អ្នកស្រី Lu Ping តស៊ូដើម្បីប្រទេសដែលអ្នកស្រីរស់នៅដោយប្រើទូរស័ព្ទ Smartphone។
ជារៀងរាល់ថ្ងៃចាប់តាំងពីម៉ោង៦ព្រឹកដល់ពាក់កណ្តាលអធ្រាត្រ អ្នកស្រី Lu ចាត់ចែងការធ្វើវិភាគទានម៉ាស់ ប្រដាប់ប្រដាវេជ្ជសាស្ត្រនិងប្រាក់កាសឱ្យដល់មន្ទីរពេទ្យគាំទ្រដោយពលរដ្ឋអាមេរិកាំងដើមកំណើតចិនមួយក្រុមដែលមានឈ្មោះថាពលរដ្ឋអាមេរិកាំងដើមកំណើតចិន គាំទ្រមន្ទីពេទ្យហៅកាត់ថា CASH ដែលជាក្រុមអង្គាសប្រាក់អនឡាញហៅ GoFundMe ដែលអ្នកស្រីបានចាប់ផ្តើមបង្កើតជាមួយពួកមិត្តភ័ក្តិជាការឆ្លើយតបនឹងការរាតត្បាតជំងឺ COVID-19 នៅក្នុងស.រ.អា.។
បេសកកម្មរបស់ក្រុមនេះគឺផ្គត់ផ្គង់បរិក្ខារឱ្យដល់មន្ទីរពេទ្យនានានៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ដែលមានរួមបញ្ចូលផ្នែកខ្លះនៃរដ្ឋ Maryland និងរដ្ឋ Virginia ផងដែរដែលអ្នកស្រុកហៅថា DMV។
អ្នកស្រី Lu ពន្យល់អំពីមូលហេតុដែលអ្នកស្រីចំណាយពេលច្រើនម៉ោងតាម WeChat ដែលជា WhatsApp តាមបែបចិនដើម្បីអង្គាសសុំវិភាគទាន។អ្នកស្រីបានថ្លែងថា៖
«នេះជាប្រទេសខ្ញុំ។ខ្ញុំត្រូវតែជួយ»។
ក្រុមរបស់អ្នកស្រី Lu មិនមែនធ្វើសកម្មភាពនេះតែឯកឯងទេ។ ពលរដ្ឋអាមេរិកាំងដើមកំណើតចិននៅទូទាំងស.រ.អា.បានផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្ត្រឱ្យដល់ពួកពេទ្យប្រចាំអាជីពជួរមុខទោះណាជា FBI បានព្រមានថាឧក្រិដ្ឋកម្មសម្អប់ប្រឆាំងនឹងពួកពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីទំនងជាកើនឡើងច្រើននៅពេលដែលការរាតត្បាតជាសាកលនៃជំងឺនេះមានតទៅទៀត»។
អ្នកស្រី Mai Ngai ជាសាស្ត្រាចារ្យខាងការសិក្សាអំពីពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីនិងប្រវត្តិសាស្ត្រនៅឯសាកលវិទ្យាល័យ Columbia។អ្នកស្រីបាននិយាយកាលពីពេលថ្មីៗនេះប្រាប់កាសែត The New York Timesថា៖
«ជាទូទៅសហគមន៍ចិនមានការរៀបចំល្អ។ ជនជាតិចិនមានសមាគមគ្រប់បែបយ៉ាង ដោយសមាគមខ្លះផ្អែកលើអាជីពហើយខ្លះទៀតផ្អែកលើតំបន់ដែលពួកគេមកពីប្រទេសចិនមកកាន់ប្រទេសអាមេរិក។កន្លងមកជនជាតិចិននៅអាមេរិក តែងតែមានបណ្តាញនិងធ្វើការរួបរួមគ្នានៅពេលមានបញ្ហា»។
អ្នកស្រី Lu Ping មានបរិញ្ញាប័ត្រមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Zhejiang នៃប្រទេសចិន។អ្នកស្រីបានចាកចេញពីក្រុង Shanghai មករស់នៅក្នុងស.រ.អា.កាលពីឆ្នាំ១៩៩៨។ ម្តាយនៅផ្ទះរូបនេះតំណាងពួកពលរដ្ឋអាមេរិកាំងដើមកំណើតចិនច្រើននាក់ដែលបានកសាងជីវិតនៅក្នុងកន្លែងថ្មីៗដែលមិនបានទទួលស្វាគមន៍ជានិច្ចទេ។
