កាលពីថ្ងៃអាទិត្យ កងទ័ព Arakan Rohingya Salvation Army មានន័យថា សង្គ្រោះជនជាតិរ៉ូហ៊ីងយ៉ាបានប្រកាសបទឈប់បាញ់ជាឯកតោភាគី រយៈពេល១ខែ ក្នុងការព្យាយាមអនុញ្ញាតឲ្យជំនួយមនុស្សធម៌អាចចូលទៅដល់ជំរំរបស់ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមច្រើនម៉ឺននាក់ ដែលភៀសខ្លួនពីការបង្ក្រាបរបស់កម្លាំងសន្តិសុខរយៈពេល២សប្តាហ៍នៅភាគខាងលិចរដ្ឋ Rahkine។
គេជឿថា មនុស្សច្រើនរយនាក់ត្រូវបានសម្លាប់តាំងពីកងទ័ព Arakan Rohingya Salvation Army បានធ្វើការវាយប្រហាររួមគ្នាប្រឆាំងនឹងកម្លាំងសន្តិសុខកាលពីថ្ងៃទី២៥ខែសីហា។ អ.ស.ប.បានប៉ាន់ស្មានថា ជនជាតិរ៉ូហ៊ីងយ៉ាជិត៣០ម៉ឺននាក់បានភៀសខ្លួនទៅប្រទេសបង់ក្លាដែស ដែលជាប្រទេសជិតខាង បន្ថែមពីលើជនភៀសខ្លួនច្រើនម៉ឺននាក់នៅទីនោះ ដែលរស់នៅក្នុងជំរំជនភៀសខ្លួន។ ទោះជាយ៉ាងណាអ្នកនាំពាក្យរបស់លោកស្រី អង់សាន ស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាត្រូវគេស្រង់សម្តីនិយាយថា លោកស្រីគ្មានគោលនយោបាយចរចាជាមួយភេរវករទេ។
លោក Vikram Nehru ដែលមិនមែនជាជនជាតិអាមេរិក ធ្វើការនៅវិទ្យាស្ថានសន្តិភាពឈ្មោះ Carnegie Endowment for International Peace នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រាប់លោក Victor Beattie នៃ VOA ថា លោកមិនភ្ញាក់ផ្អើលនឹងការបដិសេធរបស់រដ្ឋាភិបាល មិនព្រមចរចាសន្តិភាពនោះទេ។
លោក Vikram Nehru កត់សម្គាល់ថា អ្នកសង្កេតការណ៍មើលឃើញថា ពួកមូស្លីមក្នុងតំបន់នោះពោរពេញទៅដោយភាពជ្រុលនិយម ដោយសារការផាត់ចេញ រើសអើង ធ្វើបាបដែលពួកគេបានជួបប្រទះក្នុងពេលច្រើនទសវត្សរ៍មកនេះ។ លោកនិយាយថា ហេតុនេះហើយបានជាលោកមិនភ្ញាក់ផ្អើលដែលក្រុមជីហាដពីតំបន់មជ្ឈិមបូព៌ា និងប៉ាគីស្ថានបានទៅទាក់ទងនឹងសមាជិករបស់សហគមន៍រ៉ូហ៊ីងយ៉ា។ លោកនិយាយថា បញ្ហាប្រឈមនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្នគឺសុច្ឆន្ទៈដែលមីយ៉ាន់ម៉ាកំពុងបាត់បង់ក្នុងសហគមន៍អន្តរជាតិដែលបានជួយកែទម្រង់ប្រទេសនេះកាលពី៥ឆ្នាំមុន៕