សាលាឧទ្ធរណ៍ សម្រេចឲ្យសាលាដំបូង បន្តនីតិវិធីលើសំណុំរឿងរបស់មន្ត្រីអាដហុក

សមត្ថកិច្ច​រុញ​លោក នី សុខា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ចូល​ក្នុង​រថយន្ត​ក្រោយ​ពី​ការបញ្ចប់​ការ​ប្រកាស​សាល​ដីកា​នៅ​សាលា​ឧទ្ធរណ៍ នាព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប​គឺ លោក ឡោ ជុនធី បាន​ប្រាប់​ VOA ថា ​មេធាវី​បាន​លើក​សំអាង​ហេតុ​ជាច្រើន​​បង្ហាញ​​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​​ពិត​ជា​បាន​ឃាត់ និង​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក ​ខុស​​នីតិ​វិធី​ច្បាប់។

សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​នេះ ​បានច្រាន​ចោល​បណ្ដឹង​សុំ​មោឃភាព​នីតិវិធី​របស់​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ (ACU) ​ដែល​ប្ដឹង​ដោយ​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​៤រូប ប្រឆាំង​នឹង​ការ​ឃុំខ្លួន​ពួកគេ​លើស​ច្បាប់​កំណត់។

ក្រោយ​បញ្ចប់​ការ​ប្រកាស​សាលដីកា សាលាឧទ្ធរណ៍​សម្រេច​បញ្ជូន​សំណុំ​រឿង​ត្រឡប់​ទៅ​សាលា​ដំបូង​រាជធានី​ដើម្បី​បន្ត​នីតិវិធី។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កោះ​ហៅ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី ទៅ​សាកសួរ បន្ទាប់​ពី​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ឆ្លើយ​ថា​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនេះ ​បង្គាប់ឲ្យ​នាង​កុហក​តុលាការ ទាក់ទង​ទំនាក់​ទំនង​ស្នេហា​របស់​នាង​ជាមួយ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ការ​សាកសួរ​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​សួរមន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុកទាំង​នោះ រហូត​ដល់​ពាក់​កណ្ដាល​យប់។

មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប​គឺ លោក ឡោ ជុនធី បាន​ប្រាប់​ VOA ថា ​មេធាវី​បាន​លើក​សំអាង​ហេតុ​ជាច្រើនបង្ហាញថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយពិត​ជា​បាន​ឃាត់ និង​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក ​ខុសនីតិ​វិធី​ច្បាប់។

«កាលណា​ជន​សង្ស័យ​ចូល​ទៅ​ដល់​ស្ថាប័ន​ដែល​ហៅ​ថា​ស្ថាប័នមន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ហ្នឹង​ គេ​ត្រូវ​ចាប់​រាប់​ម៉ោង​ហើយ ចុះ​បើ​យើង​អត់​រាប់​ម៉ោង​ហ្នឹង​សួរ​ថា​អា​ម៉ោង​ដែល​បាត់​ហ្នឹង​យក​ទៅ​កាត់​កង​របៀប​ម៉េច? វា​អត់​ច្បាស់​លាស់ វា​មិន​សូវ​សម​ហេតុ​សម​ផល ព្រោះ​អ្វី​ដែល​យើង​ប្ដឹង​ហ្នឹង​គឺផល​ប្រយោជន៍​ច្បាប់​សុទ្ធ​សាធ។ ផល​ប្រយោជន៍​ការ​អនុវត្ត​ផ្លូវ​ច្បាប់ ឃាត់ខ្លួន​ហ្នឹង​វា​ត្រូវ​គោរព​តាម​នីតិវិធី។ បើ​មិន​គោរព ​វា​ត្រូវ​មោឃភាព​នីតិ​វិធី​ហ្នឹង​ហើយ»។

បើ​តាម​លោក​មេធាវី ឡោ ជុនធី កូន​ក្ដី​របស់​លោក​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​ និង​សាកសួរ​ដល់​ទៅ​ជិត​១​សប្ដាហ៍។

លោក ទូច ថាវរិទ្ធ អ្នកនាំ​ពាក្យ​សាលា​ឧទ្ធរណ៍ មាន​ប្រសាសន៍​ថា សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​មិន​អាច​ទទួល​បណ្ដឹង​របស់​មេធាវី​មន្ត្រី​អាដហុក​ទាំង​៤​មក​ជំនុំ​ជម្រះ​បាន​ ដោយ​លោក​បញ្ជាក់​ថាបណ្ដឹង​នោះ​ មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។

ទោះ​ជា​យ៉ាង​ណា​ លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​មូល​ហេតុ​នៃ​ការ​ច្រាន​ចោល​នោះ​ទេ។

