លោកអតីតអនុប្រធានាធិបតី Joe Biden បានធ្វើឱ្យមានការកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រដោយបានជ្រើសរើសលោកស្រី Kamala Harris សមាជិកាព្រឹទ្ធសភាសហរដ្ឋអាមេរិក ជាបេក្ខជនអនុប្រធានាធិបតីរបស់លោក។
លោកស្រី Harris ជាស្ត្រីស្បែកខ្មៅដំបូងគេបង្អស់ និងជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ីខាងត្បូងដំបូងគេបង្អស់ផងដែរ ដែលត្រូវបានជ្រើសតាំងជាបេក្ខជនអនុប្រធានាធិបតីនៃគណបក្សធំមួយនៅសហរដ្ឋអាមេរិក។
អ្នកស្រី Amanda Hunter ប្រធានផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៃអង្គការ Barbara Lee Family Foundation និយាយអំពីតុល្យភាពដែលតម្រូវឱ្យមានបេក្ខជនជានារី យ៉ាងដូច្នេះថា៖ «ជាញឹកញយ ខ្ញុំប្រៀបធៀបការធ្វើឱ្យមានតុល្យភាពនេះទៅនឹងការដើរលើខ្សែពួរដែលមានចងខ្ពស់ពីដី។ បេក្ខនារីគួរនិយាយកំប្លែងក៏ប៉ុន្តែកុំឱ្យកំប្លែងពេក ទទួលយកកិត្តិយសតែក៏គួរចែករំលែកកិត្តិយសដែរ ស្លៀកពាក់សមរម្យក៏ប៉ុន្តែកុំប្រើសម្លៀកបំពាក់ថ្លៃៗពេក»។
អ្នកស្រី Amanda Hunter និយាយបន្ថែមទៀតថា៖ «យើងទំនងជានឹងឃើញការលើកឡើងពីខាងបណ្តាញផ្សាយព័ត៌មាន ឬពីមេដឹកនាំឯទៀតៗអំពីការវាយតម្លៃលើរូបរាងរបស់លោកស្រី Harris លើរបៀបនិយាយរបស់លោកស្រី និងលើឥរិយាបថទាំងអស់របស់លោកស្រីនៅក្នុងវិធីមួយដែលមិនឃើញត្រូវបានអនុវត្តលើបេក្ខជនជាបុរស»។
លោកស្រី Kamala Harris ជាស្ត្រីទី ៣ ដែលត្រូវបានតែងតាំងជាបេក្ខនារីអនុប្រធានាធិបតីសម្រាប់គណបក្សធំមួយនៅក្នុងសហរដ្ឋអាមេរិក។ បេក្ខនារីពីររូបទៀតមុនលោកស្រី Harris គឺលោកស្រី Sarah Palin អតីតអភិបាលរដ្ឋ Alaska ដែលជាបេក្ខនារីអនុប្រធានាធិបតីរបស់លោក John McCain ខាងគណបក្សសាធារណរដ្ឋកាលពីឆ្នាំ ២០០៨ និងលោកស្រី Geraldine Ferraro ដែលជាបេក្ខនារីអនុប្រធានាធិបតីមុនដំបូងគេបង្អស់ ដែលបានឈរឈ្មោះជាមួយលោក Walter Mondale ខាងគណបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ ១៩៨៤។
ព័ត៌មានទាក់ទង៖ លោក Biden និងលោកស្រី Harris ឃោសនាបោះឆ្នោតរួមគ្នាជាលើកដំបូងលោកស្រី Kelly Dittmar គឺជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Rutgers នៃទីក្រុង Camden រដ្ឋ New Jersey និងជាប្រធានផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្ត្រី និងនយោបាយអាមេរិកាំង (Center for American Women and Politics [CAWP])។
