ពលករចំណាកស្រុករាប់ម៉ឺននាក់មកពីតំបន់ជនបទឥណ្ឌា បានសម្រុកចូលទៅកាន់ ទីក្រុង គូរូហ្គ្រាម នៅពេលដែលមានអគារកញ្ចក់ភ្លឺចញ្ចាចចញ្ចែង អាគារស្នាក់នៅខ្ពស់ៗ ហើយនិងផ្សារទំនើបៗកើតឡើងព្រោងព្រាត បានផ្លាស់ប្តូរភូមិដែលសោះ កគ្រោះ នៅជាយក្រុងញូវដេលី ទៅជាស្រុកដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។
គម្រោងសំណង់អគារធំៗ ភាពមមាញឹករបស់រោងចក្របានធ្វើឲ្យមានភាពងាយស្រួល ក្នុងការរកការងារធ្វើជាប្រចាំក្នុងទីក្រុងដែលមានការរីកចម្រើនឆាប់រហ័ស ទន្ទឹមគ្នា ដែលការរីកចម្រើនជាងមួយទសវត្សរ៍ដ៏យូរនេះ បានលើកកម្ពស់ពលរដ្ឋជាង២៧០ លាននាក់ឲ្យរួចផុតពីភាពក្រីក្រនៅចន្លោះឆ្នាំ២០០៦ ដល់ ឆ្នាំ ២០១៦។
តែ Javed Khan អាយុ២៧ ឆ្នាំដែលមកដល់ទីក្រុងនេះដើម្បីធ្វើជាពលករកាល ពី១ ទសវត្សរ៍មុន បាននិយាយពីការលំបាកក្នុងការរកការងារធ្វើបច្ចុប្បន្ននេះ ដោយលោក ចំណាយពេលចាំនៅតាមកាច់ជ្រុងផ្លូវដើម្បីគេមកទទួលយកទៅធ្វើការ មិនបានដូចមុនទេ ដោយសារតែពលករ១ពាន់នាក់ដែលរង់ចាំនៅទីនោះមានតែ៣០ ទៅ៤០នាក់ ទេ ដែលត្រូវគេដឹកយកទៅធ្វើការងារ តែក្រៅពីនោះត្រូវទៅផ្ទះ។ Adarsh Kumar អាយុ ២១ឆ្នាំ ពលករម្នាក់ទៀតថាពីមុនលោកបានប្រាក់គ្រប់គ្រាន់ផ្ញើទៅឪពុកម្តាយ តែពេលនេះរកតែប្រាក់បង់ថ្លៃឈ្នួលបន្ទប់ក៏ពិបាកផង៕