ការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់អ្នកដែលរិះគន់រដ្ឋាភិបាលកម្ពុជាពីខាងក្រៅប្រទេសបានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោក ហៃ វណ្ណនិត ប្អូនប្រុសរបស់លោក ហៃ វណ្ណា អតីតសកម្មជនបក្សប្រឆាំងនៅប្រទេសជប៉ុនដែលជាអ្នករិះគន់រាជរដ្ឋាភិបាលកម្ពុជាដោយមិនសំចៃមាត់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅច្រកព្រំដែនប៉ោយប៉ែត កាលពីថ្ងៃទី ១៦ ខែសីហា ដោយចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា លោក សុខ ស៊ុនណារ៉េត ដែលត្រូវជាឪពុករបស់លោក ស៊ន តារា អ្នករិះគន់រដ្ឋាភិបាលកម្ពុជាដ៏លេចធ្លោម្នាក់ទៀតនិងកំពុងរស់នៅប្រទេសបារាំង ត្រូវបានចាប់ខ្លួនដោយចោទរឿងគ្រឿងញៀន។
អ្នកវិភាគនយោបាយនិងសង្គមបានយល់ថា ការចាប់ខ្លួនសមាជិកក្រុមគ្រួសាររបស់អ្នកជំទាស់អាចជាវិធីសាស្ត្រមួយដើម្បីបំបិទមាត់ ឬបន្សាបសំឡេងរិះគន់ពីក្រៅប្រទេស។ វិធីសាស្រ្តនេះ ត្រូវបានពួកគេពន្យល់ថាជាការកេងប្រវ័ញ្ចទំនាក់ទំនងគ្រួសាររបស់អ្នករិះគន់ទាំងនោះ និងជាការដាក់សម្ពាធលើអ្នកប្រឆាំងឲ្យចុះញ៉ម ឬចុះចូលគណបក្សគ្រប់គ្រងប្រទេស ហើយក៏ជាការបង្កើតបរិយាកាសភ័យខ្លាចដល់អ្នកដែលកំពុងធ្វើចលនាប្រឆាំងនានាផងដែរ។
ការចាប់ខ្លួនសមាជិកគ្រួសាររបស់ក្រុមជំទាស់នៅក្រៅប្រទេសនេះ ក៏ជាស្នៀតគាបសង្កត់ក្រុមប្រឆាំងថ្មីមួយ ដោយមិនចាំបាច់តម្រូវឲ្យមន្ត្រី ឬសមាជិកនៃគណបក្សកាន់អំណាចប្រឈមមុខដោយផ្ទាល់នឹងបុគ្គលលេចធ្លោរបស់បក្សប្រឆាំង។ នេះបើតាមក្រុមអ្នកវិភាគ។
អ្នកជំនាញនយោបាយកម្ពុជាថ្លែងថា ការប្រើប្រាស់វិធីសាស្ត្រត្រជាក់នេះបានបង្កើតជាសំណួរអំពីផលប៉ះពាល់ចំពោះទិដ្ឋភាពនយោបាយរបស់ប្រទេសកម្ពុជា ដែលការខ្វែងគំនិតគ្នានៅតែជាផ្លូវដ៏គ្រោះថ្នាក់ ហើយព្រំដែននៃការកាន់កាប់អំណាចត្រូវបានការពារយ៉ាងល្អិតល្អន់។
ព្រឹទ្ធបុរសរងជាន់ខ្ពស់ និងជាសាស្ត្រាចារ្យជំនួយប្រចាំសាលា Thunderbird School of Global Management នៃសាកលវិទ្យាល័យរដ្ឋ Arizona លោក អ៊ា សុផល ប្រាប់វីអូអេតាមសារអ៊ីមែលកាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកាថា ការចាប់ខ្លួនសមាជិកគ្រួសារ និងអ្នកពាក់ព័ន្ធរបស់អ្នករិះគន់ គឺជាវិធីសាស្ត្រដោយចេតនា ក្នុងគោលបំណងបង្កើតបរិយាកាសភ័យខ្លាច និងបំបាក់ទឹកចិត្តចំពោះក្រុមមានគំនិត និងនិន្នាការប្រឆាំង។
លោកថ្លែងថា៖ «វិធីសាស្រ្តប្រើចំណងគ្រួសារ និងសង្គម ដើម្បីដាក់សម្ពាធដោយប្រយោល ដែលជារឿយៗធ្វើឲ្យអ្នករិះគន់ពិចារណាឡើងវិញនូវសកម្មភាពរបស់ពួកគេដោយបារម្ភពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។ វាក៏អនុញ្ញាតឲ្យរដ្ឋាភិបាលកំណត់គោលដៅលើអ្នកប្រឆាំងដោយមិនចាំបាច់ប្រឈមមុខនឹងសកម្មជនលេចធ្លោដោយផ្ទាល់ ដែលអាចទាក់ទាញការចាប់អារម្មណ៍ ឬប្រតិកម្មពីអន្តរជាតិកាន់តែខ្លាំង។
