កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​ភេវកម្ម​បង្កើន​ការការពារ​នៅ​អឺរ៉ុប

ក្រុម​ប៉ូលីស​បែកហ្សិក​យាមល្បាត​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង​ Verviers កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សៅរ៍​មាន​ការ​បង្កើន​កិច្ចការពារ​សន្តិសុខ​យ៉ាងខ្លាំង​នៅ​ក្នុង​ប្រទេស បែលហ្សិក អាល្លឺម៉ង់​និង​នៅ​កន្លែង​ឯទៀតៗ​ក្នុង​ប៉ែកខាង​លិច​នៃ​ទ្វីប​អឺរ៉ុប​នៅ​ក្រោយ​ការ​ឆ្មក់​វាយប្រហារ​ដែល​នៅ​ក្នុងនោះ​ជន​ជាប់​សង្ស័យ​ថា​ជា​ពួក​ភេរវជន​អ៊ីស្លាម​និយម​រាប់​សិបនាក់​បាន​ត្រូវ​ចាប់​ខ្លួន។​

​ប៉ូលីសរាប់​ពាន់​នាក់​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​បែលហ្សិក​ដែល​នៅទីនោះ​ក្រុម​ទាហាន​បែលហ្សិក​បានត្រូវ​ហៅ​ឱ្យ​មក​បំពេញ​មុខ​នាទី​គាំទ្រ។ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ពួក​គេបាន​ដាក់​ពង្រាយ​ទាហាន​៣០០នាក់​ដើម្បី​យាម​កន្លែង​ដែល​អាច​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ភេរវជនដោយ​មាន​រួម​បញ្ចូល​ស្ថានទូត​ស.រ.អា.និង​អ៊ីស្រាអែល​នៅ​ក្នុង​រាជធានី​ព្រុចសែល (Brussels) និង​នៅ​ស្ថាប័ន​របស់​អង្គការ​អូតង់​និង​សហភាព​អឺរ៉ុប។​

ក្រុម​ទាហាន​ក៏​បាន​យាម​សារមន្ទីរ Jewish នៅ​ក្នុង​ក្រុង​ព្រុចសែល (Brussels) និង​អាគារ​នៅ​ក្នុង​សង្កាត់ Jewish ក្នុង​ក្រុង​កំពង់ផែ​ Antwerp ផងដែរ។

ប្រទេសបែលហ្សិក​បាន​ដំទ្បើង​កម្រិត​នៃ​ការ​ព្រមាន​អំពី​ភេរវកម្ម​ដល់​កម្រិតទី​បី​ដែល​ជា​កម្រិត​ខ្ពស់​ទីពីរ។​

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​មាន​ការ​បង្កើន​កិច្ចការពារ​សន្តិសុខនៅ​កន្លែង​ដឹក​ជញ្ជូន​ដោយ​មាន​រួម​បញ្ចូល​ទាំង​ស្ថានីយ​រទេះភ្លើង​ក្រុង​ Dresden ផង​ដែរ។​

កិច្ច​ប្រតិបត្តិការ​សន្តិសុខដ៏​ធំធេង​កំពុង​តាម​ប្រមាញ់​ក្រុម​តូចៗនៃ​ក្រុម​ភេរវជន «កំពុង​សម្ងំ» ដែល​ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ដែល​ប្រហែល​ជិត​ធ្វើការ​វាយ​ប្រហារ​នៅ​ក្រោយ​អំពើ​ហិង្សា​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ក្រុងប៉ារីស និងក្រុង​ឯទៀតៗ។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​នៃ​ប្រទេសយេម៉ែន​បាននិយាយ​ថា​ពួក​គេ​បានឃាត់​ខ្លួន​ពលរដ្ឋ​បារាំង​ពីរ​នាក់​ដើម្បី​សាកសួរ​ចម្លើយ។​ ជន​ពីរ​នាក់នេះ​បាន​ជាប់​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ជាមួយ​សាខា​អាល់កៃដា​នៅ​ក្នុង​ប្រទេស​យេម៉ែន គឺ​ ក្រុម​អាល់កៃដា​នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់ដែល​ហៅ​កាត់​ថា​ AQAP។AQAP បាន​អះអាង​ទាមទារ​ការ​ទទួល​ខុសត្រូវ​ដល់​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើងយន្ត​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​១២​នាក់​ស្លាប់​នៅ​ក្នុង​ក្រុង​ប៉ារីស​កាល​ពីពេល​មុននេះ​ក្នុង​ខែនេះ​នៅ​ក្នុង​ការិយាល័យ​ទស្សនាវដ្តី​ត្លុកកំប្លែង​ Charlie Hebdo៕