នៅថ្ងៃពុធនេះ អ្នកចរចាអង់គ្លេស និងអ្នកចរចាសហភាពអឺរ៉ុបបានបង្ហាញទស្សនៈផ្ទុយគ្នាអំពីស្ថានការណ៍នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប បន្ទាប់ពីសមាជិកសភាអង់គ្លេសផ្ដល់ឲ្យលោកស្រីនាយករដ្ឋមន្ត្រី Theresa May នូវអ្វីដែលលោកស្រីហៅថាជា «អំណាច» ដើម្បីឲ្យមានការផ្លាស់ប្ដូរចំពោះកិច្ចព្រមព្រៀងចាកចេញរបស់អង់គ្លេស។
ការបោះឆ្នោតជាបន្តបន្ទាប់នៅក្នុងរដ្ឋសភាអង់គ្លេសកាលពីថ្ងៃអង្គារម្សិលមិញ បានបង្ហាញថា គណបក្សរបស់លោកស្រី May ទទួលបានការគាំទ្រមួយផ្នែក សម្រាប់គម្រោងរបស់ខ្លួននៅក្នុងការចង់ឲ្យមាន «ការសម្របសម្រួលផ្សេង» ចំពោះចំណុចរឿងព្រំដែនប្រទេសអៀរឡង់នៃកិច្ចសន្យាចាកចេញរបស់អង់គ្លេសបច្ចុប្បន្ន។
លោក Stephen Barclay រដ្ឋមន្ត្រីទទួលបន្ទុកសម្រាប់ការចាកចេញរបស់អង់គ្លេសបានប្រាប់វិទ្យុ BBC នៅក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃពុធនេះថា ការផ្លាស់ប្ដូរទាំងនោះគឺជាប្រធានបទនៃការចរចានៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប៉ុន្តែសម្រាប់ភាគីសហភាពអឺរ៉ុបវិញ ប្រធានក្រុមចរចាលោក Michel Barnier បាននិយាយថា គោលជំហររបស់សហភាពអឺរ៉ុប «គឺមានលក្ខណៈច្បាស់លាស់ជាទីបំផុត»។
លោកបានប្រាប់អ្នកកាសែតនៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នៅថ្ងៃពុធនេះថា៖ «ចំណុចតែមួយគត់ដែលខ្ញុំចង់លើកឡើងគឺខ្ញុំចង់បញ្ជាក់ថា ស្ថាប័ននានារបស់សហភាពអឺរ៉ុបនៅតែសាមគ្គីគ្នា ហើយយើងឈរលើគោលជំហរនៃកិច្ចព្រមព្រៀងដែលយើងបានចរចាជាមួយនឹងអង់គ្លេស»។
ដំណោះស្រាយគឺថា ចក្រភពអង់គ្លេសអាចនៅតែស្ថិតនៅក្នុងសហជីពគយជាមួយនឹងសហភាពអឺរ៉ុប ដើម្បីរក្សាលំហូរទំនិញដោយសេរីរវាងប្រទេសអៀរឡង់ និងប្រទេសអៀរឡង់ខាងជើង ដែលជាសមាជិករបស់សហភាពអឺរ៉ុប និងជាផ្នែកមួយនៃចក្រភពអង់គ្លេស៕