កម្មករនិយោជិតនៅក្រុមហ៊ុនវ៉ាយ&ដាប់បែលយូហ្គាមេន (Y&W Garment Co. Ltd) ដែលផលិតសម្លៀកបំពាក់ទារកនិងកុមារ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ស្នើក្រសួងការងារឱ្យពន្លឿនផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករជាង ៣.០០ ០នាក់ ក្រោយថៅកែរត់ចោល ដោយមិនបានជូនដំណឹង។ នេះបើតាមតំណាងកម្មករ។
លោក ជា រ៉ា អនុប្រធានសហជីពនៅរោងចក្រវ៉ាយ&ដាប់បែលយូហ្គាមេន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ថៅកែរោងចក្រ និងជនជាតិចិនដែលគ្រប់គ្រងរោងចក្របានចាកចេញទៅប្រទេសចិន នៅមុនចូលថ្ងៃឆ្នាំចិនកាលពីខែកុម្ភៈ ដោយមិនបានជូនដំណឹងដល់កម្មករ និងសហជីព ក៏ដូចជាក្រសួងការងារ។ លោកបន្តថាលុះដល់ថ្ងៃទី ១ ខែមីនា សហជីពនៅរោងចក្របានផ្ញើសារអេឡិចត្រូនិកអ៊ីម៉ែលទៅសួរភាគីថៅកែរោងចក្រដែលជនជាតិចិនដោយផ្ទាល់ ទើបថៅកែថាមិនមានលទ្ធភាពបើកប្រាក់ឈ្នួលឱ្យកម្មករបន្តឡើយ។
លោកបញ្ជាក់ថា៖ «ថ្ងៃ ១ ខែ ៣ យើងបានអ៊ីម៉ែលទៅគាត់ យើងធ្វើលិខិតស្នើទៅគាត់ ហើយភាគីខាងថៅកែបានតបមកវិញថា គាត់អស់លទ្ធភាពបើកប្រាក់ខែ គាត់និយាយតែប៉ុណ្ណឹង។ គាត់អ៊ីម៉ែលមកពីចិន»។
បើតាមលោក ជា រ៉ា សង្វាក់ផលិតកម្មនាំចេញ នាំចូល និងការបញ្ជាទិញនៅរោងចក្រមួយនេះ ដំណើរការធម្មតា ដូច្នេះលោកក៏ឆ្ងល់ថាហេតុអ្វីបានជាថៅកែចាកចេញ បិទទ្វាររោងចក្រ។
បើតាមលោក ជា រ៉ា កម្មករនិយោជិតដែលកំពុងបម្រើការក្នុងរោងចក្រវ៉ាយ&ដាប់បែលយូហ្គាមេន (Y&W Garment Co. Ltd) មានចំនួនជាង ៣.៧០០ នាក់។
លោកស្នើទៅក្រសួងការងារឱ្យដោះស្រាយវិវាទការងារមួយនេះឱ្យបានឆាប់ ខណៈកម្មករមិនទទួលបានប្រាក់ឈ្នួល គិតចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈមក។
ស្ត្រីម្នាក់ទៀតដែលបម្រើការក្នុងរោងចក្រនេះអស់រយៈពេល១២ឆ្នាំ ឬតាំងពីរោងចក្រចាប់ផ្តើមបើកដំណើរការកាលពីឆ្នាំ ២០១២ អ្នកស្រី ម៉ុន លក្ខិណា ក៏ស្នើក្រសួងការងារពន្លឿនក្នុងការដោះស្រាយវិវាទការងារនេះ ដើម្បីកុំឱ្យកម្មករប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។
អ្នកស្រីលើកឡើងថា៖ «ពួកខ្ញុំ នៅផ្ទះជួល ហើយខ្វះលុយធនាគារដែរ ចង់ឱ្យក្រសួងជួយដោះស្រាយពន្លឿនតាមនីតិវិធីច្បាប់»។
កាលពីថ្ងៃសៅរ៍ ទី ៩ ខែមីនា កម្មកររាប់រយនាក់ដែលធ្វើការនៅរោងចក្រវ៉ាយ&ដាប់បែលយូហ្គាមេននេះ បានប្រមូលផ្តុំគ្នា គ្រោងធ្វើដំណើរថ្មើរជើងពីរោងចក្រ ឆ្ពោះទៅកាន់ក្រសួងការងារ ដើម្បីយកពាក្យបណ្តឹង ស្នើសុំឱ្យក្រសួងដោះស្រាយ និងទូទាត់សំណងជូនកម្មករឱ្យស្របតាមច្បាប់ដែលកម្មករទាមទារ ៥ ចំណុច។
ចំណុចដែលកម្មករទាមទារនោះ រួមមានការទាមទារប្រាក់ឈ្នួលចុងក្រោយ ប្រាក់ឈ្នួលជួសការសម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់អតីតភាព ប្រាក់ជូនដំណឹង និងសោហ៊ុយជំងឺចិត្ត ដែលយោងទៅតាមច្បាប់។
