អ្នកស្រី Luisa Piette ដែលរស់នៅក្នុងក្រុង Cool នៃរដ្ឋ California បាននិយាយថា «ខ្ញុំតែងតែអាចយល់ពីអារម្មណ៍របស់មនុស្ស និងយល់ពីទស្សនៈរបស់ពួកគេ។ ខ្ញុំយល់អំពីការឈឺចាប់របស់ពួកគេ មិនថាគេជាមនុស្សដែលឆ្លងកាត់ការលែងលះដ៏លំបាក ឬត្រឹមតែជាមនុស្សស្គាល់គ្នាដែលគេកំពុងតែអត់លុយបង់ថ្លៃជួលផ្ទះរបស់ពួកគេបានទេ។ ខ្ញុំបានស្តាប់រឿងរ៉ាវរបស់ពួកគេ និងយល់ចិត្តពួកគេ»។
អ្នកស្រី Piette មានកូនស្រីម្នាក់ និងចៅស្រីម្នាក់។
អ្នកស្រីបានប្រាប់ VOA ថា៖ «ខ្ញុំគិតថា ស្ត្រីអាចដាក់អារម្មណ៍ឱ្យយល់ពីស្ថានភាពរបស់អ្នកដទៃបានប្រសើរជាងបុរស»។
ករណីរបស់អ្នកស្រី Piette អាចដូចជាករណីដែលត្រូវបានសរសេរក្នុងសៀវភៅមួយក្បាលដែលសិក្សាអំពីការយល់ចិត្តដែលបានបង្ហាញ និងអ្វីដែលមនុស្សជាច្រើនបានសន្និដ្ឋានរួចមកហើយថា ស្ត្រីទំនងជាមានការយល់ចិត្តជាងបុរស។
ការសិក្សាមួយដែលបានចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២២ ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge បានស្ទង់មតិមនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោក។ ដូចការសិក្សាផ្សេងទៀតដែរ ការសិក្សានេះបានបង្ហាញថា ស្ត្រីមានការយល់ចិត្តអ្នកដទៃប្រសើរជាងបុរស ដោយមិនគិតពីឥទ្ធិពលគ្រួសារ ឬវប្បធម៌ណាមួយឡើយ។
លោក David Greenberg អ្នកវិទ្យាសាស្ត្រនាំមុខគេនៃការសិក្សានេះបាននិយាយថា «ការរកឃើញរបស់យើងផ្តល់នូវភស្តុតាងដំបូងមួយចំនួននៃបាតុភូតដែលគេដឹងឮថា ជាធម្មតាស្ត្រីមានការយល់ចិត្តអ្នកដទៃច្រើនជាងបុរស»។
ការយល់ដឹងអំពីការយល់ចិត្ត
អ្នកវិទ្យាសាស្ត្របានស្វែងរកវិធីដើម្បីវាស់ស្ទង់ការយល់ដឹងអំពីការយល់ចិត្ត គឺមានន័យថានៅពេលដែលនរណាម្នាក់មានបញ្ញាយល់ពីអ្វីដែលមនុស្សម្នាក់ទៀតកំពុងគិត ឬមានអារម្មណ៍ ហើយបន្ទាប់មកធ្វើការទស្សន៍ទាយពីរបៀបដែលពួកគេនឹងមានប្រតិកម្ម។
ឧទាហរណ៍ មិត្តម្នាក់ប្រាប់អ្នកថា ពួកគេពិបាកចិត្ត ដោយសារពួកគេមានការមិនចុះសម្រុងនឹងនរណាម្នាក់។ ប្រសិនបើអ្នកមានការយល់ដឹងអំពីការយល់ចិត្ត នោះអ្នកនឹងយល់ពីអារម្មណ៍របស់មិត្តអ្នកដោយអ្នកដាក់ខ្លួនអ្នកនៅក្នុងស្ថានភាពរបស់ពួកគេ។