«សាលា​ឧទ្ធរណ៍​ហ្នឹង​ បាន​ច្រាន​ចោល​បណ្ដឹង​ការ​ទាមទារ​របស់​មេធាវី​ជន​ជាប់​ចោទ​ទាំង​បួន​រូប​ហ្នឹង​ ក៏​ប៉ុន្តែ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បាន​បង្វិល​សំណុំ​រឿង​ហ្នឹង​ទៅ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី ដោយសារ​បណ្ដឹង​របស់​មេធាវី​តំណាង​ឲ្យ​ជន​ជាប់​ចោទ​ហ្នឹង​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ មិន​អាច​ទទួល​យក​មក​ធ្វើ​ការ​ជំនុំជម្រះបាន»។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​គឺ លោក អំ សំអាត បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ការ​ប្រកាស​សាល​ដីកា​ថា ការ​កោះ​ហៅ​មន្ត្រី​អាដហុក​ទាំង​៤​រូប​ទៅ​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ជា​ការ​ឃាត់ខ្លួន​ដើម្បីសាកសួរ​លើស​នីតិវិធី។

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចេញពី​ស្តាប់​ការ​ប្រកាស​សាល​ដីកា​នៅ​សាលាឧទ្ធរណ៍ នាព្រឹក​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​ថា ជា​ធម្មតា​ការ​អនុវត្ត​នីតិវិធី​ច្បាប់​ណា​មួយ​ដែល​មិន​មាន​ច្បាប់​ចែង​ ឬ​ច្បាប់​ចែង​មានការ​ខ្វះ​ចន្លោះ​ណា​មួយ ​ដាច់​ខាត​ត្រូវ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ប្រជាពលរដ្ឋ។

«ACU គាត់​បក​ស្រាយ​ថា​ទាល់​តែ​គាត់​ប្រកាស​ថា​ឃាត់ខ្លួន​បាន​គាត់​ចាប់​រាប់ ប៉ុន្តែ​ចុះ​បើ​ធ្វើ​ការ​សាក​សួរ​គេ​នៅ​ទី​នោះ​មួយ​ថ្ងៃ​ ឬក៏​ពីរ​ថ្ងៃ ដែល​មិនទាន់​ប្រកាស​ថា​ឃាត់​ខ្លួន ប៉ុន្តែ​ទៅ​ដល់​ហ្នឹង​ហើយ សួរ​ថា​អ្នកណា​ទទួល​ខុស​ត្រូវ​ទៅ​លើ​សិទ្ធិ​សេរី​ភាព​របស់​ពួក​គាត់​ទៅ​លើ​ការ​បាត់​បង់​សេរី​ភាព​របស់​ពួកគាត់​ហ្នឹង​ ពីព្រោះ​នៅ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​គេ​បាន​ចង្អុល​ថា ​គេ​គិត​ចាប់​ពី​បុគ្គល​ទាំង​អស់​ហ្នឹង​ ទៅ​ដល់​ការិយាល័យ​នគរ​បាល​យុត្តិធម៌ ហើយ​មិន​ត្រូវ​បាន​ឲ្យត្រលប់​មក​វិញ គេ​ចាត់​ទុក​ថា​ជា​ការ​ឃាត់​ខ្លួន ប៉ុន្តែ​នៅ ACU មាន​ការ​ចន្លោះ​ប្រហោង អា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគាត់។»

បុគ្គលិក​ទាំង​បួន​រូប​នៃ​សមាគម​អាដហុក ត្រូវ​បានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ទាក់ទង​នឹង​បទ​ចោទ​សូក​ប៉ាន់​សាក្សី​នុង​សំណុំ​រឿង​នាង​ ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ ​ដែល​ត្រូវ​បាន​គេ​ទម្លាយ​ដោយ​សង្ស័យ​ថា​ ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា។

ខណៈ​ដែល​ត្រូវ​សមត្ថកិច្ច​បណ្ដើរ​ចូល​បន្ទប់​សវនាការ​ដើម្បី​រង់ចាំ​ស្តាប់​ការ​ប្រកាស​សាល​ដីកា លោក​ ណៃ វ៉ង់ដា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ម្នាក់​ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​និយាយ​ផ្ញើ​សារថា៖ «កុំ​ភ័យ​អី​ឲ្យ​សោះ​បាទ នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំងអស់​គ្នា។ កង​កម្លាំង​គេ​ការពារ​យើង​ទេ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​មាន​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ​ ផ្លាស់ប្ដូរ​អាណត្តិ​ក្រោយ អា​ហ្នឹង​ជា​រឿង​សំខាន់»។

ពាក់ព័ន្ធ​សំណុំ​រឿង​នេះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ក៏​បាន​សម្រេច​ឃាត់​ខ្លួន​អគ្គ​លេខាធិការ​រង​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គឺ​លោក នី ចរិយា ផង​ដែរ។

លោក​ នី ចរិយា ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សីក្នុង​សំណុំ​រឿង​នាង​ ខុម ចាន់តារ៉ាទី ​ហៅ​ស្រី​មុំ​នេះ​ដែរ៕