លោក WeiWu ជាអាចារ្យគ្រឹស្តសាសនានៅឯវិហារគ្រឹស្តសាសនាចិននៅ Germantown រដ្ឋ Maryland ដែលជាសហស្ថាបនិកនៃអង្គការ CASH។
លោកបាននិយាយថា៖
«យើងមិនអាចកាត់ផ្តាច់ខ្លួនយើងទាំងស្រុងពីប្រទេសចិនបានទេ។អ្វីដែលកើតមាននៅក្នុងប្រទេសចិនឆ្លុះបញ្ចាំងមកលើយើងទោះណាប្រទេសអាមេរិកជាប្រទេសយើងក៏ដោយព្រោះហេតុនេះហើយបាននៅពេលនេះយើងបានត្រូវយកធ្វើជាទីដៅនៃការវាយប្រហារហើយមិនមានសុវត្ថិភាពពីព្រោះមានមនុស្សខ្លះនៅទីនេះដែលមិនសប្បាយចិត្តជាមួយប្រទេសចិនទេ»។
ពួកអ្នករិះគន់និយាយថាប្រធានាធិបតី Donald Trump បានបង្កើនភាពតានតឹងនេះដោយលោកបានហៅមេរោគវីរុស COVID-19 ថាជា«មេរោគវីរុសចិន»កាលពីខែមុន។ ក្រោយមកលោកបាននិយាយថាលោកនឹងឈប់ប្រើពាក្យនេះទៀត។
ចាប់តាំងពីជំងឺ COVID-19 បានលេចឡើងក្នុងក្រុង Wuhan ប្រទេសចិនកាលពីចុងឆ្នាំទៅមិញជំងឺនេះបានរាលដាលចូលក្នុងប្រទេស២០៩បណ្តាលឱ្យមនុស្សជាង១លាននាក់ឈឺនិងនាំ ឱ្យមនុស្ស៧ម៉ឺន៥ពាន់នាក់ស្លាប់ដោយគិតត្រឹមថ្ងៃអង្គារទី៧ខែមេសា។មានអ្នកជំងឺនេះ៣សែន៦ម៉ឺន៨ពាន់នាក់និងមានមនុស្ស១ម៉ឺននាក់ស្លាប់នៅក្នុងស.រ.អា.។
អង្គការពីរមានមូលដ្ឋាននៅក្នុងរដ្ឋ California គឺអង្គការ Chinese for Affirmative Action និងក្រុមប្រឹក្សា Asian Pacific Planning and Policy Council បានបង្កើតមជ្ឈមណ្ឌលទទួលរបាយការណ៍អំពីឧក្រិដ្ឋកម្មសម្អប់កាលពីខែមីនាហើយបានប្រមូលឯកសារអំពីឧប្បត្តិហេតុរាប់រយ។
អ្នកស្រី Letitia James ដែលជារដ្ឋមន្ត្រីយុត្តិធ៌មនៃរដ្ឋ New York ក៏បានបង្កើតលេខទូរស័ព្ទពិសេសមួយដើម្បីដោះស្រាយកំណើនសេចក្តីរាយការណ៍អំពីការយាយីនិងការវាយប្រហារនិងការប្រើពាក្យបន្តុះបង្អាប់ប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីទាំងអស់នៅក្នុងពេលមានការរាតត្បាតនៃមេរោគវីរុសកូរ៉ូណា ព្រោះហេតុនេះហើយបានជាលោក Ryan Lin ទិញកាំភ្លើងពីរ។
លោក Lin ជាអ្នកស្រុកនៅក្នុងតំបន់ជាយក្រុងមួយក្នុងរដ្ឋ Maryland ដូចអ្នកស្រី Lu និងលោក Wei ដែរ។ លោកបាននិយាយថា៖
«ពីមុនប្រពន្ធខ្ញុំមិនព្រមឱ្យខ្ញុំមានកាំភ្លើងទេ។ក៏ប៉ុន្តែនៅពេលនេះនាងមិនជំទាស់ទៀតទេ»។ ដោយមានការភ័យខ្លាចអំពីសុវត្ថិភាពគ្រួសារលោកលោក Lin បានសុំកុំឱ្យវីអូអេប្រើឈ្មោះពិតប្រាកដរបស់លោក។
