អ្នក​កាន់​សាសនា​ឥស្លាម​រាប់​ពាន់នាក់​តវ៉ា​ប្រឆាំង​រូបត្លុក​បារាំង

បាតុកម្មប្រឆាំងនឹងរូបត្លុកព្យាការី ព្រះ​មហាម៉ាត់ (Muhammad) ដែលត្រូវបានបោះពុម្ពនៅប្រទេសបារាំង បានកើតឡើងនៅទីក្រុង Quetta, Karachi និងអ៊ីស្លាម៉ាបាត នៅប្រទេសប៉ាគីស្ថាន។

អ្នក​កាន់​សាសនា​ឥស្លាម​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ បានចាក​ចេញ​ពី​កន្លែង​ថ្វាយ​បង្គំព្រះ ដើម្បី​ចូល​រួម​បាតុកម្ម​ប្រឆាំង​ប្រទេស​បារាំង ​កាល​ពី​ថ្ងៃ​សុក្រ ​ខណ:​ពេល​ដែល​ការ​ប្ដេជ្ញា​របស់ ប្រធានាធិបតី​បារាំង ក្នុង​ការ​ការពារ​សិទ្ធិ​គូរ​រូប​ត្លុក​ព្យាការី ព្រះ​មហាម៉ាត់ (Muhammad) បន្ត​ធ្វើ​ឲ្យ​កក្រើក​ពិភព​ឥស្លាម។

អ្នក​កាន់​សាសនា​ឥស្លាម​ប្រមាណ​ ២ ពាន់នាក់​ ដែលប្រារព្ធ​ថ្ងៃ​ខួប​កំណើត​របស់​ព្រះ Muhammad បាន​ចេញ​មក​តវ៉ា​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង Lahore។ ក្រុម​បាតុករ​ដែលដឹក​នាំដោយ​គណបក្ស​ឥស្លាម​ជា​ច្រើន​ បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​បារំាង លើក​បដា និង​មនុស្ស​មួយ​ក្រុម​ជាន់​ទន្ទ្រាំ​លើ​ទង់ជាតិ​បារាំង​ និងស្រែក​ទាមទារ​ឲ្យ​ឈប់​ប្រើ​ផលិតផល​បារាំង។​

បាតុកម្ម​ជា​ច្រើន​ទៀត ត្រូវ​រំពឹង​ថា​នឹងធ្វើ​ឡើង​នៅ​ជុំវិញពិភព​ឥស្លាម ដែល​រួម​ទាំងនៅ​ប្រទេស​លីបង់​និង​តំបន់​ Gaza ​ផង​ដែរ។ នៅ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន សមាជិក​ម្នាក់​នៃ​គណបក្ស​ឥស្លាម​បាន​ព្រមាន​ប្រធានាធិបតី​បារាំង​ថា ការ​ប្រមាថ​ព្យាការី​របស់​សាសនាឥស្លាម ​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី ៣។

បាតុកម្ម​នេះកើត​ឡើង​ចំ​ពេល​នៃការ​កើនភាព​តានតឹង​រវាង​ប្រទេស​បារាំង ​និង​បណ្ដា​ប្រទេស​កាន់​សាសនា​ឥស្លាម ដែល​ផ្ទុះឡើង​ កាល​ពីដើម​ខែតុលា នៅ​ពេល​ដែល​សិស្សកាន់​សាសនា​ឥស្លាម​ម្នាក់​បាន​កាត់​ក្បាល​គ្រូ​បង្រៀន​បារាំង​ម្នាក់ ដែល​បាន​បង្ហាញ​រូប​ត្លុក​របស់​ព្យាការី Muhammad នៅ​ក្នុង​ថ្នាក់រៀន។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បុរស​ទុយនីស៊ី​ម្នាក់​ដែល​កាន់​កាំបិតនិង​គម្ពីរ​គួរអាន (Quran)​ ម្នាក់ បាន​សម្លាប់​មនុស្ស​បី​នាក់​ នៅ​វិហារ​គ្រិស្តសាសនា​មួយ​កន្លែង ​ក្នុង​ទី​ក្រុង ​Nice (នីស) ភាគ​អាគ្នេយ៍​ប្រទេស​បារាំង និង​បង្ខំ​ឲ្យ​អាជ្ញាធរ​ទទូច​ឲ្យ​ពលរដ្ឋ​បារាំងមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់៕