ប្រសិទ្ធភាពនៃវិធីសាស្ត្រនេះអាស្រ័យលើសមត្ថភាពរបស់វា នៅក្នុងការបំភិតបំភ័យដោយមិនបង្កឲ្យមានការខឹងសម្បាយ៉ាងទូលំទូលាយ»។
បើតាមលោក អ៊ា សុផល ទង្វើរបស់គណបក្សកាន់អំណាចទៅលើអ្នកប្រឆាំង បង្កហានិភ័យយ៉ាងខ្លាំងដល់ស្ថិរភាពនយោបាយយូរអង្វែង និងកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិ។ ជាហានិភ័យ ដោយសារតែវិធីសាស្ត្របង្រ្កាបនេះអាចនាំឲ្យមានការអាក់អន់ចិត្ត និងធ្វើឲ្យខូចទំនុកចិត្តសាធារណៈលើរដ្ឋាភិបាល ដែលអាចសាបព្រួសគ្រាប់ពូជនៃភាពចលាចលនៅពេលអនាគត។
បន្ថែមលើនេះ សាស្ត្រាចារ្យខ្មែរអាមេរិកាំងរូបនេះថ្លែងថា សកម្មភាពទាំងនេះទាក់ទាញការរិះគន់ពីអង្គការសិទ្ធិមនុស្ស រដ្ឋាភិបាលដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដែលនឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងធ្វើឲ្យស្មុគស្មាញដល់ទំនាក់ទំនងបរទេស ជាពិសេសជាមួយប្រទេសលោកខាងលិច។
ព័ត៌មានទាក់ទង៖ តុលាការបដិសេធបណ្តឹងទាស់នឹងការឃុំខ្លួនប្អូនប្រុស លោក ហៃ វណ្ណាលោក ហៃ វណ្ណា បានសម្រេចចាកចេញពីគណបក្សប្រឆាំងមកចុះចូលជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានារយៈពេល ២ ខែក្រោយមកហើយ ប្អូនប្រុសរបស់លោកត្រូវបានដោះលែង។ ដោយឡែក លោក ស៊ន តារា មកដល់ពេលនេះ លោកហាក់មិនបានបង្ហាញសញ្ញានៃការថមថយការរិះគន់រដ្ឋាភិបាលកម្ពុជាឡើយ ហើយលោក សុខ ស៊ុនណារ៉េត ដែលជាឪពុកមានវ័យ ៧០ ឆ្នាំ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺនៅឡើយ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស បានហៅវិធីសាស្ត្រនៃការចាប់ខ្លួនក្រុមគ្រួសារអ្នករិះគន់ថា «ជាការគាបសង្កត់ឆ្លងដែន ដែលរបបផ្តាច់ការតែងតែធ្វើដើម្បីបំបិទសំឡេងអ្នកប្រឆាំង»។
ជាការឆ្លើយតបលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រាប់វីអូអេថា ការលើកឡើងរបស់អ្នកវិភាគ និងអ្នកប្រឆាំងមួយចំនួន គឺជាការចោទប្រកាន់និងទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា និងជា «របៀបវារៈ»ដែលពួកគេបានប្រើប្រាស់ជាយូរមកហើយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលគឺបើការអនុវត្តច្បាប់គឺអនុវត្តចំពោះមនុស្សទូទៅ នរណាខុសច្បាប់គឺត្រូវចាត់វិធានការផ្លូវច្បាប់។ យើងធ្វើកុំឲ្យតែខុសច្បាប់ទៅ អត់មាននរណាទៅចាត់វិធានការអីទេ។ សូមបញ្ជាក់រឿងហ្នឹងឲ្យច្បាស់។ រាជរដ្ឋាភិបាលអត់ដែលមានគំរាមកំហែងនរណាទេ។ កុំតែងតែអូសទាញ ទាញយករឿងអនុវត្តច្បាប់នានា ចូលទៅក្នុងរបៀបវារៈនយោបាយរបស់ខ្លួនដើម្បីចោទប្រកាន់រដ្ឋាភិបាល។ សូមបញ្ឈប់ទៅរឿងហ្នឹង»។