អាជ្ញាធរមិនអនុញាតឱ្យកម្មករប្រមូលផ្តុំ និងធ្វើដំណើរថ្មើរជើងឡើយ។ ចំណែកក្រសួងការងារក៏បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃសៅរ៍ថាការប្រមូលផ្តុំដែលឈានដល់ការបិទផ្លូវសាធារណៈ ក្នុងសង្កាត់ព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
ក្រសួងការងារអំពាវនាវឱ្យកម្មករ សហជីពមូលដ្ឋាននិងអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ ងាកមកដោះស្រាយតាមផ្លូវច្បាប់វិញ។
ក្រសួងការងារបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «វិវាទការងារនៅក្រុមហ៊ុន វ៉ាយ&ដាប់បែលយូហ្គាមែនជាករណីក្រុមហ៊ុនបិទទ្វារ ដោយថៅកែបានរត់ចោលរោងចក្រ ដែលត្រូវដោះស្រាយទៅតាមច្បាប់ស្តីពីការងារ និងតាមច្បាប់ស្តីពីក្ស័យធន់»។
ក្រសួងការងារក៏ព្រមានចាត់ការតាមច្បាប់ ចំពោះជនទាំងឡាយណា ដែលព្យាយាមបកស្រាយដោយមិនត្រឹមត្រូវ ក្នុងចេតនាបង្កឱ្យមានការតវ៉ាដោយខុសច្បាប់។
លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាក្រសួងការងារបានប្តឹងក្រុមហ៊ុនវ៉ាយ&ដាប់បែលយូទៅតុលាការរួចហើយនៅព្រឹកថ្ងៃចន្ទនេះ។ លោកថា រសៀលថ្ងៃចន្ទនេះ ក្រសួងការងារក៏បានហៅតំណាងកម្មករមកជួបពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ ដើម្បីពន្លឿនវិវាទការងារមួយនេះផងដែរ។
លោកថ្លែងថា៖ «សូមជម្រាបថាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ទៅលើក្រុមហ៊ុនវ៉ាយ&ដាប់បែលយូនេះ ដើម្បីទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតយើង»។
ក្រសួងការងារប្តឹងក្រុមហ៊ុនទៅតុលាការ គឺដើម្បីស្នើសុំដីកាចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ និងដោះស្រាយលើបណ្តឹងអង្គសេចក្តី ដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ចុះថ្ងៃទី ៩ ខែមីនានោះ ដែលវីអូអេទទួលបាន។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីភាគីក្រុមហ៊ុន វ៉ាយ&ដាប់បែលយូបាននៅឡើយទេ។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ ប្រាប់វីអូអេថាកន្លងទៅ មានករណីបិទរោងចក្រ ដោយសារថៅកែចង់គេចវេះមិនផ្តល់សំណងតាមច្បាប់ដល់កម្មករ ជាពិសេសបង់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ លោកបន្ថែមថា មានករណីខ្លះទៀត ថៅកែមិនមានលទ្ធភាពទូទាត់និងបង់ពន្ធអាករ ហើយថៅកែខ្លះបិទរោងចក្រចាស់ទៅបើករោងចក្រថ្មីជាដើម។
បើតាមតំណាងកម្មករនិយោជិត ក្រុមហ៊ុនវ៉ាយ&ដាប់បែលយូបានបើកដំណើរការរោងចក្រផលិតសម្លៀកបំពាក់ទារក និងកុមារតាំងពីឆ្នាំ ២០១២ ហើយមិនដែលមានបញ្ហាអ្វីនោះទេ៕
វេទិកាបញ្ចេញមតិ