អ្នកការពារសិទ្ធិការងារ និងអង្គការសហជីពមួយចំនួនបានបន្តទាមទារឱ្យមានការដោះលែងលោកជា ចាន់ ប្រធានសហជីពមូលដ្ឋាននៅរោងចក្រវីង ស្តារស៊ូ (Wing Star Shoes Co., Ltd) ក្នុងខេត្តកំពង់ស្ពឺ ដោយថា លោកមិនបានប្រព្រឹត្តខុសដូចទៅនឹងបទចោទរបស់តុលាការខេត្តកំពង់ស្ពឺពីបទ«សមគំនិតក្នុងអំពើលួច»នោះឡើយ។
បទចោទមកលើលោកជា ចាន់ កើតឡើងនៅក្រោយពេលលោកត្រូវបានកម្មករបោះឆ្នោតឱ្យធ្វើជាប្រធានសហជីពកម្ពុជានៃក្រុមហ៊ុនវីង ស្តារស៊ូ ដែលផ្គត់ផ្គង់ផលិតផលស្បែកជើងឱ្យទៅក្រុមហ៊ុន ASICS របស់ប្រទេសជប៉ុន។ នេះបើតាមអ្នកការពារសិទ្ធិការងារ និងសហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា CTU។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធសហជីពកម្ពុជា សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោកជា ចាន់ ត្រូវបានសង្ស័យថា ជាការរៀបចំទុកជាមុនរវាងនិយោជក និងអាជ្ញាធរក្នុងគោលបំណងកម្ចាត់សហជីពមូលដ្ឋានរបស់ CTU ក្នុងរោងចក្រផលិតស្បែកជើងវីង ស្តារស៊ូ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាអ្នកស្រីស្នើសុំឱ្យតុលាការដោះលែងលោកជា ចាន់ ព្រោះមេដឹកនាំសហជីពរូបនោះ គ្រាន់តែចូលរួមចលនាសហជីពដើម្បីការពារប្រយោជន៍កម្មករតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំស្នើសុំឱ្យមានការដោះលែង! ស្នើសុំឱ្យតុលាការមានការដោះលែងលោកជា ចាន់ ព្រោះថាលោកជា ចាន់ អត់បានប្រព្រឹត្តទៅតាមអ្វីដូចជាការចោទប្រកាន់របស់ខាងតុលាការទេ។ ណាមួយជនដែលបានប្តឹងលោកជា ចាន់ ជាពិសេសខាងក្រុមហ៊ុនហ្នឹងក៏គ្មានសាក្សី គ្មានភស្តុតាងបង្ហាញអីច្បាស់លាស់ដូចគ្នាដែរ»។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជា ចាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ «សមគំនិតក្នុងអំពើលួច» ដោយគ្មានដីកា ហើយកាលពីថ្ងៃចន្ទម្សិលមិញនេះ តុលាការខេត្តកំពង់ស្ពឺបានសម្រេចលើកពេលជំនុំជម្រះសំណុំរឿងរបស់មេដឹកនាំសហជីពរូបនេះ។ ភាគីតុលាការថា សវនាការត្រូវបានលើកពេលដោយសារមេធាវីជនជាប់ចោទបានស្នើសុំ តែខាងសហជីព និងភរិយាលោកជា ចាន់ថា ការលើកពេលសវនាការដោយសារសាក្សីភាគីដើមបណ្តឹងដែលប្តឹងលោកជា ចាន់ អវត្តមាន។
ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រីយ៉ាង សោភ័ណ្ឌ ចាត់ទុកការលើកពេលសវនាការសំណុំរឿងលោកជា ចាន់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ថាជារឿងមិនត្រឹមត្រូវព្រោះវាបានប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោកឃុន ថារ៉ូ មានសុទិដ្ឋិនិយមថា ក្រុមហ៊ុនដែលជាអ្នកបញ្ជាទិញពីរោងចក្រវីង ស្ដារស៊ូ នឹងជួយរកដំណោះស្រាយករណីលោកជា ចាន់ បន្ទាប់ពីអង្គការសង់ត្រាល់បានពិភាក្សាជាមួយក្រុមហ៊ុនដែលជាអ្នកបញ្ជាទិញពីរោចក្រដែលមានម្ចាស់ជាជនជាតិចិននោះ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួននៅពីក្រោយការចាប់ខ្លួនលោកជា ចាន់។
លោកថ្លែងថា៖ «សង្ឃឹមថា ក្រុមASCIS [ក្រុមហ៊ុនដែលជាអ្នកបញ្ជាទិញ]នេះ និងប្រើឥទ្ធិពលរបស់ខ្លួនក្នុងការដាក់សម្ពាធទៅក្រុមហ៊ុនវីង ស្ដារស៊ូ។ ធានាធ្វើយ៉ាងណាឱ្យក្រុមហ៊ុននេះ ត្រូវជំរុញឱ្យមានការដកនូវពាក្យប្តឹងរបស់ខ្លួនចេញពីតុលាការកំពង់ស្ពឺ។ ក្រុមហ៊ុននេះត្រូវពិនិត្យពិចារណាក្នុងការទទួលយកលោកជា ចាន់ ឱ្យចូលធ្វើការវិញ ផ្តល់សំណងនៃការទូទាត់នូវប្រាក់ឈ្នួលរបស់គាត់និងអត្ថប្រយោជន៍ផ្សេងៗទៀតចាប់តាំង[ពី]ថ្ងៃដែលគាត់ត្រូវបានបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការងារវិញ»។
អ្នកស្រីឆែ ចាន់រ៉ា អាយុ៣២ឆ្នាំ ភរិយារបស់លោកជា ចាន់ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការចោទប្រកាន់របស់តុលាការមកលើស្វាមី គឺជារឿងអយុត្តិធម៌ ដែលតុលាការត្រូវតែដោះលែង។
អ្នកស្រីថា បន្ទាប់ពីស្វាមីត្រូវបានគេឃាត់ខ្លួន អ្នកស្រីថាជីវភាពក្នុងគ្រួសារបានជួបប្រទះការលំបាកច្រើន ខណៈអ្នកស្រីមានកូនបីនាក់នៅក្នុងបន្ទុក។
អ្នកស្រីថ្លែងថា៖«វាជារឿងអយុត្តិធម៌សម្រាប់ប្តីរបស់ខ្ញុំ ព្រោះអីបើគាត់ធ្វើដូចដែលគេចោទប្រកាន់ពិតមែន គឺគាត់ដឹងខ្លួនឯងច្បាស់ តែគាត់អត់មានបានប្រព្រឹត្តទេ។ ជាចុងក្រោយខ្ញុំសុំសំណូមពរដល់តុលាការខេត្តកំពង់ស្ពឺឱ្យមានការដោះលែងប្តីខ្ញុំ ព្រោះគាត់ជាមេគ្រួសារជាបុគ្គលដែលគាត់រកប្រាក់ចិញ្ចឹមគ្រួសារប្រពន្ធកូនសព្វគ្រប់បែបយ៉ាងគឺនៅលើគាត់»។
ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យរបស់តុលាការខេត្តកំពង់ស្ពឺលោក ផេង ស៊ីភ័ណ ប្រាប់វីអូអេថា តុលាការនៅរក្សាការចោទប្រកាន់លោក ជា ចាន់ ពីបទ«សមគំនិតក្នុងអំពើលួច» តែលោកមិនផ្តល់ការអត្ថាធិប្បាយលម្អិតលើសំណុំរឿនេះទេ។ ទាក់ទិនការលើកពេលសវនាការកាលពីថ្ងៃចន្ទ លោកថា ជាការស្នើសុំរបស់មេធាវីជនជាប់ចោទ។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អន ថ្លែងនៅថ្ងៃអង្គារនេះ ថា ករណីលោកជា ចាន់ កំពុងស្ថិតក្នុងដែនអំណាចរបស់តុលាការដែលត្រូវដោះស្រាយ ពោលគឺវាហួសពីការទទួលខុសត្រូវរបស់ក្រសួងការងារ។
លោកប្រាប់វីអូអេថា៖ «ករណីលោកជា ចាន់ នេះគឺជាសំណុំរឿងព្រហ្មទណ្ឌដែលជាសមត្ថកិច្ចរបស់តុលាការ វាមិនមែនជាសមត្ថកិច្ចរបស់ក្រសួងការងារនោះទេ។ប៉ុន្តែប្រសិនបើលោកជា ចាន់ និងសហជីពរបស់គាត់មានតម្រូវការជំនួយផ្លូវការផ្នែកច្បាប់ក្រសួងការងារ នឹងផ្តល់ជូនតាមសំណូមពរក្នុងដំណើរការនីតិវិធីរបស់តុលាការ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីភាគីរោងចក្រវីង ស្ដារស៊ូ ដែលមានទីតាំងនៅភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននៅឡើយទេ។
បើតាមសហព័ន្ធសហជីពកម្ពុជា មកដល់ពេលនេះលោកជា ចាន់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន រយៈពេលចំនួន៥៥ថ្ងៃ ដោយរំលោភបំពាន និងអយុត្តិធម៌។
ករណីចាប់ខ្លួនមេដឹកនាំសហជីពនៅរោងចក្រវីង ស្ដារស៊ូ ក្រោយការបង្កើតសហជីពដែលការពារប្រយោជន៍កម្មករនោះ មិនមែនជារឿងថ្មីទេក្នុងឧស្សាកម្មកាត់ដេរ និងវិស័យការងាររបស់ប្រទេសកម្ពុជា។
នេះមានន័យថា ជាញឹកញាប់ពេលមានការបង្កើតឬបន្តសុពលភាពសហជីព ដែលមិនរណបនឹងថៅកែរោងចក្រ ឬម្ចាស់ក្រុមហ៊ុន តំណាងកម្មករដែលជាប់ឆ្នោតជាប្រធាន ឬជាថ្នាក់ដឹកនាំសហជីពបានទទួលរងការប្តឹងផ្តល់ទៅតុលាការ ឬត្រូវបានបណ្តេញចេញពីការងារ ដូចយ៉ាងករណីនៅក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ជាដើម។ នេះបើតាមអ្នកពាក់ព័ន្ធក្នុងវិស័យការងារ៕