លោកស្រីនិយាយថា៖ «យើងដឹងប្រាកដថា ស្ថាប័ននយោបាយសហរដ្ឋអាមេរិកមានលក្ខណៈរឹងទទឹងទាក់ទិននឹងរឿងជាតិសាសន៍ និងរឿងភេទ។ ខ្ញុំយល់ថា ប្រសិនបើយើងអាចបញ្ចៀសកុំឱ្យមាន រឿងដូចនេះកើតឡើងបានតាំងពីដំបូងម្ល៉េះ នោះយើងនឹងឃើញមានការវិវត្តពិតប្រាកដនៅក្នុងស្ថាប័នទាំងនេះ ដែលនឹងធានាថា ស្ថាប័នទាំងនេះមានលក្ខណៈស្វាគមន៍ចំពោះស្ត្រី ជាពិសេសស្ត្រីដែលមិនមែនជាជាតិសាសន៍ស្បែកស ដែលនឹងលេចឡើងបន្ទាប់ពីលោកស្រី Kamala Harris»។
លោកស្រី Harris ដែលជាអតីតអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ California បានជាប់ឆ្នោតជាសមាជិកាព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦។ លោកស្រីទំនងជានឹងត្រូវប្រឹងខ្លាំងជាងបេក្ខជនអនុប្រធានាធិបតីជាបុរសកាលពីលើកមុនៗ ដើម្បីបង្ហាញថា លោកស្រីមានគុណសម្បត្តិ និងនិស្ស័យត្រឹមត្រូវសម្រាប់បំពេញមុខនាទីនេះ។ លោកស្រីត្រូវបារម្ភអំពីការធ្វើយ៉ាងណាឲ្យគេស្រលាញ់ចូលចិត្តគ្រប់គ្រាន់ ហើយស្របពេលនោះដែរ ទប់ទល់ជាមួយនឹងជំនឿបែបអវិជ្ជមានទាក់ទិននឹងស្ត្រីដែលគេចាត់ទុកថា«មានមហិច្ឆតាជ្រុល»។
លោកស្រី Kelly Dittmar និយាយថា៖ «ចំណុចនេះផ្ដោតជ្រៅលើជំនឿពីមុនទាក់ទិននឹងយេនឌ័រ អំពីតួនាទីសមរម្យសម្រាប់បុរសឬក៏ស្ត្រី ភាពគួរសមរបស់ស្ត្រីដូចជាអ្នកមិនគួរហ៊ានប្រកួតប្រជែងខ្លាំងពេក អ្នកគួររស់រាយរាក់ទាក់ អ្នកគួរស្របតាមមតិគេជាដើម។ ចំណុចទាំងនេះគឺបន្ថែមទៅលើជំនឿពីមុន ដែលយល់ថាស្ត្រីស្បែកខ្មៅមានភាពឆេវឆាវនោះ»។
លោកអតីតប្រធានាធិបតី Barak Obama មានបញ្ហាកាលពីឆ្នាំ ២០១៣ នៅពេលដែលលោកលើកឡើងអំពីលោកស្រី Harris ថាជា «អគ្គរដ្ឋអាជ្ញាមានរូបសម្បត្តិល្អនៅក្នុងប្រទេស»។ ការនិយាយបែបនេះគូសបញ្ជាក់អំពីការកើនឡើងនៃការផ្តោតការយកចិត្តទុកដាក់លើរូបរាងខាងក្រៅរបស់បេក្ខជនជាស្ត្រីដោយប្រៀបធៀបជាមួយអ្នកនយោបាយជាបុរស។
លោកស្រី Kelly Dittmar ថ្លែងថា៖ «នៅពេលយើងផ្តោតការយកចិត្តទុកដាក់លើរូបរាងខាងក្រៅរបស់ស្ត្រី នោះយើងប្រាកដជាមិនផ្តោតការយកចិត្តទុកដាក់លើគុណសម្បត្តិ និងលើសមត្ថភាពរបស់ពួកគេសម្រាប់ការងារនោះទេ។ មូលហេតុដែលសំខាន់សម្រាប់ស្ត្រីច្រើនជាងបុរសនោះ គឺដោយសារតែមានជំនឿជាទូទៅរួចស្រេចទៅហើយថា ស្រ្តីមិនសូវមានសមត្ថភាពនិងគុណសម្បត្តិដូចបុរស»។
