លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះ បានអរគុណសមភាគីរបស់លោកគឺនាយករដ្ឋមន្រ្តីថៃដែលមិនអនុញ្ញាតឱ្យទឹកដីថៃត្រូវបានប្រើប្រាស់ដោយក្រុមជំទាស់ ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង៥ខែ ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅចំពោះមុខនាយករដ្ឋមន្រ្តីថៃ នៅពេលដែលលោកទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក រយៈពេលមួយថ្ងៃ គឺនៅថ្ងៃពុធនេះ។
នៅមុនដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត សកម្មជននយោបាយខ្មែរចំនួន ៣ រូបដែលកាន់កាតទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ក្នុងនាមជាជនភៀសខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន។ សកម្មជនមួយចំនួនដែលគេចខ្លួនជ្រកកោនក្នុងប្រទេសថៃត្រូវបានរាយការណ៍ថា ពួកគេត្រៀមខ្លួនតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត។
នៅក្នុងសន្និសីទសារព័ត៌មានរួមនាថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំមុន ថ្លែងថា រដ្ឋាភិបាលថៃនឹងមិនអនុញ្ញាតឱ្យមានការប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់ប្រឆាំងនឹងប្រទេសជិតខាងឡើយ ហើយថៃនឹងអនុវត្តច្បាប់របស់ប្រទេសយ៉ាងតឹងរ៉ឹង។
លោកថ្លែងជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ខ្ញុំបានបញ្ជាក់ទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា វាជាគោលនយោបាយរបស់ថៃ ដែលមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីថៃជាទម្រង់មួយក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពគ្រោះថ្នាក់ណាមួយប្រឆាំងនឹងប្រទេសជិតខាង»។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណមេដឹកនាំថៃចំពោះការប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកថ្លែងជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ហើយក៏សូមអរគុណចំពោះការបញ្ជាក់ជាថ្មីនូវការគាំទ្រដែលមិនអនុញ្ញាតឱ្យទឹកដីថៃត្រូវបានប្រើប្រាស់ក្នុងការធ្វើសកម្មភាពណាមួយ ដើម្បីលូកដៃចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជា»។
ចាប់តាំងពីឆ្នាំ ២០១៧ ប្រទេសថៃបានក្លាយជាកន្លែងមួយដែលសកម្មជនសង្គម និងនយោបាយខ្មែរបានភៀសខ្លួនទៅជ្រកកោន គេចពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសកម្ពុជា។
កាលពីចុងខែធ្នូ ឆ្នាំ ២០២៣ សកម្មជនសង្គមនិងនយោបាយខ្មែរចំនួន ៧ នាក់ដែលជ្រកកោននៅប្រទេសថៃត្រូវបានអាជ្ញាធរថៃចាប់ខ្លួននិងឃុំខ្លួន បើទោះពួកគេមានបណ្ណស្នាក់នៅបណ្តោះអាសន្នក្នុងនាមជនភៀសខ្លួន ដែលចេញដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR) ក៏ដោយ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ថ្លែងថា ការសរសើរជាសាធារណៈរបស់លោក ហ៊ុន ម៉ាណែត អំពីការចាប់ខ្លួនសកម្មជននយោបាយកម្ពុជាបង្ហាញថាលោក ហ៊ុន ម៉ាណែត ពិតជាមេដឹកនាំថ្មីនៃ«ការគាបសង្កត់ឆ្លងដែន»។ លោកបន្ថែមថាលោក ហ៊ុន ម៉ាណែត កំពុង«ព្យាយាមធ្វើឱ្យលើសពីឪពុករបស់លោកនៅក្នុងការគ្រប់គ្រងបែបផ្តាច់ការ និងការបំពានសិទ្ធិ»។
លោកថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះថា៖ «វាពិតជាគួរឱ្យអៀនខ្មាសមែនទែនដែលរដ្ឋាភិបាលថៃថ្មីកំពុងលេងនឹងទង្វើដែលភ្ញាក់ផ្អើលមិនអាចទទួលយកបានដោយចាប់ខ្លួនអ្នកជ្រកកោនជាជនជាតិកម្ពុជាដែលគេចពីកណ្តាប់ដៃដែករបស់លោក ហ៊ុន ម៉ាណែត»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ធ្លាប់ប្រាប់វីអូអេថាការចោទប្រកាន់របស់សកម្មជនដែលភៀសខ្លួនថារដ្ឋាភិបាលកម្ពុជាបានធ្វើទុក្ខបុកម្នេញ គ្រាន់តែជា«លេស»មួយក្នុងការដែលពួកគេអាចទៅរស់នៅប្រទេសទីបីបាន។
លោក មាស នី អ្នកវិភាគនយោបាយ លើកឡើងថា រដ្ឋាភិបាលខ្មែរអាចនឹងមានការអំពាវនាវឱ្យរដ្ឋាភិបាលថៃរឹតបន្តឹងថែមទៀតនូវសកម្មភាពរបស់សកម្មជន ឬអ្នកនយោបាយខ្មែរដែលកំពុងជ្រកកោនក្នុងប្រទេសថៃ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ខ្ញុំរំពឹងថាអាចនឹងមានគំនាបថែមទៀតទៅលើការអំពាវនាវឱ្យរដ្ឋាភិបាលថៃធ្វើការរឹតបន្តឹងទៅលើសកម្មភាពរបស់សកម្មជន អ្នកនយោបាយខ្មែរហ្នឹងបន្តទៅទៀត នេះជាការយល់ឃើញរបស់ខ្ញុំ ដោយសារអីដោយសារតែរដ្ឋបាលកម្ពុជាត្រូវការឱ្យមានការគាំទ្រពីរដ្ឋបាលថៃនៅក្នុងការធ្វើយ៉ាងណា ដើម្បីកុំឱ្យសកម្មភាពនៃសកម្មជននៃគណបក្សប្រឆាំងអាចនឹងមានការវិវឌ្ឍថែមឥទ្ធិពលខ្លាំងនៅក្នុងប្រទេសថៃ»។
ក្រៅពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ភាគីថៃនិងកម្ពុជាក៏នឹងសហការគ្នាក្នុងការបង្រ្កាបក្រុមឧក្រិដ្ឋជនដែលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថា Cyberscam ដែលជនជាតិថៃមួយចំនួនក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្មដែលកើតឡើងលើទឹកដីកម្ពុជា។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទៅជា«ភាពជាដៃគូយុទ្ធសាស្រ្ត»។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំមុន នាយករដ្ឋមន្ត្រីថៃថ្មី លោក សេដ្ឋា ថាវីស៊ីន ដែលចូលកាន់អំណាច កាលពីខែសីហា ក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលកម្ពុជាគឺជាប្រទេសទី ១ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានដែលនាយករដ្ឋមន្រ្តីថៃបានធ្វើដំណើរមកបំពេញទស្សនកិច្ច៕
វេទិកាបញ្ចេញមតិ