លោក​ ហ៊ុន សែន​ សរសើរ​ក្រុមបាល់ទាត់​ជប៉ុន​ តែ​ហាម​ពលរដ្ឋ​ខ្មែរ​ភ្នាល់​ល្បែង​បាល់​ទាត់​ World Cup

  • នៅ វណ្ណារិន

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ការ​ប្រកួត​កីឡាបាល់​ទាត់​ពិភព​លោក ​FIFA World Cup​ 2018​ កំពុង​ធ្វើឡើង​នៅ​ប្រទេស​រុស្ស៊ី ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​ចំនួន​៣២​ក្រុម​​ពី​ប្រទេស​នានា​ទូទាំង​ពិភព​លោក។​ លោក​ ហ៊ុន សែន​​ បាន​ថ្លែង​អំពី​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន ​ហើយ​ក៏​បាន​អំពាវនាវ​កុំឱ្យ​មាន​ការ​លេង​ភ្នាល់​ផង​ដែរ។

លោក ​ហ៊ុន សែន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​អំពាវនាវ​កុំឱ្យ​ពល​រដ្ឋ​ខ្មែរ​លេងល្បែង​ភ្នាល់​បាល់​ក្នុង​ការ​ប្រកួត​កីឡាបាល់​ទាត់​ពិភព​លោក​ FIFA World Cup​ ​2018​ ​ខណៈ​ថ្លែង​សរសើរ​ពី​ការ​ប្រកួត​ថ្មីៗ​របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​និង​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​ក៏​គួរ​ឱ្យ​ចាប់​អារម្មណ៍។​ ​លោក​ថា​ ការ​ភ្នាល់​បាល់ទាត់​ក្នុង​រដូវ​កាល​ ​World Cup​ ​នឹង​អាច​ឱ្យ​អ្នកភ្នាល់​ក្លាយ​ជា​កូន​បំណុល​ ​ដោយ​សារ​តែការ​ប៉ាន់ស្មាន​ខុស។

ថ្លែង​នៅ​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ផែថ្មី​ក្នុង​កំពង់​ផែស្វយ័ត​ក្នុង​ខេត្ត​ព្រះសីហនុ​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​សរសើរ​ការ​ប្រកួត​កីឡា​បាល់ទាត់​ ​World Cup​ ​លើកទី​២១​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​រុស្ស៊ី​ ​និង​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ពល​រដ្ឋ​ទូទាំង​ពិភពលោក។​ ​លោក​ ហ៊ុន សែន​ ​ក៏​បាន​ថ្លែង​ចំអកដល់​អ្នក​ភ្នាល់​បាល់ចាញ់​មួយ​ចំនួន​ដែល​ជ្រើស​រើស​ខុស​ និង​ចាញ់​ប្រាក់​កាស​នោះ។​

ទោះយ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​ដ៏មាន​ឥទ្ធិពល​បាន​អំពាវនាវ​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​ករុណា​ ​ខ្ញុំ​នៅ​តែ​បន្ត​អំពាវនាវ​ចំពោះ​ប្រជាពល​រដ្ឋ​របស់​យើង​កុំលេង​ភ្នាល់​បាល់!​ កុំ​លេង​ភ្នាល់​បាល់!​ ​ឥឡូវ​មាន​ថ្នាក់ចូល​ដាក់​ video clip​ លេង​និយាយ​ទៅ៖ស៊ីសៀង​មាន​អី​មិន​ល្អ!​ ​ស៊ីសៀង​គឺជា​មោទនភាព​ ​ដោយ​សារ​តែ​យើង​ចាញ់​ភ្នាល់​បាល់។​ ​វាទៅ​ជា​អីចេះទៅ!​ ​កុំ​លេង​ភ្នាល់!​ ​កុំលេង​ភ្នាល់​បាល់​ ​នៅ​ក្នុង​រដូវ​នេះ។ ​នៅ​ក្នុង​ប្រទេស​ខ្លះ​ ​ខ្ញុំ​ដឹង​ថា ​មាន​សម្លាប់​ខ្លួន​ហើយ​ ​ដោយ​សារតែ​ការ​ចាញ់​ធ្ងន់​ពេក»។​

ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018​ ​ដ៏​ល្បីល្បាញ​ ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១៤​ខែ​មិថុនា​ដល់​ថ្ងៃទី​១៥​ខែ​កក្កដា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​ ​FIFA World Cup 2018​ ​ឱ្យ​ដឹង​ថា​ មាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មកពី​ប្រទេស​ចំនួន​៣២ចុង​ក្រោយ​ ដែល​ឈ្នះការ​ប្រកួត​បាល់ទាត់​ពេល​កន្លង​មកនេះ​ ​កំពុង​ចូលរួម​ប្រកួត​នៅ​ប្រទេស​រុស្ស៊ី។​ ​ក្រុម​បាល់​ទាត់​របស់​ប្រទេស​ទាំង​នោះ​ត្រូវ​បាន​ចែកចេញ​ជា​៨​ក្រុម​តូចៗ​ ​ដើម្បី​ធ្វើ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ ​ឈាន​ដល់​ការ​ប្រកួត​ធំៗ​បន្ត​ទៀត​ជាមួយ​ប្រទេស​នានា​នៅ​ក្នុង​ក្រុម​ផ្សេង។​

គេ​ដឹង​ថា ​នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​សំខាន់ៗ​ក្នុង​ពិភព​លោក​ដូច្នេះ​ ​មានជន​មួយ​ចំនួន​ឆ្លៀត​ឱកាសក្នុង​ការ​ភ្នាល់​ជាល្បែង​ស៊ីសង​ដើម្បី​កេងយក​ផល​ចំណេញ​ពី​ពល​រដ្ឋ​ទូទាំង​ពិភព​លោក។​ ​បើ​ទោះជា​ការ​ភ្នាល់​និង​ល្បែង​ស៊ីសង​ត្រូវ​បាន​ហាម​ប្រាម​ ​ដោយ​ច្បាប់​កម្ពុជា​ ក៏​ប៉ុន្តែ​គេ​នៅ​តែ​ឃើញ​មាន​ការ​ភ្នាល់​ និង​ល្បែង​ស៊ីសង​កើត​ឡើង​តាម​កន្លែង​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ​ជា​ពិសេស​ពេល​មាន​ការ​ប្រកួត​កីឡា​សំខាន់ៗ​ក្នុង​ពិភព​លោក។​

ខណៈ​ការប្រកួតបាល់​ទាត់ ​World Cup​ ​កំពុង​ធ្វើឡើង​ ​គេ​ឃើញ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​បាន​បញ្ចេញ​ក្តី​កង្វល់​អំពី​ការ​ភ្នាល់​បាល់​ ក៏​ដូច​ជា​ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ផង​ដែរ។​

យ៉ាងណា​ក៏ដោយ​ លោក​ ​ហ៊ុន សែន​ ​ក៏បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ផង​ដែរ​ថា​លោក​គឺ​ជាអ្នក​ចូល​ចិត្ត​កីឡា​នានា​ ​រួមទាំង​បាល់​ទាត់​ និង​បាល់​ទះ​ ​ហើយ​ក្នុង​រដូវ​កាល​បាល់​ទាត់​ពិភព​លោក​ ​World Cup​ ​នេះ​ ​លោក​ក៏​បាន​ចូលរួម​ភ្នាល់​លេង​សើច​ផង​ដែរ​ជាមួយ​មិត្តភក្តិ​នៅ​ក្រៅ​ប្រទេសដែល​លោក​មិន​បញ្ចេញ​ឈ្មោះ។

«គិត​ទៅ​ខ្ញុំ​កំពុង​ឈ្នះ​ ​ការ​ប្រកួត​៨​ប្រកួត។​ ភ្នាល់​ជានិច្ច​ជាកាល​ ​ខ្ញុំភ្នាល់​ជា​មួយ​ម្នាក់​ហ្នឹង​គឺ​ខ្ញុំភ្នាល់​កាត់​ប្រ​ទេស!​ ​កាត់​ប្រទេស! ​វ៉ៃសារ​ឆ្លង​ឆ្លើយ​គ្នា​ ​ហើយ​បញ្ចូន​សារ​ឱ្យ​គា្ន​ ​ប៉ុន្តែ​មិន​មែន​ដាក់​លុយទេ​ ​មិន​មែន​ដាក់​លុយទេ!​ ​គ្រាន់តែ​ដល់​ពេល​ ​ពេល​វេលា​ចុង​ក្រោយ​គឺ​ចុះ​ហត្ថ​លេខា​លើ​អាវ។​ ​ចុះ​ហត្ថ​លេខា​លើអាវ។​ ​តាំង​ពីឆ្នាំ​១៩៩៨​មក​ភ្នាល់​ជា​មួយ​ម្នាក់​ហ្នឹងរហូត​មក។​ ​ហើយ​យប់​មិញ​ ខ្ញុំ​ចាប់​ជប៉ុន​ ​ខ្ញុំ​ចាក់​ជប៉ុន ខ្ញុំ​ចាប់​ជប៉ុន​រហូត​ ​ព្រោះ​អាស៊ី​ត្រូវ​កាន់​ជើង​អាស៊ី​គ្នា​ឯង​បើ​ទោះ​ជា​ចាញ់​ក៏​ដោយ​ ​ឈ្នះ​ក៏​ដោយ»។​