អ្នកស្រី Lu បានបង្កើតអង្គការ CASH ជាក្រុម WeChat មួយកាលពីថ្ងៃទី១៧ខែមីនាហើយក្នុងពេលតែប៉ុន្មានថ្ងៃក៏មានមនុស្សប្រមាណ៤០០នាក់ចូលរួម។ WeChat បានត្រូវត្រួតពិនិត្យតឹងរ៉ឹងដោយគណបក្សកុម្មុយនិស្តចិនហើយគណបក្សនេះបានប្រើកម្មវិធីនេះសម្រាប់ការឃោសនារបស់ខ្លួនជាប្រក្រតី។ ក៏ប៉ុន្តែសម្រាប់ពួកជនមានគ្រួសារនិងមិត្តភ័ក្តិនៅក្នុងប្រទេសចិនWeChatជាកម្មវិធីបណ្តាញសង្គមមួយដែលមានការនិយមច្រើនដើម្បីធ្វើការទាក់ទងគ្នា។
សមាជិកច្រើននាក់នៃអង្គការ CASH ជាសមាជិកនៃក្រុមក្រៅផ្លូវការមួយដែលបានចាប់ផ្តើមកាលពីសប្តាហ៍ទីមួយនៃខែមេសាដោយលោក Liang Zhao ដែលជាអ្នកស្រុកខេត្ត Hebeiដែលបានមកដល់ស.រ.អា.កាលពីឆ្នាំ១៩៩៨។ ដោយបានរៀនសូត្រខាងជីវសាស្ត្រ លោក Zhao និងពួកមិត្តភ័ក្តិលោកដែលជាអ្នកមានអាជីពខាងវេជ្ជសាស្ត្រនិងខាងឱសថសាស្ត្របានប្រមើលមើលអំពីការខ្វះប្រដាប់ប្រដាការពារសម្រាប់ពួកពេទ្យនៅក្នុងស.រ.អា.នៅពេលពួកគេឃ្លាំមើលការរាលដាលជំងឺនេះនៅក្នុងប្រទេសចិន។
លោក Zhao បាននិយាយប្រាប់ផ្នែកផ្សាយជាភាសាចិន Mandarin នៃវីអូអេថា៖
«យើងព្រួយបារម្ភអំពីពួកអ្នកធ្វើការខាងសុខាភិបាលជួរមុខហើយយើងចង់ធ្វើអ្វីៗដើម្បីបង្ហាញថាយើងជាពលរដ្ឋអាមេរិកាំងដើមកំណើតចិនគិតគូរអំពីសហគមន៍យើង។ ប្រទេសនេះជាប្រទេសយើង»។
ដោយគិតមកត្រឹមថ្ងៃទី៣១ខែមីនា ក្រុមទាំងពីរនេះ ដោយធ្វើការជាមួយក្រុមជនជាតិអាមេរិកាំងដើមកំណើតចិនមួយទៀតអង្គាសប្រាក់បានប្រមាណមួយសែនដុល្លារ។ លោក Zhao បាននិយាយថា ជាមួយទឹកប្រាក់នេះពួកគេនឹងទិញបរិក្ខារពេទ្យដែលមានការយល់ព្រមពីមន្ទីររដ្ឋបាលត្រួតពិនិត្យម្ហូបអាហារនិងឱសថស.រ.អា.ហៅកាត់ថា FDA នៅក្នុងប្រទេសចិននិងស.រ.អា.។
បរិក្ខារដំបូងពីប្រទេសចិនគឺម៉ាស់សម្រាប់ពាក់ធ្វើការវះកាត់ចំនួន១សែន១ម៉ឺន២ពាន់ ម៉ាស់ធុន N95 ចំនួន៣ពាន់ សម្លៀកបំពាក់ការពាររាងកាយជាង១ពាន់និងរបាំងមុខ៣៦០បានត្រូវប្រគល់ឱ្យមន្ទីរក្នុងមូលដ្ឋានចំនួន១២កាលពីថ្ងៃសុក្រទី៣ខែមេសា។
អ្នកស្រី Yaya Zhang ដែលជាអ្នកស្រុកខេត្ត Jiangsu បានមកដល់ស.រ.អា.កាលពីឆ្នាំ២០០៤។បច្ចុប្បន្នអ្នកស្រីជាភ្នាក់ងារខាងអចលនទ្រព្យនិងជាសហស្ថាបនិកអង្គការ CASH ទទួលបន្ទុកខាងទិញម៉ាស់។ អ្នកស្រីមានជំនឿថាអ្នកស្រីនិងសមាជិកឯទៀតៗនៃអង្គការនេះបានធ្វើវិភាគទានមានប្រយោជន៍។អង្គការCASH បានប្រមូលម៉ាស់វះកាត់ចំនួន៦៥០ ម៉ាស់បែប N95ចំនួន២០និងម៉ាស់ប្រភេទKN95 ប្រមាណ៩០០។
