បន្ទាប់ពីនៅស្ងប់ស្ងៀមអស់ជាច្រើនខែលោកស្រីម៉ម សុមាលី សកម្មជនប្រឆាំងការជួញដូរផ្លូវភេទដ៏ល្បីឈ្មោះបានចេញមុខមកបកស្រាយចំពោះការចោទប្រកាន់ទាក់ទងនឹងប្រវត្តិរបស់ខ្លួន។ លោកស្រី អះអាងថាលោកស្រី មិនបានកុហកទេទាក់ទងនឹងការធ្លាក់ខ្លួនចូលក្នុងរបរផ្លូវភេទប៉ុន្តែទទួលស្គាល់ពីកំហុសក្នុងការដឹកនាំកន្លងមកនិងសន្យាថានឹងកែប្រែ។
ការចោទប្រកាន់ទាក់ទងនឹងការបំភ្លៃប្រវត្តិផ្ទាល់ខ្លួនរបស់លោកស្រី ម៉ម សុម៉ាលី និងរឿងរ៉ាវរបស់ស្ត្រីរងគ្រោះមួយចំនួនបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់សកម្មជនប្រឆាំងនឹងការជួញដូរផ្លូវភេទដ៏ល្បីកម្រិតអន្តរជាតិនេះត្រូវបានប៉ះពាល់និងស្ទើរតែគំរាមដល់កិច្ចខិតខំប្រឹងប្រែងដទៃទៀតក្នុងការទប់ស្កាត់ការជួញដូរផ្លូវភេទនៅកម្ពុជា។
លោកស្រីម៉ម សុម៉ាលីត្រូវបានទស្សនាវដ្តីNewsweek ចេញផ្សាយកាលពីខែឧសភាហៅថាជា«សម្តេចសង្ឃនិងជាអ្នកសាងបាបក្នុងការងារប្រឆាំងនឹងការជួញដូរផ្លូវភេទ»ដោយសារតែសារព័ត៌មាននេះអះអាងថាបានរកឃើញថាលោកស្រីបាន ប្រឌិតប្រវត្តិកុមារភាពនិងមូលហេតុនៃការធ្លាក់ខ្លួនក្នុងរបរពេស្សាចារ។
Newsweek បានតាមដានប្រវត្តិលោកស្រីដោយជួបសម្ភាសជាមួយនឹងមនុស្សជាច្រើនរួមទាំង មិត្តពីកុមារភាព នាយកសាលា និងវេជ្ជបណ្ឌិតឯកទេសខាងភ្នែក ហើយបានទាញបញ្ជាក់ថារឿងរ៉ាវមួយចំនួនមិនស៊ីសង្វាក់គ្នានឹងអ្វីដែលបានផ្សព្វផ្សាយជាផ្លូវការដែលថាលោកស្រីជាជនរងគ្រោះពីអំពើហិង្សា ការរំលោភផ្លូវភេទ និងត្រូវបង្ខំឱ្យបម្រើការនៅផ្ទះបននោះទេ។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈលោកស្រីម៉ម សុម៉ាលី ដែលពេលនេះបានវិលមកដឹកនាំអង្គការអាហ្វេស៊ីប ដែលជាអង្គការបានជួយសង្គ្រោះស្ត្រីរងគ្រោះដោយសារការជួញដូរផ្លូវភេទបានចេញមុខមកវិញដោយថ្លែងការពារខ្លួននិងទទួលស្គាល់ការខុសឆ្គងកន្លងមកនៅក្នុងបទសម្ភាសមួយរបស់វីអូអេក្នុងសប្តាហ៍នេះថា៖
