បណ្ដឹង​សារ​ទុក​​ករណី​អាចារ្យ George Pell ចំពោះ​ការ​បំពាន​​ផ្លូវ​ភេទ​ត្រូវ​បាន​​ច្រាន​ចោល

រូបឯកសារ៖ អាចារ្យ George Pell ពេលកំពុងចាកចេញ​ពី​តុលាការ​នៅ​ក្រុង Melbourne ប្រទេស​អូស្រ្តាលី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

អ្នកនាំ​ពាក្យ​វិមាន​វ៉ាទីកង់​បាន​និយាយ​ថា ព្រះវិហារ​កាតូលិក​នឹង​បន្ត​ស្វែង​​​​រក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ ដោយ​សារ​ការ​រំលោភ​បំពាន​​ផ្លូវ​ភេទ។

វិមាន​វ៉ាទីកង់​បាន​ទទួលស្គាល់​ការ​សម្រេច​របស់​តុលាការ​អូស្រ្តាលីក្នុង​ការ​រក្សា​ទុក​ការ​ផ្ដន្ទាទោស​អាចារ្យ​សាសនា​គ្រិស្ត George Pell ពី​បទបំពាន​ផ្លូវ​ភេទ។​ ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បាន​កត់​សម្គាល់​ថា អាចារ្យ Pell តែង​តែ​អះ​អាង​ថា​លោក​ គ្មាន​កំហុស និង​មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍។ មេធាវី​របស់​លោក​អាចារ្យ​គ្រិស្ត​សាសនា​រូប​នេះនឹង​ពិនិត្យលើ​ការ​វិនិច្ឆ័យ​នេះ​ មុន​នឹង​សម្រេច​ថា​តើ​ត្រូវ​ប្ដឹង​ទៅ​សាលាកំពូល​ឬ​យ៉ាង​ណា។​

អតីត​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​វិមាន​វ៉ាទីកង់​ ជន​ជាតិ​អូស្ត្រាលី អាយុ ៧៨​ ឆ្នាំ លោក​អាចារ្យ George Pell ​នឹង​ត្រូវ​នៅ​ជាប់​ពន្ធនាគារយ៉ាង​ហោច​ណាស់​ ៣​ឆ្នាំ​ទៀត បន្ទាប់​ពី​តុលាការ​សាលា​ឧទ្ធរណ៍ប្រចាំ​រដ្ឋ​ Victoria ច្រាន​ចោល​បណ្ដឹង​ឧទ្ធរណ៍របស់​មេធាវី​លោក​អាចារ្យ​រូប​នេះ​ លើ​រឿង​ក្ដី​បំពាន​ផ្លូវ​ភេទ​លើ​កុមារ។

សេចក្ដី​ថ្លែង​ការណ៍​នេះ​ត្រូវ​បាន​អាន​ដោយ​អ្នកនាំ​ពាក្យ​របស់​សម្ដេច​បាប លោក​អាចារ្យ Matteo Bruni នៅ​វិមាន​វ៉ាទីកង់​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា តុលាការ​សាសនា Holy See បាន​ទទួល​ស្គាល់​ និង​គោរព​តាម​ការ​សម្រេច​របស់​តុលាការ​អូស្ត្រាលី។

អ្នកនាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា លោក​អាចារ្យ Pell មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការកំពូល។

«ខណៈ​ពេល​ដែល​ដំណើរ​ការ​កាត់​ក្ដី​កំពុង​បន្ត​អភិវឌ្ឍ ​តុលាការ​សាសនា Holly See រំឭក​ថា​ អាចារ្យ Pell តែង​តែអះអាង​ពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន នៅ​ក្នុង​សវនាការ ហើយ​គាត់​មាន​សិទ្ធិប្ដឹង​ទៅ​តុលាការកំពូល»។

ឥឡូវ​នេះ​មេធាវី​របស់​អាចារ្យ Pell កំពុង​ត្រួត​ពិនិត្យ​លើ​ការ​វិនិច្ឆ័យ​របស់​តុលាការ មុន​នឹង​សម្រេចថា​ត្រូវ​បញ្ជូនករណី​នេះ​ទៅ​តុលាការកំពូល។ ពួក​គេ​មាន​ពេល ២៨ ថ្ងៃ​សម្រាប់​ធ្វើ​រឿង​នេះ។

លោក​អាចារ្យ George Pell ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​មួយ​រូប​នៃ​ព្រះ​វិហារ​គ្រិស្ត​សាសនា​ដែលត្រូវ​បាន ផ្ដន្ទាទោស​ពី​បទបំពាន​ផ្លូវ​ភេទ​កុមារ។​ កាល​ពី​ខែ​មីនា ឆ្នាំ​នេះ លោក​អាចារ្យ​ Pell ត្រូវ​បាន​គេ​រក​ឃើញថា​មាន​ពិរុទ្ធ​ពី​បទ បំពានផ្លូវ​ភេទ​កុមារា អាយុ ១៣ ឆ្នាំ​ពីរ​នាក់ នៅ​ក្នុង​ព្រះ​វិហារ Saint Patrick នៅ​ចុង​ទសវត្ស ១៩៩០ នៅ​ពេល​ដែល​លោក​ធ្វើ​ជា​អាចារ្យនៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ លោក​អាចារ្យត្រូវ​បាន​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ ៦​ ឆ្នាំ។

អ្នកនាំ​ពាក្យ​វិមាន​វ៉ាទីកង់​បាន​និយាយ​ថា ព្រះវិហារ​កាតូលិក​នឹង​បន្ត​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ ដោយ​សារ​ការ​រំលោភ​បំពានផ្លូវ​ភេទ។

លោក​អាចារ្យ Bruni អ្នក​នាំ​ពាក្យ​វិមាន​វ៉ាទីកង់​បាន​និយាយថា៖ «​ឥឡូវ​នេះ ដោយ​សហការ​ជា​មួយ​ព្រះ​វិហារ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី តុលាការ​សាសនា Holy See បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ជាមួយ​ជន​រង​គ្រោះ​នៃ​ការ​បំពាន​ផ្លូវ​ភេទ ​និង​ការ​ប្ដេជ្ញា​ស្វែង​រក​អាចារ្យ​សាសនា​គ្រិស្ត​ដែលបាន​ប្រព្រឹត្តិ​ខុស​ តាម​រយៈ​អាជ្ញាធរ​សាសនា​ដែល​មាន​សមត្ថភាព»។​

លោក​អាចារ្យ Pell មាន​សិទ្ធិទទួល​បាន​ការ​លើក​លែង​ទោស​នៅ​ឆ្នាំ ២០២​២ នៅ​ពេល​ដែល​លោក​មាន​អាយុ ៨១ ​ឆ្នាំ។ ដោយ​អនុវត្ត​តាម​សេចក្ដីសម្រេច​របស់​តុលាការ ​អ្នក​នាំ​ពាក្យ​របស់លោក​អាចារ្យ Pell ​បាន​ឲ្យ​ដឹង​ថា លោក​អាចារ្យ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ។ យ៉ាង​ណាក៏​ដោយ ក្នុង​ពេល​បច្ចុប្បន្ន លោក​អាចារ្យ​ Pell នៅ​តែ​កាន់​តួនាទី​ជា​អាចារ្យ​ប្រចាំ​ព្រះ​វិហារ​កាតូលិក​ដដែល៕

ប្រែសម្រួលដោយ សឿន​ វឌ្ឍនា