ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បដិសេធ​បណ្តឹង​ទាស់​នឹង​ការ​ឃុំ​ខ្លួន​ប្អូន​ប្រុស​ លោក​ ហៃ វណ្ណា


រូបឯកសារ៖ រូប លោក​ ហៃ វណ្ណនិត ​ថតពី​ប្រព័ន្ធ Zoom ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​។
រូបឯកសារ៖ រូប លោក​ ហៃ វណ្ណនិត ​ថតពី​ប្រព័ន្ធ Zoom ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​។

សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​បដិសេធបណ្តឹង​ទាស់​របស់​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ ហៃ វណ្ណនិត ​ជា​ប្អូន​ប្រុស​លោក​ ហៃ វណ្ណា ​សកម្ម​ជន​នៅ​ប្រទេស​ជប៉ុន​ ដោយ​សម្រេច​តម្កល់​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​ចៅក្រម​ស៊ើប​សួរ។​

មេធាវី​ការពារ​ក្តី​លោក ​ហៃ វណ្ណនិត ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​នេះ​ថា ​ជា​រឿង​អយុត្តិធម៌ និង​ថា​ លោក​នឹង​បន្ត​ប្តឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។​

ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ធ្វើ​ឡើង​បន្ទាប់​ពី​កោះ​ហៅ​លោក ​ជូង ជូងី ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ហៃ វណ្ណនិត មក​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​តុលា ​ដើម្បី​ពិភាក្សា​ដេញ​ដោល​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​មេធាវី​ការពារ​ជន​ត្រូវ​ចោទ​ ប្តឹង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ចុះ​នៅ​ថ្ងៃ​ទី​១៩ ​សីហា ​ឆ្នាំ​២០២៤ ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ពាក់ព័ន្ធ​នឹង​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

លោក ​ឃុន លាងម៉េង​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ ជា​អក្សរ​ថា ​សភា​ស៊ើប​សួរ​បាន​សម្រេច​តម្កល់​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​ចៅ​ក្រម​ស៊ើប​សួរ ​និង​ថា ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នេះ​នឹង​បន្ត​រហូត​ដល់​ពេល​តុលាការ​ចាត់​ការ​តាម​នីតិវិធី។​

​វីអូអេ​មិន​ទាន់​ទទួល​បាន​ការ​បកស្រាយ​របស់​តុលាការ​អំពី​សកម្មភាព​លោក ​ហៃ វណ្ណនិត ​ដែល​នាំ​ឱ្យ​មាន​ការចោទប្រកាន់លោកពីបទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​នេះ​ទេ។​

ចំណែក​លោក ​ជូង ជូងី ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ ហៃ វណ្ណនិត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​តាម​ការពិនិត្យ​មើល​របស់​លោក​ជុំវិញ​ករណី​នេះ​ ទាំង​នៅ​ក្នុង​ការ​ដេញ​ដោល​ពី​សភា​ស៊ើប​សួរ​នៅ​សាលា​ឧទ្ធរណ៍​ លោក ​ហៃ វណ្ណនិត ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ដែល​គេ​ចោទ​ប្រកាន់​ឡើយ។ ​លោក​ចាត់​ទុក​ថា​ ការ​បន្ត​ឃុំ​ខ្លួន​លោក​ ហៃ វណ្ណនិត​ គឺ​ជា​រឿង​អយុត្តិធម៌ ​និង​ថា ​លោក​នឹង​បន្ត​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល។​

លោក​ថ្លែង​ថា៖​«ខ្ញុំ​ទាមទារ​ឱ្យ​ដោះ​លែង​លោក​ ហៃ វណ្ណនិត ​ឱ្យ​មាន​សេរី​ភាព​វិញ​ ដោយ​ហេតុ​ថា​ គាត់​អត់​មាន​ពាក់ព័ន្ធ​ទាល់​តែ​សោះ​ជា​មួយ​នឹង​អង្គ​ហេតុ​ដែល​ជា​សំអាង​ដែល​សមត្ថ​កិច្ច​ចោទ​ប្រកាន់​ហ្នឹង។​ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​នៅ​តែ​រក្សា​គាត់​នៅ​ក្នុង​ឃុំ​ដដែល។ ​អ៊ីចឹង​ខ្ញុំ​ជា​មេធាវី​យល់​ថា​ អយុត្តិធម៌​ខ្លាំង​ណាស់​ចំពោះ​គាត់។ ​ការណ៍​ដែល​គាត់​អត់​ដឹង​រឿង​ផង​ គាត់​អត់​ពាក់ព័ន្ធ​ផង​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ដាក់​ពន្ធនាគារ។ ​ខ្ញុំ​នឹង​ពិភាក្សា​ជា​មួយ​កូន​ក្តី​ខ្ញុំ​ ប្រើ​សិទ្ធិ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត»។​

