នៅពេលដែលប្រទេសឥណ្ឌូណេស៊ីរាយការណ៍អំពីចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាច្រើនជាងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ មកដល់ពេលនេះប្រទេសនេះក៏មានចំនួនបុគ្គលិកវេជ្ជសាស្ត្រស្លាប់ច្រើនជាងគេក្នុងតំបន់ដែរ ដែលនាំអោយមានផលប៉ះពាល់លើប្រព័ន្ធថែទាំសុខភាពដ៏ផុយស្រួយរបស់ប្រទេសនេះ។
ទុក្ខវេទនាដែលបុគ្គលិកថែទាំសុខភាពឥណ្ឌូណេស៊ីបានស៊ូទ្រាំគឺស្រដៀងនឹងអ្នកផ្សេងទៀតនៅទូទាំងសាកលលោកដែរ ដែលមានដូចជាត្រូវធ្វើការថែមម៉ោងច្រើន មន្ទីរពេទ្យផ្ទុកអ្នកជំងឺពេញហើយខ្វះធនធាននានាដូចជាឧបករណ៍ការពារខ្លួនជាដើម។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្តល់ឧបករណ៍ការពារខ្លួន( PPE) ដល់បុគ្គលិកថែទាំសុខភាពបន្ទាប់ពីកង្វះខាតនៅដំណាក់កាលដំបូងរហូតដល់មានវេជ្ជបណ្ឌិតពាក់អាវភ្លៀងប្លាស្ទិកនៅពេលកំពុងធ្វើការ។ ប៉ុន្តែបញ្ហាផ្សេងទៀតនៅតែមានក្នុងប្រទេសដែលមានបុគ្គលិកវេជ្ជសាស្ត្រជាង២០០នាក់ ភាគច្រើនជាវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាក បានស្លាប់ដោយសារវីរុសនេះ។
យោងតាមលោកវេជ្ជបណ្ឌិត Halik Malik អ្នកនាំពាក្យរបស់សមាគមវេជ្ជសាស្ត្រឥណ្ឌូណេស៊ីអ្នកជំងឺវីរុសកូរ៉ូណា និងអ្នកជំងឺឯទៀត ជារឿយៗត្រូវបានព្យាបាលនៅមន្ទីរសុខភាពដូចគ្នា ដែលធ្វើឲ្យបុគ្គលិកពេទ្យកាន់តែប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។ លោកបន្តថា មានតែបុគ្គលិកដែលព្យាបាលអ្នកជំងឺកូវីដ១៩ប៉ុណ្ណោះដែលត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា ហើយលទ្ធផលតេស្តជារឿយៗត្រូវបានពន្យារពេល។
លោក Malik និយាយថា៖ «យើងបារម្ភថាបើសិនជាករណីវិជ្ជមាននៅក្នុងសហគមន៍នៅតែបន្តកើនឡើង នឹងមានករណីជាច្រើនដែលមិនបានដោះស្រាយត្រឹមត្រូវ»។
កាលពីថ្ងៃទី០៨ ខែកញ្ញា ករណីវីរុសកូរ៉ូណាក្នុងប្រទេសឥណ្ឌូណេស៊ីបានឡើងលើស ២០០.០០០ ករណី ដែលជាចំនួនសរុបខ្ពស់បំផុតទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសហ្វីលីពីន ដែលបានរាយការណ៍ករណីឆ្លងជាង២៤១.០០០ករណី។ ក្នុងទ្វីបអាស៊ីទាំងមូល ករណីស្លាប់ក្នុងប្រទេសឥណ្ឌូណេស៊ីដែលមាន៨.២៣០ករណីនោះគឺស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីឥណ្ឌាដែលមានករណីស្លាប់ជាង៧៣.០០០ករណី។
យ៉ាងហោចណាស់ មានបុគ្គលិកថែទាំសុខភាពចំនួន ២១៣ នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលរួមមានវេជ្ជបណ្ឌិតចំនួន ១០៧នាក់ និងគិលានុបដ្ឋាកចំនួន៧៤ នាក់។ នេះបើយោងតាមសមាគមវេជ្ជសាស្ត្រឥណ្ឌូណេស៊ី។
ប្រទេសហ្វីលីពីនដែលមានករណីស្លាប់ជាង៣.៩០០ករណីនោះ មានបុគ្គលិកវេជ្ជសាស្ត្រ៣៣ នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណានេះដែលនេះជាចំនួនច្រើនបំផុតទីពីរក្នុងតំបន់អាស៊ី។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀតដែលមានចំនួនករណីស្លាប់ជាង១០០ នាក់គឺនៅម៉ាឡេស៊ីដែលមានចំនួន ១២៨ ករណី។
ប្រទេសឥណ្ឌូណេស៊ីក៏ជាប្រទេសមួយដែលមានចំនួនវេជ្ជបណ្ឌិតទាបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរគឺមានត្រឹមតែ ៤.២៧នាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជនចំនួន១ ម៉ឺននាក់។ នេះបើយោងតាមអង្គការសុខភាពពិភពលោក WHO។
ការស្លាប់របស់វេជ្ជបណ្ឌិតដ៏ច្រើនដោយសារជំងឺកូវីដ១៩នៅឥណ្ឌូណេស៊ីនឹងប៉ះពាល់ដល់កម្លាំងពលកម្មក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី Nurul Nadia អ្នកជំនាញសុខភាពសាធារណៈនៃមជ្ឈមណ្ឌលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីដែលជាអង្គការផ្តោតលើសុខភាព។
អ្នកស្រី Nadia និយាយថា៖ «ប្រព័ន្ធសុខាភិបាលរបស់យើងមានភាពទន់ខ្សោយ។ ចំនួនវេជ្ជបណ្ឌិតមានមិនសូវច្រើន។វេជ្ជបណ្ឌិតជំនាញមានតិច ហើយភាគច្រើនបានក្លាយជាជនរងគ្រោះដោយសារជំងឺកូវីដ១៩ឥឡូវនេះ»។
ហើយការរាតត្បាតនៃវីរុសនេះកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាបណ្ដុំកោះដែលមានប្រជាជនចំនួនជាង២៧០ លាននាក់នេះ។
យោងតាមអង្គការសុខភាពពិភពលោក WHOកាលពីខែសីហា ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ចំនួន ៦៦.៤២០ ករណី ដែលជាកំណើន២៨ ភាគរយពីខែកក្កដា។ នៅពេលដែលករណីភាគច្រើនកើតមាននៅខេត្តកោះជ្វាខាងកើតនិងទីក្រុងហ្សាការតា រដ្ឋធានីរបស់ឥណ្ឌូណេស៊ី និងកន្លែងមួយចំនួនទៀតដែលទើបតែកើតមាន។ ចំនួនករណីពិតប្រាកដត្រូវបានគេសង្ស័យថាមានច្រើនជាងនេះខ្លាំង នៅពេលដែលប្រទេសឥណ្ឌូណេស៊ីនៅតែជាប្រទេសដែលមានអត្រាធ្វើតេស្តទាបជាងគេបំផុតក្នុងពិភពលោក៕
ប្រែសម្រួលដោយទុំ ម្លិះ