លោក​ ​មាស នី​ ​អ្នក​វិភាគ​និង​អ្នក​តាមដាន​ការ​វិវឌ្ឍ​នៃ​សង្គម​កម្ពុជា​ ​បាន​សាទរ​ចំពោះ​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ក្នុង​ការ​ដាស់តឿន​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​លេង​ល្បែង​ភ្នាល់បាល់​ ដែល​លោក​ថា ​កំពុង​ពុះ​កញ្ជ្រោល​នៅ​តាម​កន្លែង​នានា​ រួមទាំង​តៀម​កាហ្វេ​ផង​ដែរ។​ ​លោក​ថា​ ការណ៍​នេះ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ជា​ពិសេស​គឺ​យុវជន​ដែល​ជា​អ្នក​ស្នង​ប្រទេស​កម្ពុជា។​ ​អ្នក​វិភាគ​រូប​នេះ​ក៏​សង្ឃឹម​ផង​ដែរ​ថា រដ្ឋាភិបាលនឹង​មានវិធាន​ការ ​ឬ​ចំណាត់​ការ​ណាមួយ​ដើម្បី​ទប់​ស្កាត់​ការ​លេង​ភ្នាល់​ដូច្នេះ​ ​ជាជាង​ការ​អំពាវ​នាវ​តែ​សម្តី​នោះ។​

លោក​ ​មាស នី​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ប៉ុន្តែ​រាល់​ដង​យើង​ឃើញ​ថា ​ការ​អំពាវនាវ​របស់​រាជ​រដ្ឋា​ភិបាល​ ជា​ធម្មតា​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធិ​ភាព​ទេ​ណា៎!​ ​ច្រើន​តែបាន​ ជួនកាល​ថាទៅ​ ក៏​ហី​ទៅ! ​ ​ជួន​កាលថា​ទៅ​គឺ​បាន​តែ​មួយ​ប្រាវ​អីចឹង​ទៅ!​ ហើយ​វិល​មក​វិញ​អីចឹង​ណា៎។​ ​ខ្ញុំចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​អី​ថ្ងៃ​ខាង​មុខ​ ឱ្យ​វា​មាន​លក្ខណៈ​ណាមួយ​ឱ្យ​វា​ច្បាស់​លាស់​ ​ ដាក់​ទៅ​ឱ្យ​ឃើញ​ថា​ វា​ដើរ​តែ​ម្តង​ណា៎​ ​កុំឱ្យ​វា​ដូច​ព្រៃ​ឈើ​ ​កុំឱ្យដូច​រឿង​ហ្អី​ផ្សេងៗ​ ដូច​រឿង​ច្បាប់​ចរាចរណ៍​អីហ្នឹង​ ​វា​នៅ​តែ​រឿង​ដដែលៗ​ វិល​មក​វិញ​ ​បាទ»។​

យ៉ាងណា​ក៏​ដោយ​ នៅថ្ងៃ​ច័ន្ទ​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ការ​សាទរ​និង​បង្ហាញ​ការ​គាំទ្រ​របស់​លោក​ចំពោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​ដែល​ប្រកួត​ស្មើរ​នឹង​ប្រទេស​ ​Senegal​ ​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​ ​ថ្លែង​ចំពោះ​មុខ​ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ក្នុង​ការ​សម្ពោធ​ផែថ្មី​ដែល​ឧបត្ថម្ភ​ទុន​ដោយ​ប្រទេស​នេះ​ ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​សាទរ​ចំពោះ​ក្រុមបាល់ទាត់​ជប៉ុន​ក្នុងការ​ខិតខំ​ប្រឹង​ប្រែង​ និង​ទទួល​បាន​លេខ​មួយ​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ក្រុម​ ​ដើម្បី​ឈាន​ទៅ​រក​ការប្រកួត​ធំៗ​បន្ត​ទៀត​នៅ​ក្នុង​ការ​ប្រកួត​ FIFA World Cup 2018​ ​ដែល​នឹង​ឈាន​ដល់​ទីបញ្ចប់​នៅថ្ងៃ​ទី១៥​ខែ​កក្កដា​ខាង​មុខ៕