ការសិក្សារបស់សាកលវិទ្យាល័យ Cambridge នេះ គឺជាការសិក្សាធំបំផុតលើប្រធានបទនេះ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ។ អ្នកចូលរួមសរុបមានបុរស និងស្ត្រីប្រមាណ ៣០៦.០០០ (៣សែន ៦ពាន់) នាក់មកពី ៥៧ ប្រទេសដែលរួមមានអេហ្ស៊ីប ឥណ្ឌា ក្រូអាស៊ី និងអារ៉ាប៊ីសាអូឌីត។ ជាមធ្យម ស្ត្រីបានបង្ហាញពីការយល់ដឹងអំពីការយល់ចិត្តខ្ពស់ជាងបុរសនៅក្នុង៣៦ប្រទេស និងការយល់ដឹងអំពីការយល់ចិត្តប្រហាក់ប្រហែលនឹងបុរសក្នុង២១ប្រទេសផ្សេងទៀត។ ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងការសិក្សានេះ គ្មានប្រទេសណាដែលបង្ហាញថា បុរសបង្ហាញការយល់ចិត្តខ្លាំងជាងស្រ្តីនោះទេ។
អ្នកស្រី Carrie Allison នាយិកាផ្នែកយុទ្ធសាស្រ្តស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge បានថ្លែងថា «ការសិក្សានេះបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នានៃយេនឌ័រនៅក្នុងប្រទេសនានា ភាសា និងក្រុមមនុស្សទៅតាមអាយុ»។
អ្នកនិពន្ធរបាយការណ៍បានចង្អុលបង្ហាញថា លទ្ធផលគឺគ្រាន់តែជាមធ្យម ដោយបុរសខ្លះយល់ចិត្តអ្នកដទៃជាងស្ត្រីខ្លះ។
អ្នកស្រី Sandra Murphy អ្នកវិទ្យាសាស្ត្រសង្គមនៅក្រុង Takoma Park រដ្ឋ Maryland សហរដ្ឋអាមេរិក បាននិយាយថា អ្នកស្រីមិនមានការការយល់ដឹងអំពីការយល់ចិត្តអ្នកដទៃដូចដែលការសិក្សារកឃើញនោះទេ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំវិភាគច្រើនជាង ហើយប្តីខ្ញុំដែលជាមេធាវីយល់ចិត្តអ្នកដទៃប្រសើរជាងខ្ញុំ»។
លោក Jack Murphy ដែលត្រូវជាស្វាមីអ្នកស្រី Sandra Murphyយល់ស្រប។
លោក Jack Murphy បាននិយាយថា៖ «ខ្ញុំឆាប់យល់ពីមនោសញ្ចេតនា និងអារម្មណ៍របស់មនុស្សជាងគាត់»។
អ្នកស្រាវជ្រាវបានរកឃើញថា សមត្ថភាពយល់ចិត្តជាធម្មតាកើនឡើងក្នុងវ័យជំទង់ និងថយចុះអំឡុងពេលពេញវ័យ។
នាង Olivia Mickelson សិស្សវិទ្យាល័យមកពីក្រុង Fairfax រដ្ឋ Virginia សហរដ្ឋអាមេរិក បាននិយាយថា «ខ្ញុំគិតថា មិត្តភក្តិស្រីរបស់ខ្ញុំយល់អារម្មណ៍ និងយល់ចិត្តអ្នកដទៃប្រសើរជាងមិត្តភក្តិប្រុសរបស់ខ្ញុំ»។
ការពិសោធតាមរយៈការមើលភ្នែក
ដើម្បីវាស់ស្ទង់ការយល់ដឹងអំពីការយល់ចិត្តរបស់អ្នកចូលរួម អ្នកស្រាវជ្រាវបានប្រើការពិសោធតាមរយៈការមើលភ្នែក ដើម្បីវាស់ស្ទង់សមត្ថភាពរបស់មនុស្សក្នុងការយល់ដឹងអំពីស្ថានភាពផ្លូវចិត្ត ឬអារម្មណ៍របស់នរណាម្នាក់។
អ្នកចូលរួមនៅក្នុងសិក្សាស្រាវជ្រាវនេះបានពិនិត្យមើលរូបថតនៃទឹកមុខផ្សេងៗគ្នារបស់មនុស្ស ហើយផ្តោតលើអ្វីដែលពួកគេគិតថាមនុស្សម្នាក់ប្រហែលជាកំពុងគិត ឬមានអារម្មណ៍ដោយសម្លឹងមើលតំបន់ជុំវិញភ្នែករបស់ពួកគេ។ បន្ទាប់មក អ្នកចូលរួមត្រូវបានផ្តល់ឱ្យនូវបញ្ជីពាក្យដែលមានកំណត់ ដើម្បីពិពណ៌នាអំពីអ្វីដែលពួកគេបានឃើញ។