អ្នកវិភាគនយោបាយលោក មាស នី ប្រាប់វីអូអេថា នយោបាយប្រជាធិបតេយ្យនៅកម្ពុជាគឺជាការប្រើប្រាស់កម្លាំងដើម្បីបានអំណាច ដោយលោកបានសំដៅលើការប្រើកម្លាំងតាមរយៈការធ្វើទុក្ខបុកម្នេញទៅលើគូបដិបក្ខ។ ទោះជាយ៉ាងណាក្តី លោកថា មធ្យោបាយនេះ មិនមែនជារឿងថ្មីទេក្នុងនយោបាយកម្ពុជា ហើយអ្នកនយោបាយបានប្រើមធ្យោបាយ ឬល្បិចគំរាមខាងនយោបាយនេះ ទៅតាមស្ថានភាពជាក់ស្តែងរបស់បុគ្គលនីមួយៗ។
បើតាមអ្នកវិភាគរូបនេះ ការប្រើវិធីសាស្ត្រដោយការដាក់គោលដៅលើសមាជិកគ្រួសារគឺជាលំនាំនៃការដឹកនាំបែបកុម្មុយនិស្ត ហើយត្រូវបានគេសង្កេតឃើញកាលពីសម័យខ្មែរក្រហម ហើយក៏កំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្នផងដែរ។
លោកថ្លែងថា៖ «យើងដឹងហើយថា កាលណាបង្ក្រាបកាន់តែខ្លាំង វាអាចមានកំហឹងហ្នឹងកាន់តែច្រើន។ ដល់អ៊ីចឹងទៅធ្វើឲ្យអ្នកដែលមានកំហឹងហ្នឹង ក៏ពេលខ្លះបញ្ចេញនូវសកម្មភាពជ្រុល ឬហៅថាជ្រុលនិយម។ អ៊ីចឹងកាលណាកើតជ្រុលនិយមកាន់តែច្រើន ការបង្ក្រាបវានឹងកើតមានកាន់តែខ្លាំង ជាចុងបំផុត គឺសង្គមយើង[ហ៊ុម]ព័ទ្ធទៅដោយភាពភ័យខ្លាច»។
បើតាមលោក មាស នី អ្វីដែលកំពុងតែកើតមានក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្នដែលមានអ្នកដឹកនាំជំនាន់ក្រោយ គឺជាការបន្តនៃគន្លងចាស់ ដែលលោកយល់ឃើញថា នៅមិនទាន់ឃើញមានការប្រែប្រួលអ្វីថ្មីឡើយ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ ប្រាប់វីអូអេថា ការចាប់ខ្លួនដោយកម្លាំងនគរបាលគឺមិនបានធ្វើឡើងតាមការចង្អុលបង្ហាញពីអ្នកនយោបាយណាមួយឡើយ។ ហើយវាជាការអនុវត្តទៅតាមនីតិវិធីក្នុងព្រំដែនសមត្ថកិច្ច ដែលអនុវត្តទៅតាមដីការតុលាការនិងបទល្មើសជាក់ស្តែងប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «យើងអត់មានធ្វើការចាប់ខ្លួនបុគ្គលណាម្នាក់ ជនណាម្នាក់ ដោយគ្មានតម្រុយ ឬគ្មានស្ថានទម្ងន់ ឬគ្មានភស្តុតាងពាក់ព័ន្ធនឹងបទល្មើសនោះទេ តែប៉ុណ្ណឹង។ យើងអនុវត្តតាមសមត្ថកិច្ចរបស់នគរបាលយុត្តិធម៌។ ចំពោះអ្នកនយោបាយវាយតម្លៃម៉េចនោះ រឿងគាត់អ្នកនយោបាយ គាត់មិនសូវមានការងារធ្វើ គាត់អង្គុយវាយតម្លៃយើង ស្រេចតែគាត់ទៅ។ ខ្ញុំអត់ដឹងថា គាត់យល់យ៉ាងម៉េចទេ»។
ព័ត៌មានទាក់ទង៖ លោក ស៊ន តារា ប្រតិកម្មនឹងការចាប់ខ្លួនឪពុកលោកថាជាចំណាត់ការខុសគោលដៅនៅក្នុងក្រសែភ្នែករបស់ក្រុមអង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សអន្តរជាតិ កម្ពុជាត្រូវបានវាយតម្លៃថា ជាប្រទេសដែលកំពុងធ្វើឲ្យដំណើរការនៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យថយចុះគួរឲ្យព្រួយបារម្ភ គឺចាប់តាំងពីឆ្នាំ ២០១៧ គ្រាដែលគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា ការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់ណាមួយដែលមិនមានភស្តុតាងគ្រប់គ្រាន់ ជាការរំលោភសិទ្ធិមនុស្ស។
បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ អ្នកនយោបាយគួរតែតម្កល់ប្រយោជាតិ និងប្រជាជនជាធំ ហើយងាកមកសន្ទនាគ្នាដើម្បីរកដំណោះស្រាយ។ លោកយល់ឃើញថា នេះជាមាគ៌ា ឬជម្រើសនយោបាយសមស្របមួយដើម្បីកាត់បន្ថយភាពតានតឹងនយោបាយនៅកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វីអូអេថា ការវាយតម្លៃទាំងនោះជាគំនិតផ្ទាល់ខ្លួន ដែលមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពនយោបាយនៅកម្ពុជា ដែលមានលំហនយោបាយទូលំទូលាយ។
លោកប្រាប់វីអូអេកាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកាថា៖ «លំហនយោបាយនៅកម្ពុជាទូលំទូលាយ។ អ៊ីចឹងទេ ឧបមាដូចឪពុកលោក សន តារា អ៊ីចឹងគឺមានភស្តុតាងច្បាស់លាស់បា នតុលាការគេចោទប្រកាន់តាមផ្លូវច្បាប់បាន។ បើសិនណាជាគ្មានភស្តុតាងច្បាស់លាស់ទេ តុលាការមិនហ៊ានចោទប្រកាន់ដោយទទឹងទិសទេ»។
បើតាមអ្នកនាំពាក្យរូបនេះ ការដោះលែងប្អូនប្រុសលោក ហៃ វណ្ណា ក្រោយការសូមទោស ដោយសារតែសំណុំរឿងនៅមិនទាន់ដល់ដៃតុលាការ ហើយដើមបណ្តឹងបានដកពាក្យវិញ។
ដោយឡែក កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានថ្លែងនៅក្នុងវេទិកាសាធារណៈមួយថា ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនូវអ្វីដែលលោកហៅថា «បដិវត្តន៍ពណ៌» នឹងត្រូវបានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីរក្សាសន្តិភាព ដោយសុំការយោគយល់ពីមិត្តបរទេសចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌នៅកម្ពុជា។
ទោះជាយ៉ាងណា បើតាមលោក អ៊ា សុផល ការផ្លាស់ប្តូរផ្សេងនៃរបៀបដឹកនាំតជំនាន់អាចមានឥទ្ធិពលទៅលើវិធីសាស្ត្ររបស់គណបក្សកាន់អំណាច នៅក្នុងការតទល់នឹងគូប្រជែងរបស់ខ្លួន ខណៈមេដឹកនាំវ័យក្មេងដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទំនងជានឹងបានដឹងច្រើនអំពីសេចក្តីត្រូវការក្នុងការសម្របទៅតាមសម្ពាធអន្តរជាតិ និងក្នុងស្រុក។
លោកបន្ថែមថា ខណៈគោលការណ៍ស្នូលនៃការគ្រប់គ្រង និងការគាបសង្កត់អាចនៅមានដដែលនោះ វិធីសាស្ត្ររបស់គណបក្សកាន់អំណាចក៏អាចវិវឌ្ឍទៅរកភាពទន់ភ្លន់ជាងមុនដែរ ហើយក៏មិនសូវឲ្យគេចាប់អារម្មណ៍ច្រើន ដូចជាការប្រើវិធីឃ្លាំមើលតាមឌីជីថល ឬយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីគ្រប់គ្រងស្ថានការណ៍ និងការធ្វើឲ្យសំឡេងប្រឆាំងចុះចូលជាមួយខ្លួន៕