ពលរដ្ឋប្រមាណ៥៧ម៉ឺននាក់ដែលរស់នៅតំបន់ក្រហមនិងតំបន់ក្បែរខាង នឹងត្រូវទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលរៀបចំចាក់ជូនដោយមន្ត្រីយោធា។ នេះបើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។
ការរៀបចំចាក់នេះជាផ្នែកនៃយុទ្ធនាការ«ចាក់ស្រោច»វ៉ាក់សាំង ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យយោធាចេញអនុវត្តចាក់លើពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ពណ៌«ក្រហម» ប្រឈមនឹងហានិភ័យនៃជំងឺកូវីដ១៩ខ្លាំង ក្នុងខណ្ឌចំនួនបួននៅភ្នំពេញ។
នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានប្រាប់ទូរទស្សន៍រដ្ឋ ទ.ទ.ក. កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា កម្លាំងយោធា១៤៩០នាក់ នឹងត្រូវពង្រាយដើម្បីចាក់វ៉ាក់សាំងដែលមានបច្ចុប្បន្ន៩០ម៉ឺនដូសជូនពលរដ្ឋនៅ«តំបន់ក្រហម»។
តែដោយសារមនុស្សគ្រប់លក្ខណៈនិងអាយុចាក់មាន៥៧ម៉ឺននាក់ មន្ត្រីយោធារូបនេះថា ក្រុមខ្លួននឹងដកស្រង់ទិន្នន័យបន្ថែមទៀត ដោយក្នុងចំណោមនោះមានអ្នកខ្លះបានចាក់វ៉ាក់សាំងរួចហើយ។ លោក ឥត សារ៉ាត់ ថា យុទ្ធនាការនេះ នឹងធ្វើពីថ្ងៃសុក្រទី៣០ ខែមេសាតទៅ។
«សម្ដេចពិជ័យសេនា គាត់បានដាក់បទបញ្ជាឱ្យខ្ញុំថា មិនឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងទេ ធ្វើយ៉ាងម៉េចឱ្យវ៉ាក់សាំងទាំងនោះជ្រាបទៅក្នុងខ្លួនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពស៊ាំ ហើយនិងការពារ ទប់ស្កាត់ លុបបំបាត់ អាការរាលដាលឆ្លងនេះ»។
លោក ឥត សារ៉ាត់ លើកឡើងថា ពលរដ្ឋគ្រប់រូបនៅតំបន់ក្រហម«ត្រូវមានឆន្ទៈ»ទៅទទួលវ៉ាក់សាំងជាផ្នែកមួយនៃការចូលរួមយកភាពប្រក្រតីនៃស្ថានភាពប្រទេសត្រឡប់មកវិញ ហើយអាជ្ញាធរត្រូវអំពាវនាវ ពន្យល់ប្រាប់ពលរដ្ឋអំពីការចូលរួមនេះ។
«បើសិនជាចង់អស់[កូវីដ១៩]អ៊ីចឹង ក្រោមការខិតខំរបស់រាជរដ្ឋាភិបាល យើងត្រូវតែមកចាក់។ វាមិនមែនជាការស្ម័គ្រចិត្តអី យើងត្រូវតែមកចាក់ទាំងអស់។ នេះជាកាតព្វកិច្ចដែលត្រូវចូលរួមទាំងអស់គ្នា។ អានេះជា អ្វីដែលខ្ញុំគិត វាជាកាតព្វកិច្ចដែលត្រូវចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់ ដើម្បីប្រទេសជាតិរបស់យើង»។
ឯកសារកងទ័ពដែលចុះហត្ថលេខាថ្ងៃទី២៧ ខែមេសា ដោយឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន នាយសេនាធិការកងទ័ពជើងគោក បានបង្ហាញថាអង្គភាពទ័ពចំនួន៥ក្រោមចំណុះកងទ័ពជើងគោកនឹងចេញប្រតិបត្តិការចាក់វ៉ាក់សាំង។
អង្គភាពទាំងនោះរួមមាន កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស បញ្ជាការដ្ឋានយោធភូមិភាគពិសេស បញ្ជាការដ្ឋានការពារអាកាស និងក្រុមគ្រូពេទ្យកងទ័ពជើងគោក។
ដោយឡែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់វីអូអេថាតួលេខដែលលោក ឥត សារ៉ាត់ លើកឡើងថាមាន៥៧ម៉ឺននាក់នៅតំបន់ក្រហមត្រូវចាក់វ៉ាក់សាំងនោះ មិនមានអ្វីត្រូវផ្ទៀងផ្ទាត់បញ្ជាក់បន្ថែមឡើយ។
ក្នុងចំណោម«តំបន់ក្រហម»ទាំងអស់ សង្កាត់ទួលសង្កែទី១ នៃខណ្ឌឫស្សីកែវ មានទំហំប្រជាជនរស់នៅច្រើនជាងគេ ពោលគឺមានដល់ទៅ ៨៦.៦៤៦នាក់។ នេះបើយោងតាមជំរឿនឆ្នាំ២០១៩របស់វិទ្យាស្ថានជាតិស្ថិតិ។
លោក សឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា គោលការណ៍ស្ម័គ្រចិត្តនៃការទទួលវ៉ាក់សាំងរបស់ពលរដ្ឋម្នាក់ៗគួរត្រូវបានការពារ។
«ក្នុងការសម្រេចចិត្តក្នុងការចាក់វ៉ាក់សាំងទាំងអស់នេះ ខ្ញុំគិតថាគួរតែមានការទុកសិទ្ធិឱ្យប្រជាពលរដ្ឋក្នុងការសម្រេចទៅ កុំឱ្យមានការប្រើរូបភាពណាមួយដែលបង្ហាញឱ្យឃើញថា វាជាការបង្ខិតបង្ខំ ព្រោះរដ្ឋាភិបាលអាចរងការរិះគន់ចំពោះការប្រើរូបភាពជាការដាក់សម្ពាធ»។
មន្ត្រីអង្គការសិទ្ធិមនុស្សរូបនេះ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាចំពោះវត្តមាននិងតួនាទីយោធាក្នុងការប្រយុទ្ធនឹងកូវីដ១៩នេះផងដែរ ដោយស្នើឱ្យចាត់ទុកជម្រើសការពង្រាយយោធានេះជាជម្រើសចុងក្រោយបំផុត នៅពេលប្រើប្រាស់កម្លាំងស៊ីវិលអស់លទ្ធភាព។
យោធាក៏ត្រូវបានគេពង្រាយក្នុងការបិទខ្ទប់ផ្នែកខ្លះនៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងបិទខ្ទប់ខេត្តព្រះសីហនុផងដែរ តែរូបភាពដែលត្រូវបានផ្សព្វផ្សាយនៅប៉ោយប៉ែតបង្ហាញថា ទាហានដែលត្រូវបានពង្រាយនោះមានប្រដាប់ដោយអាវុធ AK-47 ផងដែរ។
គិតមកទល់នឹងថ្ងៃទី២៩ ខែមេសានេះ កម្ពុជាទទួលវ៉ាក់សាំងប្រមាណ៤លានដូស ដែលភាគច្រើនលើសលប់ជាជំនួយនិងការលក់ឱ្យពីប្រទេសចិន។ ពលរដ្ឋប្រមាណ១លាន៣សែននាក់ហើយបានទទួលវ៉ាក់សាំងដែលចាក់ដោយក្រសួងការពារជាតិ និងក្រសួងសុខាភិបាល៕