ក្រុមអ្នកតវ៉ាប្រឆាំងនឹងអ្នកកាន់សាសនាឥស្លាម និងអន្តោប្រវេសន៍ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗមួយចំនួននៅអឺរ៉ុបកាលពីថ្ងៃសៅរ៍ ដែលមានពេលខ្លះបានប៉ះទង្គិចជាមួយនឹងប៉ូលិស ឬក្រុមអ្នកធ្វើបាតុកម្មមួយក្រុមទៀតដែលប្រឆាំងនឹងពួកគេ ខណៈពេលដែលមានការកើនឡើងនូវភាពតានតឹងជុំវិញការកើនឡើងចំនួនអ្នកសុំសិទ្ធិជ្រកកោនយ៉ាងច្រើនទៅកាន់ទ្វីបអឺរ៉ុបនេះ។
ក្រុមប៉ូលិសបង្ក្រាបបាតុកម្មបានប៉ះទង្គិចជាមួយនឹងក្រុមអ្នកតវ៉ាប្រឆាំងនៅទីក្រុងអាំស្ទែដាំ (Amsterdam) ខណៈដែលអ្នកគាំទ្រក្រុម PEGIDA ដែលប្រឆាំងនឹងអ្នកដែលកាន់សាសនាឥស្លាម ព្យាយាមធ្វើការតវ៉ាលើកដំបូងរបស់ពួកគេនៅរដ្ឋធានីក្នុងប្រទេសហូឡង់។ ដោយមានអ្នកគាំទ្រ PEGIDA តែ២០០នាក់ប៉ុណ្ណោះដែលមានវត្តមាននៅទីនោះ ដែលចំនួនប៉ូលិសដែលចុះបង្រ្កាបមានច្រើនជាងនេះ ហើយក្រុមអ្នកតវ៉ាឆ្វេងនិយមបានស្រែកថា «ជនភៀសខ្លួនត្រូវបានគេស្វាគមន៍ ហើយអ្នកកាន់របបហ្វាស៊ីសមិនត្រូវបានគេស្វាគមន៍នោះទេ»។
ក្រុមប៉ូលិសបង្ក្រាបបាតុកម្មរបស់ហូឡង់បានឃុំខ្លួនមនុស្សមួយចំនួន ខណៈដែលក្រុមប៉ូលិសជិះសេះបានធ្វើអន្តរាគមន៍បំបែកក្រុមអ្នកតវ៉ាទាំង២ក្រុម។ នៅពុំទាន់មានព័ត៌មានច្បាស់ការ ថាតើមនុស្សចំនួនប៉ុន្មាននាក់ត្រូវបានគេឃុំឃាំងនៅឡើយទេ។ យោងតាមអង្គការឯករាជ្យ Durchgezaehlt នៅប្រទេសអាល្លឺម៉ង់ មានមនុស្សចំនួន៨០០០នាក់បានប្រមូលផ្តុំនៅក្នុងក្រុង Dresden។ អង្គការនោះបានឲ្យដឹងថា មនុស្សប្រហែល៣៥០០នាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងដែលគាំទ្រការទទួលយកជនភៀសខ្លួន ដែលស្ថិតនៅផ្នែកម្ខាងទៀតនៃទន្លេ Elbe ដែលបែងចែកទីក្រុងនោះជា២។
ពុំមានសេចក្តីរាយការណ៍ថា មានគ្រោះថ្នាក់អ្វីកើតឡើងនៅក្នុងហេតុការណ៍នោះឡើយ។
នៅទីក្រុង Calais ប្រទេសបារាំង ប៉ូលិសបានបំបែកក្រុមបាតុករដែលតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីមានការប៉ះទង្គិចជាមួយនឹងក្រុមអ្នកតវ៉ា និងឃុំខ្លួនអ្នកតវ៉ាស្តាំនិយមមួយចំនួន។
មនុស្សប្រមាណ១៥០នាក់មកពីក្រុម PEDIGA ដែលប្រឆាំងនឹងអ្នកកាន់សាសនាឥស្លាម និងអន្តោប្រវេសន៍ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ដោយបានស្រែកថា «យើងមិនគួរឲ្យទីក្រុង Calais ស្លាប់នោះទេ»៕