«យើងជាពលរដ្ឋអាមេរិកាំង»។
អ្នកស្រី Lu ក៏ជាប្រធាននៃសមាគមអតីតនិស្សិតសាកលវិទ្យាល័យ Zhejiang នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន D.C. ដែលជាដៃគូជាមួយសមាគមអតីតនិស្សិតចិននៃតំបន់រដ្ឋធានី វ៉ាស៊ីនតោន បានសម្តែងការឱ្យប្រុងប្រយ័ត្នអំពីកំណើនការស្អប់ជនបរទេស។
ក្រុមទាំងនេះប្រកាសថា៖
«យើងជាពលរដ្ឋអាមេរិកាំង។ ចូរការពារមាតុភូមិយើងហើយប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺនេះ»។
ក៏ប៉ុន្តែមនោសញ្ចេតនានេះមិនបានការពារពួកគេប្រឆាំងនឹងការវាយប្រហារខាងពូជសាសន៍ទេ។
គណៈកម្មាធិការ Committee of 100 ហៅកាត់ថា C100 ដែលជាអង្គការមិនប្រកាន់គណបក្សរបស់ពួកពលរដ្ឋអាមេរិកាំងដើមកំណើតចិនល្បីឈ្មោះបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៥ខែមីនាថ្កោលទោស«ពាក្យសម្តីបន្តុះបង្អាប់ខាងពូជសាសន៍ សកម្មភាពនិងអំពើហិង្សាប្រឆាំងនឹងពួកពលរដ្ឋអាមេរិកាំងដើមកំណើតចិននិងសហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី»។
លោក Lin ដែលរស់នៅក្នុងរដ្ឋ Maryland បាននិយាយប្រាប់វីអូអេផ្នែកផ្សាយជាភាសាចិនកុកងឺ ថា បុរសពីរនាក់បានធ្វើការវាយប្រហារពាក្យសម្តីទៅលើប្អូនស្រីលោកកាលពីពីរបីថ្ងៃមុននេះនៅពេលដែលអ្នកស្រីបានពាក់ម៉ាស់នៅពេលទៅទិញឥវ៉ាន់នៅឯហាងលក់ដុំ Costco ក្នុងក្រុង Baltimore។
លោកបាននិយាយថា៖
«ពួកបុរសទាំងពីរនាក់នេះបាននិយាយប្រាប់ប្អូនស្រីលោកឱ្យវិលត្រឡប់ទៅប្រទេសចិនវិញទៅ ហើយបានស្រែកដាក់អ្នកស្រីថាអ្នកស្រីមិនគួរចេញក្រៅផ្ទះដើម្បីចម្លងជំងឺទៅអ្នកឯទៀតទេនៅពេលអ្នកស្រីមានជំងឺ»។
លោក Lin បាននិយាយថា ការជួបប្រទះបែបនេះ ដោយប្អូនស្រីលោកបាននាំឱ្យលោកទិញកាំភ្លើងទោះណាជាលោកTrump បានអំពាវនាវឱ្យ«ការពារសហគមន៍ពេលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីរបស់យើងក៏ដោយ»។
ក្រោយពីបានរស់នៅក្នុងស.រ.អា.៣២ឆ្នាំរួចមកលោក Lin បាននិយាយថា លោកមិនដឹងពិតប្រាកដទេថាតើលោកជាប្រជារាស្ត្រនៃប្រទេសណាទេ។
លោកបាននិយាយថា៖
«ខ្ញុំតែងតែចាត់ទុកស.រ.អា.ថាជាប្រទេសរបស់ខ្ញុំហើយនៅពេលនេះខ្ញុំមិនដឹងថា ខ្ញុំនៅក្នុងប្រទេសណាទេ»។
ប្រែសម្រួលដោយ ឈឹម សុមេធ