«ចំពោះបញ្ហាប្រវត្តិរបស់ខ្ញុំ ខ្ញុំទទួលស្គាល់ប្រវត្តិរបស់ខ្ញុំគឺការពិត ទីមួយ។ ទីពីរការដឹកនាំរបស់ខ្ញុំអត់បានគ្រប់ជ្រុងជ្រោយទេដោយសារខ្ញុំអត់បានរៀនជ្រៅជ្រះដូចគេ។ អញ្ចឹងខ្ញុំមានកំហុសច្រើននៅក្នុងការដឹកនាំដែលខ្ញុំត្រូវកែប្រែ។ កែប្រែខ្លួនឯងដែរ។ ទីបីទៀតខ្ញុំធ្វើការពីបេះដូងពេលខ្លះមានបញ្ហាច្រើនជាមួយបុគ្គលិកដែរ»។
លោកស្រីបានបន្ថែមទៀតថា៖
«មិនមានមនុស្សស្រី ណាម្នាក់ដែលគាត់នៅ ទទេៗហើយថា ខ្ញុំជាអ្នកលក់ខ្លួនពីមុនមកទេ មិនអាចទេ។ យើងដឹងហើយថាពាក្យថាស្រីលក់ខ្លួន ស្រីខូចមួយមាត់នេះគឺថាវាធ្វើឱ្យកិត្តិយសគ្រួសារអាប់ឱនហើយ។ អញ្ចឹងខ្ញុំសូមឱ្យទាំងអស់គ្នាយល់ពីចិត្ត។ ទីពីរអ្នកខ្លះដែលធ្វើការជាមួយខ្ញុំ ដែលខ្ញុំទៅមើលតាមផ្ទះបនតាមបណ្តាញស្រ្តីរកស៊ីផ្លូវភេទ ពេលខ្លះគាត់អត់មានជម្រើស។ អញ្ចឹងយើងចេះតែថាឱ្យគាត់ស្រី ខូចៗ ពាក្យស្រីខូចមួយម៉ាត់គឺនៅក្នុងខួរក្បាលគាត់ យើងគ្រប់គ្នាម្នាក់ៗនាំគ្នាឱ្យកំហុសគាត់»។
ក្នុងពេលថ្មីៗនេះទស្សនាវដ្តី Marie Claire បានធ្វើការស៊ើបអង្កេតរបស់ខ្លួនមួយទៅលើអត្ថបទរបស់ Newsweek ដោយទៅតាមស្វែងរកអ្នកដែលបានផ្តល់បទសម្ភាសមុនដល់ Newsweek ហើយទទួលបានសាច់រឿងមួយដែលខុសគ្នា។ សូម្បីមនុស្សដដែលដូចជាលោកថង រួន បានប្រាប់Marie Claireថាលោកស្រីម៉ម សុមាលី គឺជា«ក្មេងស្ងាត់ស្ងៀមនិងក្រៀមក្រំ» ក្នុងខណៈដែលលោកត្រូវបានNewsweek ដកស្រង់សម្តីថាជាក្មេង «សប្បាយ ស្អាតនិងចូលចិត្តចងសក់ទីទុយ»។
អត្ថបទរបស់Newsweek បានធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់លោកស្រីម៉ម សុម៉ាលីត្រូវប្រឡាក់ប្រឡូស។ ប៉ុន្តែលោកស្រីមិនបានឆ្លើយតបភ្លាមៗទេ។ លោកស្រីបញ្ជាក់ពីមូលហេតុនោះថា៖
«សម្រាប់ខ្ញុំការសំខាន់ជាងគេមិនមែនទៅតតាំងវាយមនុស្សគ្រប់គ្នាទេ។ ហេតុអ្វី ខ្ញុំត្រូវការវាយ? តាំងតែពីកើតមកខ្ញុំត្រូវគេវាយធ្វើបាបរហូត។ នេះទីមួយ ហើយទីពីរខ្ញុំគិតថាប្រជាជនគេមើលហើយថាតើអ្នកណាកុហកមែនទែន? អ្នកណានៅកំពុងធ្វើការរាល់ថ្ងៃ? ខ្ញុំកំពុងធ្វើការរាល់ថ្ងៃជាមួយក្មេងៗហើយខ្ញុំអត់ចង់ អត់ចូលចិត្តកែប្រែអ្វី ថាខ្លួនឯងល្អទេ។ ខ្ញុំចង់ឱ្យប្រជាជនមើលទៅបើថាល្អក៏ល្អ បើមិនថាល្អក៏ មិនធ្វើម៉េចទេ ខ្ញុំមិនអាច។ ខ្ញុំកើតមកមិនមែនឱ្យអ្នកទាំងអស់គ្នាស្រឡាញ់ខ្ញុំទេ គឺខ្ញុំកើតមកមានជីវិតជួយកូនៗដែលមានជីវិតដូចខ្ញុំ»។
តួអង្គដ៏ សំខាន់មួយទៀតដែលមានភាពប្រទាំងប្រទើសគឺនាងឡុង ប្រុស ហៅសូ ម៉ាណាដែលមានសេចក្តីរាយការណ៍ខុសគ្នាម្តងថានាងរបួសខូចភ្នែកដោយសារដុំសាច់ដុះក្នុងភ្នែកនិងសេចក្តីរាយការណ៍កន្លងមកថាគឺដោយសារមេបនវាយ។
លោកស្រី ម៉ម សុម៉ាលីនៅបន្តការពារនាង ឡុង ប្រុស៖
«ភ្នែកនិងរបួសនៅ ក្នុងផ្ទះបនត្រង់ថាមេបនគាត់ចាក់ឬមិនចាក់ប៉ុន្តែគាត់ជាជនរងគ្រោះ។ ខ្ញុំជាម្តាយ អ្វីដែលខ្ញុំឱ្យគាត់បានគឺក្តី ស្រឡាញ់»។
លោកស្រីម៉ម សុម៉ាលីបានលាលែងចេញពីមូលនិធិម៉ម សុម៉ាលី ដែលលោកស្រីបានចូលរួមបង្កើតក្នុងឆ្នាំ២០០៧។ នៅពេលដែលចោទសួរពីមូលហេតុដែលនាំឱ្យលាលែងនោះលោកស្រីបញ្ជាក់ថា៖
«បញ្ហាដែលខ្ញុំឈប់ពី មូលនិធិដោយសារតែខ្ញុំមិនយល់ស្រប។ មិនយល់ស្របដោយសារគេថាឱ្យខ្ញុំថាខ្ញុំទៅធ្វើជាស្រីពេស្សាចារដោយខ្លួនឯងផ្ទាល់។ អញ្ចឹងគេអត់បានថាជាស្ត្រីត្រូវគេបង្ខំទេ។ អញ្ចឹងគេអត់បានគិតពី អារម្មណ៍របស់យើង។ អត់បានដឹងពីប្រវត្តិរបស់យើងច្បាស់ទេ»។
មូលនិធិម៉ម សុម៉ាលីដែលមានស្នាក់ការនៅ ទីក្រុងញ៉ីវយ៉កបានបិទជាអចិន្ត្រៃយ៍នៅថ្ងៃទី៣០ខែកញ្ញា។
លោកស្រីបញ្ជាក់ថានៅមានម្ចាស់ជំនួយមួយចំនួនដែលនៅសហរដ្ឋអាមេរិកនិងអូស្រ្តាលីនៅបន្តលើកទឹកចិត្តដល់គាត់ឱ្យបន្តការងារនេះតទៅទៀត។
«ខ្ញុំសូមជម្រាបលោកថាជីវិតខ្ញុំឆ្លងកាត់ច្រើនណាស់ ពេលខ្លះខ្ញុំពិតជាចង់សុំសីលមែនណា ចង់នៅ ស្ងៀមស្ងាត់។ ខ្ញុំហត់មែន។ ប៉ុន្តែដោយសារមានការលើកទឹកចិត្តពី ពួកគាត់បានខ្ញុំមានជំហរឈរឡើងវិញ»។
សម្រាប់សកម្មជនប្រឆាំងនឹងការជួញដូរផ្លូវភេទរូបនេះការស្ថិតនៅក្នុងប្រទេសឱ្យបានច្រើនដើម្បីផ្តោតលើការងារប្រចាំថ្ងៃនៅអង្គការអាហ្វេស៊ីបដែលលោកស្រីនិងអតីតស្វាមីជាតិបារាំងបានបង្កើតនៅ ឆ្នាំ១៩៩៦ គឺជាអ្វីដែលលោកស្រីយល់ថាត្រូវកែប្រែដោយបានរៀនសូត្រពីបទពិសោធន៍កន្លងមក៕