាសន៍ថា លោកបានចូលរួមក្នុងសន្និសីទកំពូលនេះដើម្បីពង្រឹងចំណងទាក់ទងជាមួយសមាគមនេះ ដែលលោកបានមានប្រសាសន៍ថា គួរបំពេញមុខនាទីជាថ្នាក់ដឹកនាំនៅក្នុងតំបន់នោះ៕