មន្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ពួកខ្មាន់កាំភ្លើង បានបាញ់ប្រហារទៅលើការិយាល័យសប្បុរសធម៌អន្តរជាតិមួយ ដែលធ្វើការផ្នែកបោសសម្អាតគ្រាប់មីននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយការបាញ់ប្រហារនោះ បានធ្វើឲ្យមនុស្ស១០នាក់ស្លាប់ និងរបួសជាច្រើននាក់។
ការវាយប្រហារដ៏ប្រល័យនៅយប់ថ្ងៃអង្គារទៅលើការិយាល័យរបស់អង្គការ HALO Trust ដែលមានទីតាំងនៅចក្រភពអង់គ្លេស បានកើតមានឡើងនៅក្នុងខេត្ត Baghlan ដែលមានការប្រយុទ្ធគ្នានៅផ្នែកខាងជើងដែលជាទីកន្លែងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងពួកបះបោរតាលីបង់។
មន្ត្រីអ្នកនាំពាក្យប៉ូលិសខេត្តមួយរូបបានប្រាប់ VOA ថា ជនរងគ្រោះក្នុងអំពើវាយប្រហារនោះ គឺសុទ្ធតែជាជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ដែលបានបម្រើការងារនៅក្នុងជំរំដោះមីននេះ។ ពួកគេលើកឡើងថា ខ្មាន់កំាភ្លើង បានប្រមូលផ្តុំពួកគេក្នុងបន្ទប់មួយ ហើយបានបាញ់ស្រោចទៅលើពួកបុគ្គលិកទាំងនោះតែម្តង។
ប៉ុន្តែអ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់លោក Zabihullah Mujahid បានបដិសេធការពាក់ព័ន្ធរបស់ក្រុមខ្លួនដោយនិយាយថា តំបន់ស្រុក និងទីតាំងដែលមានការវាយប្រហារនោះ មិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់នោះទេ។
អ្នកនាំពាក្យរូបនេះ បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter ថា «យើងថ្កោលទោសការវាយប្រហារទៅលើទីតាំងដែលគ្មានការការពារខ្លួននេះ ហើយចាត់ទុកការបាញ់ប្រហារនេះ ថាជាអំពើដ៏ព្រៃផ្សៃមួយ។ យើងមានទំនាក់ទំនងជាធម្មតាជាមួយអង្គការក្រៅរដ្ឋាភិបាល ហើយក្រុមសកម្មជនរបស់យើង នឹងមិនធ្វើការវាយប្រហារដោយអំពើព្រៃផ្សៃបែបនេះ នោះទេ។
អង្គការ HALO Trust បានថ្កោលទោសការវាយប្រហារនោះ ហើយនិយាយថា ខ្លួនមានអ្នកដោះមីនក្នុងប្រទេសជាង១០០នាក់ ដែលមកពីសហគមន៍ផ្សេងៗគ្នា កំពុងធ្វើការងារមនុស្សធម៌ដោះមីននៅក្នុងតំបន់នោះ។
អង្គការសហប្រជាជាតិទាមទារឲ្យមានការស៊ើបអង្គេតដោយពេញលេញមួយទៅលើការវាយប្រហារនោះ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកប្រព្រឹត្តយកទៅកាត់ទោស៕