ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយរោងចក្រឆេះក្នុងស្រុកអង្គស្នួល កម្មករជាង២០០០នាក់គ្មានការងារធ្វើ


រូបភាពពីបណ្តាញសង្គមបង្ហាញរោងចក្រ R.G Footwear (Cambodia) Co.,Ltd ក្រោយ​អគ្គិភ័យ នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (Facebook/CENTRAL)
រូបភាពពីបណ្តាញសង្គមបង្ហាញរោងចក្រ R.G Footwear (Cambodia) Co.,Ltd ក្រោយ​អគ្គិភ័យ នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (Facebook/CENTRAL)

កម្មករ​ជាង ​២.០០០ នាក់ ​កំពុង​ប្រឈម​មុខ​នឹង​ភាព​គ្មានការ​ងារ​ធ្វើ​ បន្ទាប់​ពីរោងចក្រ​មួយ​កន្លែង​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ដោយ​គ្រោះអគ្គិភ័យ​ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ស្រុក​អង្គស្នួល ​ខេត្ត​កណ្តាល​។ ​

រោងចក្រ​ R.G Footwear ​(Cambodia) Co.,Ltd ដែល​ផលិត​ និង​ដេរស្បែក​ជើង​ឱ្យ​ក្រុមហ៊ុន VF Corp​ របស់​សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​ម៉ាកល្បី​ផ្សេង​ទៀត​ ដូចជា​ Puma ​បាន​ដំណើរ​ការ​នៅក្នុង​ស្រុក​អង្គស្នួល​អស់​រយៈពេល​ជាច្រើនឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​កាល​ពីរ​សៀល​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ ឧប្បត្តិហេតុ​អគ្គិភ័យ​បាន​កើតឡើង​ ដោយ​មិន​ដឹង​មូលហេតុ​ និង​បាន​ឆាប​ឆេះ​ម៉ាស៊ីនដេរ​ និង​សម្ភារ​ផ្សេង​ៗ​ទៀត​។ នេះ​បើតាម​មន្ត្រីសហជីព​ និង​កម្មករ។

បើ​តាមមន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សយ ចន្ធូ រោង​ចក្រ ​R.G Footwear ត្រូវបាន​ភ្លើង​ឆាប​ឆេះ​ នៅវេលា​ម៉ោង ៤ល្ងាច​ជាង ដល់ម៉ោង​ ២យប់​។​លោក​បន្តថា​ដំបូងឡើយ​មាន​ការ​ផ្ទុះ​ម៉ូទ័រ​ ដែលនាំ​ឱ្យ​សាំង​ធ្លាក់មក​ ក៏​ឆេះ​ជា​បន្ត​បន្ទាប់​រហូត​ដល់​ឆេះអស់​ទាំងស្រុង​អគារ​ចំនួន​៣​នៅក្នុង​រោងចក្រ។

​លោក​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​អន្តរាគមន៍​ដើម្បី​ជួយ​ទៅដ​ល់​កម្មករ​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ការ​ងារ​។

លោក​ថ្លែង​ថា​៖ «​សង្ឃឹម​ថាក៏ដូច​ជា​ការ​សំណូមពរ​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​សូមលោក​ជួយ​ធ្វើម៉េច​កុំ​ឱ្យ​កម្មករ​គាត់​បាត់បង់​អត្ថប្រយោជន៍​ច្រើន​ ហើយ​ជំរុញ​ដោះស្រាយ​ឱ្យ​គាត់​ឱ្យ​បាន​ឆាប់​»។

នៅ​ក្នុង​ហេតុការណ៍​ឆេះ​រោងចក្រនេះ​ កម្មករ​មិន​ទទួល​រង​គ្រោះ​ថ្នាក់​នោះ​ទេ​ ដោយ​សារ​ពេល​ដែល​អគ្គិភ័យ​កើតឡើង​ ជា​វេលា​ដែល​កម្មករ​ភាគច្រើន​បាន​សម្រាក​ពី​ការងារ​។ នេះ​បើ​តាម​មន្ត្រី​សហជីព​ និង​រដ្ឋាភិបាល​។

​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​តាមប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន​ ប្រាប់​វីអូអេ​ថា ក្រោយ​ពីទទួល​បាន​ព័ត៌មាន​ពាក់​ព័ន្ធនឹង​ករណី​ឆេះ​រោងចក្រ R.G Footwear នេះ​ ថ្នាក់ដឹក​នាំ​របស់​ក្រសួង​បាន​ចុះ​ទៅ​កាន់​ទីកន្លែង​កើតហេតុ​ដើម្បី​ជួយ​គ្រប់គ្រង ​និង​ពិនិត្យ​អំពី​ស្ថានភាព​នៃអគ្គីភ័យ​ និង​ថា​សមត្ថកិច្ច​កំពុង​តែ​ស៊ើបអង្កេត​ទៅលើ​មូលហេតុ​នៅពី​ក្រោយ​ការកើត​ឡើង​គ្រោះនូវអគ្គិភ័យ​នោះ​។