អ្នកស្រី Cynthia Catchings នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសុខភាពផ្លូវអារម្មណ៍របស់ស្ត្រីនៅទីក្រុង Alexandria រដ្ឋ Virginia បាននិយាយថា«លទ្ធផលនៃការសិក្សានេះបង្ហាញនូវអ្វីដែលខ្ញុំបានឃើញនៅក្នុងការប្រកបការងាររបស់ខ្ញុំអំពីការណ៍ដែលស្ត្រីមានការយល់ចិត្តអ្នកដទៃច្រើនជាងបុរស។ ខ្ញុំគិតថា មួយចំណែកធំនៃរឿងនេះ គឺពាក់ព័ន្ធនឹងការចិញ្ចឹមបីបាច់ បទពិសោធន៍របស់ស្រ្តីក្នុងការទំនាក់ទំនងក្នុងសង្គម ហើយនឹងការមានមិត្តភក្តិជិតស្និទ្ធជាស្ត្រី»។
អ្នកស្រី Sara Hodges ដែលជាសាស្ត្រាចារ្យនិងជាប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យានៅសាកលវិទ្យាល័យ Oregon យល់ស្រប។
អ្នកស្រី Hodges ដែលជានាយិកានៃមន្ទីរពិសោធន៍ផ្នែកការយល់ដឹងសង្គមរបស់សាកលវិទ្យាល័យ Oregon (University of Oregon’s Social Cognition Lab) ដែលជាកន្លែងដែលការស្រាវជ្រាវមានរួមបញ្ចូលការសិក្សាអំពីការយល់ចិត្តអ្នកដទៃផងដែរ។ អ្នកស្រី Hodges បាននិយាយថា «មូលហេតុដែលមនុស្សគិតថា ម្តាយ ឬមិត្តល្អបំផុតរបស់ពួកគេមានការយល់ចិត្តគឺដោយសារតែពួកគេហាក់ដូចជាដឹងពីអ្វីដែលពួកគេកំពុងគិតនិងមានអារម្មណ៍ ហើយនឹងធ្វើសកម្មភាពដោយយកចិត្តទុកដាក់»។
អ្នកស្រី Hodges បាននិយាយថា ការស្រាវជ្រាវរបស់មន្ទីរពិសោធន៍ក៏ដូចជាការសិក្សាផ្សេងទៀត ហាក់ដូចជាបង្ហាញថា ភាពខុសគ្នារវាងយេនឌ័រនៅក្នុងការយល់ដឹងអំពីការយល់ចិត្ត អាចកើតចេញពីកត្តាសង្គម និងជីវសាស្ត្រ។
អ្នកស្រី Hodges បាននិយាយបន្ថែមថា «ស្ត្រីយល់បានប្រសើរជាងបុរសក្នុងទំនាក់ទំនងដែលមិនប្រើពាក្យសម្តី និងទំនាក់ទំនងផ្លូវអារម្មណ៍»។
ទន្ទឹមនឹងនេះដែរ អ្នកស្រី Hodges គិតថា ការពិសោធតាមរយៈការមើលភ្នែក មានដែនកំណត់នៅក្នុងការវាស់វែងអំពីការយល់ចិត្ត ដែលជាបាតុភូតផ្លូវចិត្តដ៏ស្មុគស្មាញមួយ។
អ្នកស្រី Hodges បាននិយាយថា «ពួកគេប្រហែលជាអាចនឹងមិនបង្ហាញថា ពួកគេកំពុងយល់ចិត្តអ្នកដទៃនោះទេ»។ អ្នកស្រី Hodges បាននិយាយបន្ថែមថា ការយល់ចិត្តអាចត្រូវបានប្រើសម្រាប់ហេតុផលស្មោះត្រង់ ឬមានឥទ្ធិពលលើអ្នកដទៃ។
អ្នកស្រី Hodges បាននិយាយទៀតថា «មនុស្សខ្លះប្រហែលជាអាចពូកែមើលទឹកមុខរបស់មនុស្ស ហើយមិនចាំបាច់ថាដោយសារហេតុផលមេត្តាករុណានោះទេ។ ពួកគេប្រហែលជាព្យាយាមឱ្យនរណាម្នាក់ធ្វើអ្វីមួយដែលពួកគេប្រហែលជាមិនចង់ធ្វើ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់