នៅថ្ងៃសៅរ៍នេះ ក្រុមបាតុករក្លៀវក្លារាប់ពាន់នាក់ដើរតាមវិថីនានាក្នុងក្រុង Harare ទាមទារឱ្យប្រធានាធិបតី Robert Mugabe នៃប្រទេសស៊ីមបាវ៉េចុះចេញពីតំណែង។ ពួកគេកាន់បដាដែលមានសរសេរថា «Mugabe ត្រូវចុះចេញពីតំណែង!» និងថា «មិនមែនជារដ្ឋប្រហារទេ ក៏ប៉ុន្តែជាការធ្វើឱ្យស្ថានការណ៍ត្រជាក់»។
កងយោធាដែលបានបញ្ឈប់បាតុកម្មបែបនេះកាលពីអតីតកាលនៅក្នុងរដ្ឋធានីនៃប្រទេសស៊ីមបាវ៉េ នៅពេលនេះបាននាំផ្លូវក្រុមបាតុករទៅកាន់កន្លែងមួយមានឈ្មោះថា Zimbabwe Grounds ដែលនៅទីនោះពួកសកម្មជន អ្នកនយោបាយនិងពួកអតីតយុទ្ធជនដើម្បីសេរីភាពមួយចំនួននឹងថ្លែងសុន្ទរកថាអំពាវនាវឱ្យប្រធានាធិបតី Mugabe ចុះចេញពីតំណែង។
Zimbabwe Grounds ជាកន្លែងនិមិត្តរូបមួយ គឺនៅទីនោះហើយដែលប្រជារាស្ត្រ ស៊ីមបាវ៉េ បានស្វាគមន៍លោក Mugabe នៅពេលលោកបានវិលត្រឡប់មកពីការនិរទេសខ្លួននៅឯប្រទេសក្រៅកាលពីឆ្នាំ១៩៨០នៅក្រោយសង្គ្រាមរំដោះពីការគ្រប់គ្រងដោយពួកជនអំបូរភាគតិចស្បែកស។
មានការធ្វើបាតុកម្មនៅក្នុងក្រុងឯទៀតៗនៅទូទាំងប្រទេស Zimbabwe ដែរដែលអំពាវនាវឱ្យមានការបញ្ចប់ការគ្រប់គ្រងប្រទេសដោយលោក Mugabe។
គេរាយការណ៍ថាលោក Mugabe ដែលមានអាយុ៩៣ឆ្នាំបានទប់ទល់នឹងការទាមទារពីកងទ័ព ពួកសមាជិកនៃគណបក្ស ZANU-PF របស់លោកផ្ទាល់និងពួកសកម្មជននយោបាយឱ្យលោកចុះចេញពីតំណែងនៅក្រោយលោកបានកាន់អំណាច៣៧ឆ្នាំមកហើយនោះ។