អង្គការសិទ្ធិស្ត្រីនានាមានលក្ខណៈកាន់តែសកម្មជាងមុននៅក្នុងការជំរុញឲ្យមានការទទួលខុសត្រូវលើការរាយការណ៍និងការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈប្រកាន់ខាងភេទ និងខាងជាតិសាសន៍។
អង្គការ Time’s Up Now ដែលប្រយុទ្ធប្រឆាំងនឹងការរើសអើងយេនឌ័រនៅកន្លែងធ្វើការ បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវដល់បណ្តាញផ្សាយព័ត៌មានឱ្យចៀសវាង «ការរាយការណ៍មិនយុត្តិធម៌ មានស្តង់ដារពីរ និងប្រើភាសាប្រកាន់ជាតិសាសន៍ ដែលរារាំងស្ត្រី ជាពិសេសស្ត្រីដែលមិនមែនស្បែកស មិនឱ្យកាន់តំណែងមានអំណាចនៅតាមជួរគណបក្សនានាអស់ពេលជាយូរមកហើយ»។
កន្លងមក គេឃើញមានការចោទប្រកាន់ថា បណ្តាញផ្សាយព័ត៌មានមួយចំនួនមានការលម្អៀងខាងយេនឌ័រ នៅពេលរាយការណ៍អំពីលោកស្រី Palin និងលោកស្រី Hillary Clinton អំពីការប្រឹងប្រែងរបស់ពួកគេដើម្បីឱ្យបានកាន់តំណែងកំពូលក្នុងសេតវិមាន។
ក៏ប៉ុន្តែសម្រាប់ទស្សនៈរបស់អ្នកស្រី Amanda Hunter វិញ អ្នកស្រីថា ឆ្នាំ ២០២០ នេះមានលក្ខណៈខុសប្លែកពីមុនរួចស្រេចហើយ ដោយមួយផ្នែកបណ្ដាលមកពីមានចំនួនស្ត្រីច្រើនជាងមុនបានជាប់ឆ្នោតកាន់មុខតំណែងសាធារណៈចាប់តាំងពីមានការដើរក្បួនតវ៉ារបស់ក្រុមស្ត្រីអន្តរជាតិកាលពីឆ្នាំ ២០១៧ មក។ នៅពេលដែលស្ត្រីមានលក្ខណៈសកម្មជាងមុននៅក្នុងនយោបាយ ពួកគេក៏ហ៊ាននិយាយជាងមុនផងដែរ។
អ្នកស្រី Amanda Hunter និយាយថា៖ «យើងបានឃើញយ៉ាងពិតប្រាកដថាមានការប្រែប្រួលលើការនិយាយអំពីរឿងនេះ។ យើងបានឃើញ ស្ត្រីទាំងអ្នកនយោបាយ និងពលរដ្ឋធម្មតា ក្រោកឈរដើម្បីខ្លួនពួកគេផ្ទាល់ និងដើម្បីអ្នកដទៃក្នុងស្ថានភាពជាក់ស្ដែងនៅតាមបណ្ដាញសង្គមតាមអ៊ីនធឺណិត»។
ទោះបីជាលោកស្រី Harris ប្រឈមនឹងឧបសគ្គនានាក៏ដោយ ក៏លោកស្រីមានឱកាសថ្មីៗមួយចំនួនក្នុងនាមជាស្ត្រីមិនមែនស្បែកសដំបូងគេបង្អស់ដែលបានក្លាយជាបេក្ខជនអនុប្រធានាធិបតីនៃគណបក្សនយោបាយធំមួយនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
អ្នកស្រី Amanda Hunter និយាយថា៖ «មានឱកាសសម្រាប់លោកស្រី Harris ក្នុងការប្រឆាំងនឹងគំនិតពីមុនអំពីស្ត្រី ហើយធ្វើតាមគំនិតរបស់លោកស្រីផ្ទាល់ ដោយសារតែគ្មានផែនទីបង្ហាញផ្លូវពិតប្រាកដមួយនៅពេលនេះទេ ហើយនេះគឺជាឱកាសដ៏រំភើបមួយសម្រាប់លោកស្រី»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