លោក ​នី សុខា ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លើក​ឡើង​ថា​ នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ ការ​សម្តែង​មតិ​របស់​ប្រជា​ពលរដ្ឋ​ មិន​ថា​ ស្រប ​ឬ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ ​នៅ​តែ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​មួយ​នៃ​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖​«បើ​យើង​សង្កេត​មើល​អំពី​ករណី​ទាំង​អស់​ហ្នឹង​ ​វា​ហាក់បី​ដូចជា​ករណី​មួយ​វា​គ្រាន់​តែ​ជា​ការ​ប្រើប្រាស់​នូវ​សិទ្ធិ​សម្តែង​មតិ​តែ​ប៉ុណ្ណឹង​ ហើយ​រឿង​ទី​ពីរ​ទៀត ​វា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​របស់​បង​ប្អូន​គាត់​ដែល​នៅ​ស្រុក​ក្រៅ​ទេ​ ដែល​គេ​រៀបចំ​ការ​ធ្វើ​បាតុកម្ម​ ការ​ធ្វើ​អី​ដើម្បី​មាន​ការ​សម្តែង​មតិ​អី​នៅ​ខាង​ក្រៅ​ស្រុក​ ដែល​យើង​គិត​ថា​ មិន​គួរ​ណា​មាន​ករណី​មក​ដល់​មាន​ការ​ចាប់ខ្លួន ​ឬ​ចោទ​ប្រកាន់​ប្អូន​ប្រុស​គាត់​ហ្នឹង​ទេ»។​

លោក ​ហៃ វណ្ណនិត​ ជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ​សុខ​ភាព​សាធារណៈ​ និង​ជា​អតីត​និស្សិត​អាហារូបករណ៍​ Fulbright​ សហ​រដ្ឋ​អាមេរិក។ ​នេះ​បើ​តាម​លោក ​ហៃ វណ្ណា ​ដែលជា​បង​ប្រុស​លោក ហៃ វណ្ណនិត។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ហៃ វណ្ណា​ ឡើយ។​

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​សីហា​ ឆ្នាំ​២០២៤ ​លោក ​ហៃ វណ្ណា​ ប្រធាន​គណៈ​កម្មាធិការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ ធ្លាប់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពាក់ព័ន្ធ​នឹង​ការ​បាត់​ដំណឹង​ប្អូន​ប្រុស​របស់​លោក ​គឺ​លោក ​ហៃ វណ្ណនិត។ ​លោក​ថ្លែង​កាល​នោះ​ថា ​ប្អូន​ប្រុស​របស់​លោក​បាន​បាត់​ខ្លួន ​បន្ទាប់​ពី​ចាក​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត។​

លោក ​ហៃ វណ្ណា ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ប្អូន​ប្រុស​របស់​លោក​ជា​ការ​ដាក់​សម្ពាធ​មក​លើ​គ្រួសារ​របស់​លោក ​ហើយ​លោកស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្អូន​របស់​ខ្លួន​វិញ ​ដោយ​ឥត​លក្ខខណ្ឌ ​ដោយ​លោក​បញ្ជាក់​ថា ​ប្អូនប្រុស​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​នយោបាយ​របស់​លោក​ឡើយ។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​លោក​ ហៃ វណ្ណា ​គ្រួសារ​របស់​លោក​ត្រូវ​បាន​គំរាម​ជា​បន្ត​បន្ទាប់​ ហើយ​ក្រុម​គ្រួសារ​ក៏​សម្រេច​ចិត្ត​ចាក​ចេញ​មក​ប្រទេស​ជប៉ុន​ ដោយ​ទុក​តែ​ប្អូន​ប្រុស​ពៅ ​គឺ​លោក ​ហៃ វណ្ណនិត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG