តុលាការរាជធានីភ្នំពេញបានសម្រេចឱ្យរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនវ៉ាយ&ដាប់បែលយូហ្គាមេន (Y&W Garment Co. Ltd) ក្នុងខណ្ឌដង្កោ យកមកលក់ ដើម្បីទូទាត់ប្រាក់ជូនកម្មករ ក្រោយថៅកែរោងចក្ររត់ចោល និងបិទទ្វាររោងចក្រ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ស្ដីពីដំណោះស្រាយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ។
បើតាមក្រសួងការងារ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រតាមការស្នើសុំរបស់ក្រសួងការងារ ដើម្បីយកមកលក់ឡៃឡុងសម្រាប់ទូទាត់ជូនកម្មករ ក្រោយកម្មករចេញមុខតវ៉ានិងទាមទាររកដំណោះស្រាយឱ្យបានឆាប់។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «សូមជម្រាបជូនថា កម្មករក្រុមហ៊ុនវ៉ាយ&ដាប់បែលយូនេះមានចំនួន ៤.៥០០ នាក់ ដូច្នេះចំណូលដែលបានមកពីការលក់ឡៃឡុងនៃទ្រព្យសម្បត្តិក្រុមហ៊ុនវ៉ាយ&ដាប់បែលយូ អាទិភាពត្រូវផ្តល់ជូនកម្មករជិតដែលក្រុមហ៊ុនបានជំពាក់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ឯប្រាក់នៅសល់អាចយកទៅធ្វើការបែងចែកដល់សហបំណុលផ្សេងៗទៀតទៅតាមការស្នើសុំរបស់តុលាការ ចំពោះករណីត្រូវលក់ឡៃឡុងភ្លាម ឬក៏អនុវត្តទៅតាមច្បាប់ស្តីពីក្ស័យធនវាជាសិទ្ធិសេចក្តីសម្រេចតុលាការដែលតុលាការនឹងសម្រេចតាមនីតិវិធីច្បាប់»។
លោកបន្ថែមថា ក្រសួងការងារមិនទាន់អាចប៉ាន់ប្រមាណបានទេថា ទឹកប្រាក់នៃការលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុនមានប៉ុន្មានឡើយ ហើយទឹកប្រាក់នោះវាគ្រប់សងកម្មករឬយ៉ាងណា។
កម្មករនិយោជិតនៅក្រុមហ៊ុនវ៉ាយ&ដាប់បែលយូហ្គាមេន (Y&W Garment Co. Ltd) ដែលផលិតសម្លៀកបំពាក់ទារកនិងកុមារ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញបានចេញតវ៉ាទាមទាររកដំណោះស្រាយ ក្រោយថៅកែជនជាតិចិនមិនបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករជាង៤ពាន់នាក់ ខណៈថៅកែរត់ចោលរោងចក្រ ដោយមិនបានជូនដំណឹង។
ក្រសួងការងារក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះពីកម្មករក្នុងអំឡុងពេលរង់ចាំបើកប្រាក់ឈ្នួលពីការលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
លោក ផុន សុផាត ប្រធានផ្នែកមេកានិកនៅរោងចក្រវ៉ាយ&ដាប់បែលយូហ្គាមេន យល់ឃើញថា ការលក់ទ្រព្យសម្បត្តិដែលមាននៅក្នុងក្រុមហ៊ុន ឬរោងចក្រនេះ ទឹកប្រាក់ដែលទទួលបានប្រហែលជាមិនអាចទូទាត់ជូនកម្មករនិយោជិតគ្រប់គ្រាន់នោះទេ ព្រោះកម្មករមានចំនួនច្រើន។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ចំពោះរឿងលក់សម្ភារៈនៅក្នុងរោងចក្រទាំងមូលនេះ បងគិតថាមិនអាចគ្រប់គ្រាន់នៅការបើកប្រាក់បៀវត្សរ៍ជូនកម្មករក៏ដូចជាប្រាក់សំណងផ្សេងៗតាមនីតិវិធីច្បាប់ស្ដីពីការងារទេ»។
លោកបន្តថា ការអាក់ខានដែលក្រុមហ៊ុនមិនទាន់បានបើកប្រាក់ឱ្យកម្មករ ធ្វើឱ្យកម្មករស្ទើរគ្រប់គ្នាជួបការលំបាកជាខ្លាំង ព្រោះកម្មករភាគច្រើនត្រូវបង់ធនាគារ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកបន្ថែមថា កម្មករភាគច្រើនស្នើសុំឱ្យក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធពន្លឿននីតិវិធីដោះស្រាយជូនពួកគេ ដើម្បីអាចយកមកដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ ខណៈពេលដែលកម្មករមិនទាន់អាចស្វែងរកការងារថ្មីធ្វើបាន។
ចំណែកអ្នកស្រី ហ៊ុន ផាន់ណា អ្នកគ្រប់គ្រងអគារមួយក្នុងរោងចក្រវ៉ាយ&ដាប់បែលយូហ្គាមេន ប្រាប់វីអូអេថា អ្នកស្រីមិនទាន់ទទួលបានប្រាក់ខែចំនួនពីរដង ក្នុងនោះរួមមានកាលពីត្រឹមពាក់កណ្តាលខែកុម្ភៈ និងដើមខែមីនា។ អ្នកស្រីយល់ថា ការលក់ទ្រព្យសម្បត្តិរបស់រោងចក្រមិនអាចគ្រប់គ្រាន់សម្រាប់បើកឱ្យកម្មករឡើយ។
អ្នកស្រី ហ៊ុន ផាន់ណា ថ្លែងថា៖ « អត់អាចគ្រប់ទេ ព្រោះរបស់ទ្រព្យគាត់វាតិច វាមិនដល់ថ្នាក់អាចសងជូនកម្មករបានអញ្ចឹង ព្រោះកម្មករដល់ទៅ៣ពាន់នាក់ជាង»។
អ្នកស្រីបានអំពាវនាវដល់ក្រសួងការងាររកដំណោះស្រាយលើបញ្ហានេះឱ្យលឿន ព្រោះកម្មករទាំងអស់ត្រូវយកថវិកាទាំងនោះមកដោះស្រាយជីវភាពរបស់ពួកគេ ខណៈពួកគាត់មិនទាន់រកបានការងារថ្មីធ្វើបាន៕
វេទិកាបញ្ចេញមតិ