លោក​បន្ថែម​ថា​ ​គ្មានកម្មករ​ណាម្នាក់រង​របួស​នោះ​ទេ​ ព្រោះ​មាន​ការ​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​វេលា​ពីភាគី​រោងចក្រ​ និង​អាជ្ញាធរ​មូលដ្ឋាន។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​សូម​បញ្ជាក់ថា​អត្ថប្រយោជន៍ ​ប.ស.ស. រួមមាន​ផ្នែក​ថែទាំ​សុខ​ភាព អត្ថប្រយោជន៍​នៅ​ពេល​សម្រាល​កូន​ ក៏ដូច​ជា​ការ​ពិនិត្យ​ផ្ទៃពោះ​ បងប្អូន​កម្មករ​និ​យោជិត​ដែល​ជា​សមាជិក ​ប.ស.ស នៅ​តែ​ទទួលបាន​អត្ថប្រយោជន៍​នៃការ​ប្រើ​ប្រាស់ប.ស.ស.​ជា​ធម្មតា​»។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ​ ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​កំពុង​តែ​សិក្សា​ពីទំហំ​នៃ​ផលប៉ះ​ពាល់​និង​ការ​ខូច​ខាត​នានា​។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពីភាគី​ថៅកែ​រោងចក្រ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ​។

គេ​មិន​ទាន់​ដឹង​ថាតើ​ រោងចក្រ​ R.G Footwear បាន​គោរព​ទៅតាមនិយាម​សុវត្ថិភាព​ ដើម្បី​ការពារ​សុវត្ថិភាព​របស់​កម្មករ​ នៅ​ពេល​មានក​រណី​ឆេះអគារ​ក្នុង​រោងចក្រ​ដ៏​មហន្តរាយ​នោះ​។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​លោក​ ឃុន ថារ៉ូ ​ ប្រាប់វីអូអេ​ថា ​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​បែបណា​នោះ​ទេ​ថា​តើ​ភ្លើងឆេះ​ដោយ​របៀបណា​ក្នុងករណី​ឆេះ​រោងចក្រ​ R.G Footwear ខណៈ​លោក​ថា​ករណី​នេះ​ត្រូវ​ការ​ពេល​វេលា​នៅ​ក្នុងការ​ស៊ើប​អង្កេត​។

បើ​តាម​លោក​ ឃុន ថារ៉ូ ក្រុមការងារ​របស់​លោក​កំពុង​តែ​ប្រមូល​ព័ត៌មានវិភាគ​ទៅ លើ​ថា​តើ​កិច្ច​អន្តរាគមន៍​បែប​ណា​ដែល​អាចជួយ​ដល់​កម្មករ​បាន​ ហើយ​ថា​តើ​រោង​ចក្រ​មាន​បណ្ណ​ធានា​រ៉ាប់​រង​ដែរ​ឬអត់​។

លោក​បញ្ជាក់​ថា​៖ «ហើយ​ក្នុងករណី​ដែល​ក្រុម​ហ៊ុន​បិទ​ថា​តើ​អ្នក​ណា​ដែល​មានកាតព្វ​កិច្ច​ទូទាត់​សំណង​ទៅ​ដល់​កម្មករ​និយោជិត​ ប៉ុន្តែ​នៅ​ចំពោះ​មុខ​ចំពោះ​ប្រាក់ឈ្នួល​អត្ថ​ប្រយោជន៍​នេះ​វាជាកាតព្វ​កិច្ច​របស់​ក្រុមហ៊ុន​ហើយ​»។

ចំណែក​លោក ជុំ សុភា អាយុ​៤២ឆ្នាំ​ ជាកម្មករ​ដែលបាន​ធ្វើ​ការ​នៅ​រោងចក្រ R.G.​ Footwear អស់​រយៈពេល​៩ឆ្នាំមកហើយ​ ប្រាប់​វីអូអេ​ថា​ បើ​សិន​ជា​រោងចក្រ​ពិត​ជាបិទ​មែន នោះ​លោក​នឹង​ប្រឈម​នូវ​បញ្ហា​ផ្សេងៗ​ដូច​ជាការ​អត់ការ​ងារ​ អត់ប្រាក់​ចំណូល​ដើម្បី​បង់​ធនាគារ​ និង​ចិញ្ចឹម​កូន​បីនាក់​ផងដែរ​។

លោក​បញ្ជាក់​ថា​៖ «រោចក្រ​បិទទៅ​ប្រឈមមុខ​នឹង​បញ្ហា​ទី ​១ អត់ការងារ​ធ្វើ​ ហើយ​ប្រាក់​ចំណូល​គឺយើង​អត់មាន​អ៊ីចឹង ហើយ​យើង​អាយុ​ច្រើន​ទៀត​ អត់ដឹង​ទៅ​ធ្វើ​នៅណា​។យើង​ជំពាក់​លុយ​ធនាគារ​ នៅ​ចិញ្ចឹម​កូន។គ្រួសារ​យើង​ពឹង​លើយើង​ម្នាក់អ៊ីចឹង​»។

កម្មករ​រូប​នេះ​ស្នើឱ្យ​ក្រសួង​ពាក់​ព័ន្ធ ​និង​ភាគី​រោងចក្រដោះ​ស្រាយ​និង​ផ្តល់​អត្ថ​ប្រយោជន៍​មក​ដល់​កម្មករ​ឱ្យ​ស្រប​ទៅ​តាមច្បាប់​ការ​ងា​រ​របស់​ប្រទេស​កម្ពុជា​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG